ឆ្លៀតពីកាតព្វកិច្ចបាល់ទាត់ កែវ ចាន់ណា ប្រឹងមើលមេរៀនដើម្បីសម្រេចបំណងប្រឡងជាប់បាក់ឌុប

ទោះរវល់ក្នុងក្រុមកីឡាការិនីជម្រើសជាតិបាល់ទាត់កម្ពុជា កែវ ចាន់ណា បានដាក់គោលដៅយកនិទ្ទេសល្អ ក្នុងការរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥។ ដើម្បីសម្រេចបំណងក្នុងសាលារយៈពេល១២ឆ្នាំ យុវតីវ័យ១៩ឆ្នាំ បានឆ្លៀងពេលពីការហ្វឹកហាត់ទាំងជម្រើសជាតិ និងក្លិបផង ដើម្បីប្រឹងប្រែងមើលមេរៀនបំប៉នបន្ថែម។

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ពីថ្ងៃទី២៨ ដល់២៩ ខែសីហា។ ស្ថិតក្នុងឆ្នាំប្រឡង កីឡាករ-ការិនី មួយចំនួនក៏ជាប់ភារកិច្ចហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិផងដែរ។ 

យុវតី កែវ ចាន់ណា គឺជាកីឡាការិនីមួយរូប ក្នុងក្លិបបាល់ទាត់សៀមរាប។ កីឡាការិនីរូបនេះ នឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នេះ។ កីឡាការិនីបាល់ទាត់កម្ពុជាអាយុក្រោម ១៩ឆ្នាំរូបនេះ បានត្រៀមលក្ខណៈ ក៏ដូចជាប្រឹងប្រែងរៀនសូត្រ សម្រាប់ការប្រឡងនេះ ពោលគឺមានផែនការរៀនសូត្រដើម្បីសម្រេចយកនិទ្ទេសល្អច្រើនឆ្នាំមកហើយ។

ដោយឡែក ក្នុងឆ្នាំ២០២៥នេះ ចាន់ណា មានភារៈធំៗជាមួយក្រុមជម្រើសជាតិ ដល់ទៅ ៣លើក ដែលជាហេតុ តម្រូវឲ្យ នាង ត្រូវបែងចែកពេលវេលាមួយចំនួន ដើម្បីហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ និងរៀនបំប៉នត្រៀមប្រឡង។ កែវ ចាន់ណា បានចូលរួមប្រកួតជាមួយក្រុមនារីអាយុក្រោម ១៩ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ Asean U-19 Girls’ Championship នៅប្រទេសវៀតណាម ហើយបានចូលរួមជាមួយក្រុមនារីឈុតធំកម្ពុជា ក្នុងការប្រកួត AFC Women’s Asian Cup Australia 2026 នៅកម្ពុជា និងបានចូលរួមជាមួយក្រុមកីឡាការិនីអាយុក្រោម ២០ឆ្នាំ ក្នុងព្រឹត្តិការណ៍ AFC U-20 Women’s Asian Cup Qualifiers នៅប្រទេសចិន ផងដែរ។ ក្រៅពីមានភារៈកិច្ចចូលរួមជាមួយក្រុមជម្រើសជាតិហើយ កីឡាការិនីរូបនេះ ក៏ត្រូវប្រឹងហាត់ជាមួយក្រុមបាល់ទាត់សៀមរាបសម្រាប់ការប្រកួតពានរង្វាន់លីគនារីកម្ពុជា ឆ្នាំ២០២៥ ផងដែរ។

កែវ ចាន់ណា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ​ថា ទោះជាត្រូវចែកពេលវេលាហ្វឹកហាត់ និងសិក្សាផង ក៏រូបខ្លួនត្រូវបន្ថែមការប្រឹងប្រែងទ្វេដង ព្រោះទាំងកីឡា និងការសិក្សា សុទ្ធតែសំខាន់ដូចគ្នា។ អ្វី ដែលជាកង្វល់នោះ គឺ ចាន់ណា មិនសូវមានពេលគ្រប់គ្រាន់ក្នុងការសិក្សាបំប៉នខាងក្រៅ។

