CPL ប្រមូលបានថវិកា ៧៦លានរៀល ជួយជនភៀសសឹកកម្ពុជា

ក្រុមហ៊ុនលីគកំពូលកម្ពុជា Cambodian Premier League (CPL) នឹងយកថវិកា ៧៦លានរៀល ដែលមូលនិធិ CPL Care Foundation ជួយដលជនភៀសសឹកកម្ពុជា នៅខេត្តឧត្តរមានជ័យ និងសៀមរាប នៅថ្ងៃទី១៣-១៤ សីហា ឆ្នាំ២០២៥។ ថវិកានេះ គឺបានមកពីការលក់សំបុត្រក្នុងការប្រកួតពានស៊ូភើខាប់ និងការបរិច្ចាគនានាពីសប្បុរសជន អ្នកគាំទ្របាល់ទាត់។

ក្នុងចំណោមថវិកាសរុប ៧៦លានរៀល ក្នុងនោះបានមកពីប្រាក់ចំណូលពី CPL ក្នុងការលក់សំបុត្រក្នុងការប្រកួតខេមបូឌានស៊ូភើខាប់ ៨,០០០ដុល្លារ ពីការបរិច្ចាគប្រាក់ចំណូលពីការលក់ផលិតផលក្នុងថ្ងៃប្រកួតចំនួន ៨,០០០ដុល្លារ និងប្រាក់រង្វាន់ជ័យលាភី របស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ចំនួន ៣,០០០ដុល្លារ។ CPL នឹងយកថវិកានេះ ទិញជាគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ ដូចជា៖ តង់, មុង, ភួយ, ធូបមុស, អង្ករ, មី, នុំសម្រាប់កូនក្មេង, ទឹកសុទ្ធ, ភេស្ជជៈ និងសាច់ក្រៀម មួយចំនួនធំ ព្រមជាមួយនឹងបាល់ ៣០០ ទៅ ៤០០គ្រាប់សម្រាប់អោយក្មេងៗលេងនៅទីតាំងភៀសសឹក។

ជំនួយឧបត្ថម្ភនោះ នឹងត្រូវទៅជួយដល់ជនភៀសសឹក ដែលស្ថិតនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។ CPL នឹងចាប់ផ្ដើមបេសកកម្មនេះ ចំនួន២ថ្ងៃ គឺថ្ងៃទី១៣-១៤ សីហា ឆ្នាំ២០២៥។

លោក ខេង សុខហេង ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុន CPL សង្កេតឃើញថា ទោះជាស្ថិតក្នុងកាលៈទេសៈ ដ៏លំបាកនេះ អ្នកគាំទ្រកម្ពុជា បានលះបង់ទាំងពេលវេលា មកគាំទ្របាល់ទាត់ផង ហើយក៏បានបង្ហាញពីក្ដីព្រួយបារម្ភ ដល់ជនភៀសសឹក ដែលជាប្រជាជនខ្មែររួមជាតិសាសន៍តែមួយ។ 

ប្រធានផ្នែកផ្សព្វផ្សាយរូបនេះ បានប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួនថា៖«ខ្ញុំ ពិតជាអាណិតដល់បងប្អូនកម្ពុជា ដែលត្រូវជម្លាសពីលំនៅឋានរបស់ខ្លួន មករកទីសុវត្ថិភាព។ ខ្ញុំ ក៏សប្បាយរីករាយ នៅពេលដែលអ្នកគាំទ្របាល់ទាត់ បានខិតខំគាំទ្រការប្រកួត ទោះស្ថិតក្នុងកាលទេសបែបណាក៏ដោយ។ សម្រាប់ការគាំទ្រ ក៏ជាផ្នែកមួយជួយដល់បងប្អូនជនភៀសសឹកយើងផងដែរ ព្រោះថវិកា ដែលពួកគាត់ចំណាយទិញសំបុត្រ ត្រូវបានបរិច្ចាគមកកាន់បងប្អូនជនភៀសសឹកទាំងអស់។»។

បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានចាប់ផ្ដើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា តែងតែព្យាយាមដោះស្រាយ ដោយជំរុញឲ្យថៃ ឡើងមកតតាំងតាមផ្លូវច្បាប់នៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ប៉ុន្ដែ ថៃបដិសេធ ហើយបន្ដឈ្លោះជាមួយកម្ពុជា ខ្លាំងឡើងៗ។ លុះចូលដល់ថ្ងៃទី២៤ កក្កដា យោធាថៃ បានបាញ់មកលើកងទ័ពកម្ពុជា រហូតដល់យប់ថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា ទើបឈប់ផ្ទុះអាវុធ បន្ទាប់ពីភាគីទាំង២ ទទួលយកបទឈប់បាញ់។

គួរបញ្ជាក់ផងដែរថា ដោយសារបញ្ហាជម្លោះព្រំដែននេះ សាលារៀនចំនួន ៣២០ ត្រូវបានបិទទ្វារ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹកនៅកម្ពុជាមាន ១៧២ ០៩៤នាក់។ បើតាមរបាយការណ៍ពីលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ  នៅខេត្តឧត្តរមានជ័យមានជនភៀសសឹក ៣៩៥៤៦នាក់, ព្រះវិហារមាន ៣៤៥៥៨នាក់, បន្ទាយមានជ័យ មាន៣៥០៥៧នាក់, ពោធិ៍សាត់ មាន ៣០២៦នាក់ និងខេត្តសៀមរាបមាន ៦១៩០៧នាក់៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top