អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ថាទីលានហ្វឹកហាត់ទំហំ ១១ហិចតា នៅឯស្រុកស្នូល ខេត្តក្រចេះ នេះរឹតតែអំណោយផលដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតធំៗនៅថ្ងៃខាងមុខឆាប់ៗនេះ។
លោក មាស ម៉ាប់ អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានឲ្យដឹងថា ទីលានហ្វឹកហាត់ឯខេត្តក្រចេះសាងសង់ស្ទើររួចរាល់ទាំងស្រុងទៅហើយ។ ចំណែកកីឡាករជម្រើសជាតិ និងយុវជនថ្នាល នឹងមកហ្វឹកហាត់នៅកម្ពុជាវិញអំឡុងខែធ្នូ ២០២៥ ឬដើមឆ្នាំ២០២៦ ខាងមុខ។
ទីលាននេះមិនត្រឹមតែសម្រាប់ហ្វឹកហាត់នោះទេគឺវាអំណោយផលខ្លាំងដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតធំៗបានផងដែរ។ សហព័ន្ធគ្រោងនឹងរៀបចំជាការប្រកួតអបអរសារទរថ្ងៃបើកឲ្យប្រើប្រាស់ និងហ្វឹកហាត់នៅពេលឆាប់ៗនេះជូនអ្នកគាំទ្របានទស្សនាកម្សាន្តសប្បាយ។
តំណាងសហព័ន្ធម៉ូតូទឹកសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ជួយសម្រួលដល់ការធ្វើលិខិតស្នាមនៃការផ្ទេរពីថៃមកកម្ពុជា និងការដឹកជញ្ជូនសម្ភារហ្វឹកហាត់ដូចជាម៉ូតូ គ្រឿងជួសជុល ឬសម្ភារសំខាន់ៗមួយចំនួនទៀតដើម្បីឲ្យដំណើរការកាន់តែរលូនឆាប់បានចូលហ្វឹកហាត់។
បញ្ជាក់ដែរថា លោក សាលី អ៊ូមើត ដែលជាអនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានចំណាយថវិកា និងធនធានផ្ទាល់ខ្លួនបង្កើតជាទីលានហ្វឹកហាត់ស្ដង់ដារមួយនៅឯស្រុកស្នូល ខេត្តក្រចេះ ដែលមានទំហំផ្ទៃដីរហូតដល់ ១១ហិចតា។ ក្រៅពីទីលានហ្វឹកហាត់ហើយនោះក៏មានអគារហូបចុក ស្នាក់នៅ និងកន្លែងហាត់រាងកាយ ទីលានបាល់ទាត់ សម្រាប់កម្សាន្តលេងថែមទៀតផង៕
ប្រភព៖ KAMPUCHEATHMEY