គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរអង្គរ នៅថ្ងៃទី៣១ ខែសីហា បន្ទាប់ពីបានលើកពេលកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៥។
ការរៀបចំព្រឹត្តិការណ៍នេះឡើងវិញរំលេចសារដ៏សំខាន់ដល់ពិភពលោកឲ្យបានឃើញពីសារសំខាន់នៃសុខសន្តិភាព និងសុខទុក្ខរបស់កងកម្លាំងការពារជួរមុខ ព្រមទាំងជនភៀសសឹក។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ ថា គោលបំណងសំខាន់៣ដែលព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរអង្គររៀបចំនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥។
ទី១ រៀបចំឡើងដើម្បីសុខសន្តិភាព ទី២ ដើម្បីការពារសម្បត្តិបេតិភ័ណ្ឌពិភពលោក និងទី៣ដើម្បីរួមចំណែកជួយដល់កម្លាំងកងទ័ពដែលកំពុងឈរជើងនៅជួរមុខ និងជនភៀសសឹក។ លោកបានលើកឡើងថា ៖«យើងរៀបចំនេះឡើងដើម្បីសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ពីររត់ដើម្បីការពារបេតិកភ័ណ្ឌមនុស្សជាតិដែលកំពុងត្រូវបានខូចខាត និងបី រត់ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរជនកងទ័ពរបស់យើង និងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកពីជម្លោះព្រំដែន។ ខ្លឹមសារទាំង៣សំខាន់នេះគឺមិនមែនចេះដាក់ទេ ប៉ុន្តែសុទ្ធតែទទួលបានការណែនាំពីថ្នាក់ដឹកនាំដើម្បីសារឲ្យពិភពលោកបានឃើញ»។
ជាមួយគ្នានេះ លោក សែម ផល្លា នាយករៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា បានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ។ ជាពិសេសសូមបងប្អូនកុំមានការព្រួយបារម្ភអ្វីទាំងអស់ ពីព្រោះគណៈកម្មការរៀបចំការប្រកួត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានរៀបចំយ៉ាងល្អដើម្បីធានាដល់អ្នកចូលរួមទទួលបានភាពកក់ក្តៅ និងសុខសុវត្ថិភាព។
លោក សែម ផល្លា បានសង្កត់ធ្ងន់ថា ៖«ដូចបានដឹងហើយគឺយើងរៀបចំដើម្បីសុខសន្តិភាព ដើម្បីការពារសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងដើម្បីជួយដល់កម្លាំងជួរមុខ ជនភៀសសឹក។ ការចូលរួមរបស់បងប្អូនប្រៀបដូចជារួមចំណែកបញ្ជាក់ឲ្យឃើញពីប្រទេសជាតិមានសុខសន្តិភាព។ រួមគ្នាថែរក្សាការពារសម្បត្តិបេតិកភ័ណ្ឌពិភពលោកដែលកំពុងរងការខូចខាតពីជម្លោះព្រំដែន ហើយក៏ជាការចូលរួមលើកទឹកចិត្ត បំផុសស្មារតី និងថវិកាដល់ព្រឹត្តិការណ៍ដែលស្វះស្វែងរកមូលនិធិជួយដល់កម្លាំងការពារតំបន់ជួរមុខ និងជនភៀសសឹក»។
លោកបានទទួចថា សូមបងប្អូនចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករ និងសូមកុំមានអារម្មណ៍ភិតភ័យដោយប្រការណាមួយ ប៉ុន្តែផ្ទុយទៅវិញ ការចូលរួមគឺជាកម្លាំងរួមចំណែកជួយដល់ប្រទេសជាតិស្វែងរកសុខសន្តិភាព។
តាមការឲ្យដឹងពីលោក សែម ផល្លា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥ នៅមុខប្រាសាទអង្គរវត្តនឹងរំលេចសារសំខាន់ៗទាំងភាសាខ្មែរ និងភាសាអង់គ្លេសដើម្បីឲ្យពិភពលោកឃើញពីកម្ពុជាត្រូវការសុខសន្តិភាព។
សូមបញ្ជាក់ថា ការចុះឈ្មោះចូលរួមបន្តបើករហូតដល់សប្តាហ៍ទី៤ ពោលគឺចុងខែសីហានេះតែម្តងដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែរ និងជនបរទេសចូលរួមឲ្យបានច្រើន។ ចំនួនអ្នកចុះឈ្មោះចាស់ដែលមានស្រាប់គឺប្រជាពលរដ្ឋខ្មែរប្រមាណ ៣០០០នាក់ និងជនបរទេស ប្រមាណ ១០០០នាក់ ដែលនឹងចូលរួមរត់នេះ៕
ប្រភព៖ KAMPUCHEATHMEY