«សម្រាប់ខ្ញុំ អាចពិបាកព្រោះពេលខ្ញុំមានភារៈត្រូវចូលរួចប្រកួតជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ។ ខ្ញុំពិបាកព្រោះអាចថាកៀកថ្ងៃដែលខ្ញុំត្រូវប្រឡងបាក់ឌុបដែរ។ រឿងបែងចែកពេលវេលាអត់សូវបានរលូនទេ។ ពេលខ្ញុំមានការហ្វឹកហាត់ផង ត្រូវមានភារកិច្ចចូលរួមប្រកួតជម្រើសជាតិផង ពិបាកនឹងមើលមេរៀនសម្រាប់ត្រៀមប្រឡងឆ្នាំនេះ។ តែនៅពេលខ្ញុំមានការហ្វឹកហាត់ ឬ ប្រកួតហើយ ខ្ញុំអាចមានពេលខ្លះៗមើលមេរៀនត្រៀមប្រឡងដែរ។»។

តាមការបញ្ជាក់ពីកីឡាការិនីវ័យ ១៩ឆ្នាំរូបនេះ កីឡាការិនី មិនមើលងាយគូប្រកួត ឡើយទោះជាគូប្រកួតខ្សោយជាង ក៏ដោយ ប៉ុន្ដែអ្វីដែលសំខាន់ គឺត្រូវប្រឹងប្រែងលេងឲ្យបានល្អ និងត្រូវសហការគ្នាឲ្យល្អជាមួយមិត្តរួមក្រុម។ ចំណែកឯការប្រឡង បេក្ខជន ត្រូវត្រៀមលក្ខណៈ និងប្រើប្រាស់ចំណេះវិជ្ជា ដែលមានបានសិក្សាអស់រយៈ ១២ឆ្នាំកន្លង។

ចាន់ណា បានប្រាប់ថា៖«នៅពេលមានការប្រកួត យើងត្រូវត្រៀមខ្លួនមុន ទោះបីយើងត្រូវប៉ះក្រុមខ្លាំងឬខ្សោយក៏មិនត្រូវមើលងាយ ឬវាយតម្លៃទៅលើគូរប្រកួត ហើយតាំងចិត្តថាត្រូវលេងឲ្យបានល្អ ដើម្បីជាតិយើង។ ពេលប្រឡង ខ្ញុំតាំងចិត្តខ្លួនឯងថាត្រូវប្រឡងជាប់ព្រោះខំរៀន ១១ឆ្នាំមកហើយ ទោះបីឆ្នាំ ១ឆ្នាំចុងក្រោយនេះ ខ្ញុំ មិនសូវបានរៀនច្រើនក៏ដោយតែក៏ប្ដេជ្ញាចិត្តនឹងត្រៀមខ្លួនប្រឡងឲ្យបានល្អ។»។

ដោយសារតែមមាញឹកក្នុងអាជីពបាល់ទាត់ផង និងការប្រឡងកាន់តែកៀកថ្ងៃផង យុវតី កែវ ចាន់ណា រំពឹងតែ ៧០ភាគរយប៉ុណ្ណោះ ក្នុងការបាននិទ្ទេស D ពីការប្រឡងមធ្យមសិក្សាទុតិយភូមិ។

«សម្រាប់ខ្ញុំ ៧០ភាគរយ សង្ឃឹមជាប់ និទ្ទេសចង់បាន D សម្រាប់ខ្ញុំជាអ្នកលេងកីឡា ព្រោះមិនហ៊ានរំពឹងពេកទេ។»។ យុវតី កែវ ចាន់ណា បានប្រាប់ដូច្នេះ៕

ប្រភព៖THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top