មនុស្សត្រូវការលំហាត់ប្រាណ ចំបាច់ដើម្បីឲ្យមានសុខភាពល្អ។ លើសពីការប្រកួតប្រជែងតាមសមត្ថភាពបច្ចេកទេសកាយសម្បទា និងប្រាជ្ញាស្មារតី សកម្មភាពកីឡា ដើរតួជាទូតពង្រឹងចំណងមិត្តភាពរវាងមនុស្សនិងមនុស្ស រវាងប្រទេសនិងប្រទេស។ ពលរដ្ឋ ជាច្រើននៅកម្ពុជា បានបង្កើតសកម្មភាពកីឡាមហាជន ដើម្បីបង្ហាញទៅអន្ដរជាតិថាកម្ពុជា ស្រឡាញ់សន្ដិភាព និងត្រូវការសន្ដិភាព។
បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានចាប់ផ្ដើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា តែងតែព្យាយាមដោះស្រាយ ដោយជំរុញឲ្យថៃ ឡើងមកតតាំងតាមផ្លូវច្បាប់នៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ប៉ុន្ដែ ថៃបដិសេធ ហើយបន្ដឈ្លោះជាមួយកម្ពុជា ខ្លាំងឡើងៗ។ លុះចូលដល់ថ្ងៃទី២៤ កក្កដា យោធាថៃ បានបាញ់មកលើកងទ័ពកម្ពុជា រហូតដល់យប់ថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា ទើបឈប់ផ្ទុះអាវុធ បន្ទាប់ពីភាគីទាំង២ ទទួលយកបទឈប់បាញ់។
ប្រទេសទូទាំងពិភពលោក មិនគាំទ្រទេ ក្នុងការនាំយកវិស័យកីឡាទៅពាក់ព័ន្ធជាមួយនយោបាយ ដែលបង្ហាញពីការើសអើងជាតិសាសន៍ ពណ៌សម្បុរ និងសាសនា។ ដោយឡែក ប្រសិនជាប្រទេសមានសង្គ្រាម មិនមានស្ថិរភាព តើវិស័យកីឡាគ្រប់ប្រភេទអាចវិវឌ្ឍទៅល្អដែរឬទេ?
ទន្ទឹមពេល រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់អន្ដរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ពលរដ្ឋ ដែលជាអ្នកលេងកីឡាមួយចំនួន បានចូលរួមចំណែកជាកម្លាំងគាំទ្រ ដោយបានបង្កើតសកម្មភាពកីឡា ដូចជាការប្រមូលផ្ដុំគ្នារត់កម្សាន្ដ និងការប្រកួតបាល់ទាត់មិត្តភាព ដោយបានភ្ជាប់មកនូវពាក្យថា«កម្ពុជា ត្រូវការសន្ដិភាព» «Cambodian Needs Peace»។ នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋកម្ពុជា មិនគាំទ្រសង្គ្រាមឡើយ ផ្ទុយទៅវិញសកម្មភាពនេះ គឺធ្វើឡើងដើម្បីឲ្យពិភពលោក និងសហគមអន្ដរជាតិ បានឃើញពីឆន្ទៈរបស់កម្ពុជា ដែលចង់បានសន្ដិភាពយ៉ាងពិតប្រាកដ។
សាលារៀនចំនួន ៣២០ ត្រូវបានបិទទ្វារ។ ប្រជាជនបែកបាក់គ្រួសារ និងផ្ទះសំបែង។ កុមារ មិនបានចូលសិក្សា។ រូបភាពទាំងនេះ ជាផលវិបាកនៃសង្គ្រាម។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹកនៅកម្ពុជាមាន ១៧២ ០៩៤នាក់។ បើតាមរបាយការណ៍ពីលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅខេត្តឧត្តរមានជ័យមានជនភៀសសឹក ៣៩ ៥៤៦នាក់, ព្រះវិហារ មាន៣៤ ៥៥៨នាក់, បន្ទាយមានជ័យ មាន៣៥ ០៥៧នាក់, ពោធិ៍សាត់ មាន ៣ ០២៦នាក់ និងខេត្តសៀមរាបមាន៦១ ៩០៧នាក់៕
ប្រភព៖ THMEYTHMEY