Chelsea ផ្តួល West Ham ចាស់ដៃ ទោះគ្មានវត្តមានកីឡាករសំខាន់ Cole Palmer

ក្លិប Chelsea ពោរពេញសុទ្ធតែកីឡាករវ័យក្មេង មានសមត្ថភាពលេចធ្លោខ្លាំង បង្ហាញប្រព័ន្ធលេងសហការគ្នាយ៉ាងល្អ ក្នុងការផ្តួលគូប្រកួត West Ham United លទ្ធផល ៥-១ ជំនួបសប្តាហ៍ទី២ ក្របខណ្ឌ Premier League។ Chelsea ក្លិបម្ចាស់ពាន Club World Cup ឆ្នាំ ២០២៥ យកឈ្នះការប្រកួត ទោះគ្មានវត្តមានកីឡាករសំខានៗ ក្នុងនោះរួមមាន Cole Palmer ជួបបញ្ហារបួស។

Chelsea ដណ្តើមបាន ៣ពិន្ទុ ពីទឹកដីកីឡដ្ឋាន London និងស៊ុតបញ្ចូលទីបានដល់ទៅ ៥គ្រាប់ ផ្តួលក្រុមម្ចាស់ផ្ទះ។​ គ្រាប់បាល់ទាំង ៥នោះ ស៊ុតបានតាមត្រឡប់មកវិញ ពីសំណាក់កីឡាករវ័យក្មេង Joao Pedro នៅនាទី១៥, Pedro Neto នៅនាទី២៣, Enzo Fernandez ធ្វើបាននៅនាទី ៣៤, Moises Caicedo នៅនាទី៥៤​ វគ្គទីពិរ និង Trevoh Chalobah គ្រាប់ចុងក្រោយ នាទី៥៨ ក្រោយពេលកីឡាករ Lucas Paqueta របស់ West Ham United រកបានគ្រាប់បើកឆាកតាំងពីនាទី៦។ 

អវត្តមានរបស់ Palmer កីឡាករសំខាន់ប្រចាំក្រុមពេលកន្លងមក ព្រោះតែនៅមុនការប្រកួតមកដល់ គេបានជួបបញ្ហារបួសសាច់ដុំ អំឡុងពេលហ្វឹកហាត់ ប៉ុន្តែមិត្តរួមក្រុមរបស់គេដទៃពុំមានភាពភ័យខ្លាចក្នុងការប្រកួតឡើយ។

ក្រោយពីបញ្ចប់ការប្រកួត អ្នកវិភាគកីឡាករប្រចាំទូរទស្សន៍ Sky Sports លោក Jamie Redknapp សរសើរក្រុមកីឡាករ Chelsea ថាសុទ្ធសឹងតែបំពេញភារកិច្ចតាមតួនាទីបានយ៉ាងល្អដូចៗគ្នា ទោះគ្មានវត្តមានរបស់កីឡាករសំខាន់ដូចជា Cole Palmer។ 

ក្រុមរហស្សនាមតោខៀវ អាចរកបាន ៣ពិន្ទុដំបូង ប្រចាំរដូវកាលថ្មី នៅត្រឹមសប្តាហ៍ទី២ នៃក្របខណ្ឌ Premier League បន្ទាប់ពីពួកគេប្រកួតបើកឆាកក្នុងទឹកដីកីឡដ្ឋាន Stamford Bridge ត្រឹមលទ្ធផលស្មើ ០-០ ទល់នឹងក្រុម Crystal Palace។ 

គួររំលឹកថា តោខៀវ Chelsea ជាក្រុមគ្រងជើងឯកពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ ដែលទើបបញ្ចប់កាលពីខែកក្កដា ក្រោយក្រុមមកពីអង់គ្លេសបានយកឈ្នះ Paris Saint Germain នៅវគ្គផ្តាច់ព្រ័ត្រលើទឹកដីអាម៉េរិកក្នុងលទ្ធផល ៣-០។ Chelsea ជាក្រុមតែគត់ដែលសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ផ្តល់នាមជាក្រុមជើងឯកពិភពលោកទីមួយ ហើយពេលអបអរការលើកពានក្រុមមួយនេះ ក៏ត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ចូលរួមប្រគល់ពានដោយផ្ទាល់ដៃផងដែរ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top