មុនជួបគ្នាស្អែក គ្រូក្រុម Kasuka ចាត់ទុក ភ្នំពេញក្រោន ជាក្រុមកំពូលមួយនៅ កម្ពុជា

គ្រូបង្វឹករបស់ក្រុម Kasuka FC លោក Haji Halimi បានចាត់ទុកក្រុម ភ្នំពេញក្រោន ជាក្រុមកំពូលមួយរបស់ កម្ពុជា មុនជួបគ្នាថ្ងៃស្អែកទី ១២ ខែ សីហា ឆ្នាំ ២០២៥ ក្នុងការប្រកួតវគ្គជម្រុះ (playoff) ពាន AFC Challenge League។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃ ចន្ទ ទី ១១ ខែ សីហា ឆ្នាំ ២០២៥ នេះ លោក Haji Halimi បានមានប្រសាសន៍ថា៖ «ពួកយើងបានសិក្សាខ្លះៗអំពី ភ្នំពេញក្រោន។ ពួកយើងដឹងថា ភ្នំពេញក្រោន ជាក្រុមដ៏ធំមួយនៅក្នុងប្រទេស កម្ពុជា។ ខ្ញុំគិតថា ពួកគេគឺជាក្រុមលំដាប់កំពូលទាំង ៤ ប្រចាំកម្ពុជា។ ខ្ញុំដឹងថា ពួកគេបានឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន មែនអត់? ដូច្នេះពួកយើងបានសិក្សាខ្លះអំពីរបៀប ដែលពួកគេលេង»

លោក Haji Halimi បានមានប្រសាសន៍បន្តថា៖ «វាគឺមានប្រយោជន៍មួយចំនួនសម្រាប់ក្រុម Kasuka ទាំងមូល។ ដូច្នេះពួកយើងសង្ឃឹមថា ពួកយើងនឹងទទួលបានការប្រកួតដ៏ល្អមួយទល់នឹង ភ្នំពេញក្រោន។ ពិតមែនហើយ នរណាក៏ចង់ឈ្នះការប្រកួតនៅថ្ងៃស្អែកដែរ»

តាមរយៈការលើកឡើងខាងលើ លោក Haji Halimi បានបង្ហើបថា លោកបានសិក្សាខ្លះៗរួចរាល់ហើយអំពី ភ្នំពេញក្រោន។ លោកបានស្គាល់ ភ្នំពេញក្រោន ជាក្រុមធំលំដាប់កំពូលទាំង ៤ មួយប្រចាំលីគកំពូល កម្ពុជា ហើយលោកដឹងទៀតថា កាលពីរដូវកាលមុន ពួកគេទើបតែបានឈ្នះពានសម្តេច ហ៊ុន សែន។ ការប្រកួតថ្ងៃស្អែក ក្រុមរបស់លោកនឹងប្រឹងប្រែងធ្វើឱ្យបានល្អ ដើម្បីយកឈ្នះ ដណ្តើមកៅអីឡើងទៅកាន់វគ្គចែកពូលនៃពាន AFC Challenge League។

គួរបញ្ជាក់ជាថ្មីថា ការប្រកួតរវាង Kasuka FC និង ភ្នំពេញក្រោន នឹងធ្វើឡើងនៅថ្ងៃទី ១២ ខែ សីហា ស្អែកនេះវេលាម៉ោង ៧:១៥ នាទីល្ងាចតទៅ នៅកីឡដ្ឋាន Hassanal Bolkiah ក្នុងប្រទេស ប្រ៊ុយណេ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top