អាម៉េរិក បញ្ជូនអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Chavez Jr ទៅឃុំនៅម៉ិកស៊ិក ជុំវិញការរត់ពន្ធគ្រឿងញៀន

Julio Cesar Chavez អតីតអ្នកប្រដាល់ម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក WBC ត្រូវអាជ្ញាធរអាម៉េរិក ចាប់បញ្ជូនខ្លួនទៅដាក់ឃុំនៅប្រទេសម៉ិកស៊ិក ដើម្បីអនុវត្តច្បាប់ទាក់ទងនឹងការរត់ពន្ធគ្រឿងញៀន និងជួញដូរមនុស្ស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាម៉េរិក។

បើតាមព័ត៌មានអំពីបញ្ជីឃុំខ្លួនជនជាប់ទោសម៉ិកស៊ិកនៅថ្ងៃទី១៩ សីហា ​អ្នកប្រដាល់ម៉ិកស៊ិក Chavez Jr កូនប្រុសរបស់វីរបុរសប្រដាល់លោក Julio Cesar Chavez ​អតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកមួយរូប ត្រូវអាម៉េរិកចាប់ប្រគល់ខ្លួនឱ្យអាជ្ញាធរនៅប្រទេសម៉ិកស៊ិក នៅថ្ងៃទី១៨ សីហា ហើយក៏បញ្ជូនភ្លាមៗទៅដាក់គុកស្ថិតក្នុងរដ្ឋ Sonora ភាគពាយព្យប្រទេស។

បើតាមការអះអាងរបស់លោកស្រី Claudia Sheinbaum ប្រធានាធិបតីម៉ិកស៊ិក Chavez Jr ត្រូវបានបញ្ជូនចេញពីអាម៉េរិកហើយ។ លោកស្រីបន្ថែមថា អតីតអ្នកប្រដាល់ល្បីឈ្មោះរូបនេះ ក៏មានដីកាពីការចាប់ខ្លួនរបស់អាជ្ញាធរម៉ិកស៊ិកផងដែរ។ ដីការចាប់ខ្លួនពីអាជ្ញាធរម៉ិកស៊ិក ចោទប្រកាន់អតីតអ្នកប្រដាល់វ័យ ៣៩ឆ្នាំ បានជួញដូរគ្រឿងញៀន និងអំពើឧក្រិដ្ឋកម្មជួញដូរមនុស្ស ខណៈរដ្ឋអាជ្ញាប្រចាំប្រទេសកំពុងធ្វើការងារលើករណីដ៏ធំមួយនេះ។

​Chavez Jr ត្រូវអាជ្ញាធរអន្តោប្រវេសន៍អាម៉េរិក ឃាត់ខ្លួនភ្លាមៗ ក្រោយគេឡើងសង្វៀន និងប្រកួតចាញ់ តារាបណ្តាញសង្គម YouTuber ប្រែជាអ្នកប្រដាល់ Jake Paul កាលពីថ្ងៃទី២៨ ខែមិថុនា។ អាជ្ញាធរអាម៉េរិករកឃើញគេប្រើលិខិតឆ្លងដែន​ហួសសពុលភាព លួចរស់នៅអាម៉េរិកខុសច្បាប់ និងជាប់ពាក់ព័ន្ធជាមួយក្រុមភេរវករបរទេស។

រដ្ឋអាជ្ញាម៉ិកស៊ិក ចោទប្រកាន់ម្ចាស់ខ្សែក្រវាត់ WBC ថាជាអ្នកស្នងតំណែងក្រុមឧក្រិដ្ឋជនគ្រឿងញៀនដ៏ធំឈ្មោះ Sinaloa Cartel ដែលក្រុមនេះ ត្រូវបានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាត់ទុកថាជាក្រុមអង្គការភេរវករបរទេស កាលដើមឆ្នាំ ២០២៥។ មេធាវី​ របស់ Chavez Jr និងក្រុមគ្រួសាររបស់គេ​បានច្រានចោលការចោទប្រកាន់នេះ។

គួសបញ្ជាក់ថា អតីតអ្នកប្រដាល់ Julio Cesar Chavez Jr ធ្លាប់ឈ្នះខ្សែក្រវ៉ាត់ពិភពលោក WBC ទម្ងន់មធ្យមកាលពីឆ្នាំ ២០១១ ហើយគេបានរបូតខ្សែក្រវ៉ាត់នោះទៅវិញ នៅឆ្នាំបន្ទាប់។ បុរសវ័យ ៣៩ឆ្នាំ ដ៏ជាអ្នកប្រដាល់មានរឿងអាស្រូវជាច្រើន ដោយរួមមានការតេស្តរកឃើញសារធាតុហាមឃាត់ ក្នុងឆ្នាំ ២០០៩​ និងរងការពិន័យ ហើយព្យួរពីអាជីពប្រដាល់នៅឆ្នាំ ២០១៣ ក្រោយតេស្តឃើញមានសារធាតិញៀនម្តងទៀត៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top