ក្រុមកីឡាការិនីបាល់ទាត់កម្ពុជា បានចាញ់ក្រុមនារីថៃ លទ្ធផល៧-០ ក្នុងពូល A នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 កាលពីថ្ងៃទី៩ សីហា នៅកីឡដ្ឋាន Lach Tray ក្នុងប្រទេសវៀតណាម។ ក្រុមកីឡាការិនីកម្ពុជា អស់ឱកាសទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបរាជ័យ ២ប្រកួតជាប់គ្នា។
ក្នុងពូល A នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 ថៃ និងវៀតណាម ជាក្រុមដែលបានកក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈកម្ពុជា និងឥណ្ឌូណេស៊ី ជាក្រុមរួមពូល ធ្លាក់ចេញត្រឹមវគ្គនេះ។
កម្ពុជា បានបរាជ័យ ២ប្រកួតជាប់គ្នា ដោយប្រកួតទី១ ចាញ់វៀតណាម លទ្ធផល៦-០ កាលពីថ្ងៃទី៦ សីហា និងប្រកួតទី២ ចាញ់ថៃ លទ្ធផល ៧-០ កាលពីថ្ងៃទី៩ សីហា។ រីឯ ឥណ្ឌូណេស៊ី ក៏បរាជ័យទាំង២ប្រកួតដូចជាកម្ពុជាដែរ ដោយចាញ់ថៃ លទ្ធផល៧-០ និងចាញ់វៀតណាម លទ្ធផល៧-០។
ក្រុមកម្ពុជា នឹងត្រូវប្រកួតជាមួយឥណ្ឌូណេស៊ី នៅថ្ងៃទី១២ សីហា ឆ្នាំ២០២៤ ខណៈ វៀតណាម ត្រូវស្វាគមន៍ ថៃ។
ចំណែកពូល B ដែលមានហ្វីលីពីន មីយ៉ាន់ម៉ា អូស្ដ្រាលី និងទីម័រខាងកើត ពូលនេះ មិនទាន់រកឃើញក្រុម ឡើងទៅវគ្គបន្ទាប់ឡើយ។ នៅថ្ងៃទី១០ សីហា ទីម័រខាងកើត ត្រូវប្រកួតជាមួយ ក្រុមកីឡាការិនីមីយ៉ាន់ម៉ា ចំណែកអូស្ដ្រាលី ត្រូវជួបជាមួយក្រុមកីឡាការិនីហ្វីលីពីន។
បច្ចុប្បន្ន ហ្វីលីពីន នៅចំណាត់ថ្នាក់លេខ១ ដោយមាន ៣ពិន្ទុ ស្មើគ្នាជាមួយ មីយ៉ាន់ម៉ា ដែលឈរនៅចំណាត់ថ្នាក់លេខ២។ ចំណែកលេខ៣ អូស្ដ្រាលី នៅចំណាត់ថ្នាក់លេខ៣ និងទីម័រខាងកើត នៅចំណាត់ថ្នាក់លេខ៤ មិនទាន់មានពិន្ទុ ដូចគ្នា៕
ប្រភព៖ THMEYTHMEY