ទោះចាញ់ Arsenal តែលោក Amorim ជឿថា Man Utd មានសមត្ថភាពយកឈ្នះក្រុមទាំងអស់នៅ EPL

Manchester United ចាញ់ Arsenal លទ្ធផល ១-០ ក្នុងការប្រកួតបើកឆាកលីគកំពូលអង់គ្លេស Premier League នៅយប់ថ្ងៃទី១៧ ខែសីហា។​ ទោះរបូត៣ពិន្ទុ នៅ Old Trafford តែលោក Ruben Amorim នៅតែមានជំនឿថា ការកសាងក្រុមរបស់ខ្លួន ធ្វើឱ្យបិសាចក្រហមមានសមត្ថភាពអាចផ្តួលក្រុមដទៃទាំងអស់ នៅ Premier League នៅពេលនេះ។

ជំនួបបើកឆាក Premier League របស់ក្លិបរហស្សនាមបិសាចក្រហម ដែលមានលោក Amorim វ័យ ៤០ឆ្នាំ អ្នកចាត់ការទូទៅ បានបង្ហាញទម្រង់លេងគួរឱ្យភ្ញាក់ផ្អើល តាមរយៈការវាយសម្រុក និងគ្រប់គ្រងការប្រកួតខ្លាំង ទៅលើ Arsenal។ នេះបង្ហាញថា​ Man Utd បានទម្លាក់ចោលរឿងរ៉ាវអាក្រក់របស់ខ្លួនរួចរាល់ ហើយផ្តោតលើប្រព័ន្ធលេងល្អៗ ដើម្បីប្រជែងជើងឯកនៅរដូវកាលថ្មី។

កីឡាករ Riccardo Calafiori តែតបាល់បញ្ចូលទី១គ្រាប់ និងជាគ្រាប់ជ័យជម្នះសម្រាប់ Arsenal។ គ្រាប់បាល់នេះកើតឡើង ដោយសារខ្សែការពារ Gabriel របស់ Arsenal បានទៅរំខានអ្នកចាំទី Altay Bayindir របស់ Man Utd រហូតគេបង្កកំហុស ធ្វើឱ្យរបូតគ្រាប់បាល់ទៅដោយងាយស្រួល។ ទោះចាញ់ការប្រកួតក្តី ប៉ុន្តែអ្នកគាំទ្រក្លិបបិសាចក្រហម និងគ្រូបង្វឹក បានមើលឃើញពីភាពវិជ្ជមាន និងការអភិវឌ្ឍដ៏ល្អរបស់ក្រុមខ្លាំងឡើងវិញ។

អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ បាននិយាយអំពីទម្រង់លេងកូនក្រុមដូច្នេះថា៖«ពេលនេះយើងមានកីឡាករអាចយកឈ្នះរាល់ការប្រកួតនៅក្របខណ្ឌ Premier League។ […] យើងលេងដោយភាពក្លាហាន ហ៊ានជាងមុន។ […] យើងកំពុងធ្វើរឿងដែលត្រឹមត្រូវ។ ហើយក្នុងគ្រាជាក់លាក់នេះ ខ្ញុំគិតថា Bryan Mbeumo និង Matheus Cunha បានជួយយើងច្រើនមែនទែន ហើយយើងនឹងបន្តលេងតាមអ្វីដែលយើងបានត្រៀមទុក។»។

ការប្រកួតពេញ ៩០នាទី ម្ចាស់ផ្ទះ Man Utd គ្រប់គ្រង និងវាយសម្រុកលើក្រុមភ្ញៀវកាំភ្លើងធំ ក្នុងស្ថិតិ ៦១ភាគរយ ទល់ ៣៩ភាគរយ។ បិសាចក្រហម មានឱកាសស៊ុតសំដៅទីសរុប​ ២២លើក ហើយស៊ុតចំគោលដៅ ៧លើក តែមិនសម្រេចទី។ ក្រុមកាំភ្លើងធំវិញ រកបានឱកាសស៊ុតបាល់ចំគោលដៅតែ ៣លើកប៉ុណ្ណោះ តែមានគ្រាប់បាល់ ១គ្រាប់បញ្ចូលទី។

វត្តមានកីឡាករថ្មី Matheus Cunha និង Bryan Mbeumo រួមចំណែកខ្លាំងក្នុងការប្រកួតនោះ ដោយ បង្កើតឱកាសស៊ុតបាល់សំដៅទីសរុបចំនួន ៩លើក សម្រាប់ Man Utd។

ដោយឡែកការប្រកួត Premier League ដទៃនៅថ្ងៃទី១៧ សីហា ក្រុម Chelsea ម្ចាស់ពានរង្វាន់ Club World Cup ឆ្នាំ២០២៥ បានបញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើ ០-០ ទល់នឹងក្រុម Crystal Palace ម្ចាស់ជើងឯក FA Cup ដែលកំពុងឡើងទម្រង់លេងខ្លាំង។ រីឯ Nottingham Forest បានយកឈ្នះ Brentford លទ្ធផល ៣-១៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top