ដាវីន យុវជន​​នៅ​ប្រទេស កាណាដា មានមោទនភាព​សម្រាប់ការ​ជាប់ជម្រើស​ជាតិ U23 កម្ពុជា

សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៦ នាក់ជាផ្លូវការ ត្រៀមប្រមូលផ្តុំហ្វឹកហាត់ប្រកួតវគ្គជម្រុះពាន AFC U23 Asian Cup ឆ្នាំ ២០២៦។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺមានវត្តមានកីឡាករថ្មីម្នាក់ មកពីថ្នាលយុវជនក្លិប York United FC របស់កាណាដា ឈ្មោះ ឈឿន ដាវីន។

នេះគឺជាលើកដំបូងហើយសម្រាប់កីឡាករវ័យ ១៨ ឆ្នាំរូបនេះ ដែលបានជាប់ក្នុងក្រុមអាយុក្រោម ២៣ ឆ្នាំរបស់ កម្ពុជា។ ក្រោយការកោះហៅនេះ កីឡាករ ដាវីន បាននិយាយថា៖ «វាជាកិត្តិយសក្នុងការតំណាងឱ្យប្រទេស ដែលជាកំណើតរបស់គ្រួសារ និងខ្ញុំ ហើយដើម្បីតំណាងឱ្យមនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា។ AFC U23 Cup នឹងក្លាយជាការប្រកួតប្រជែងដ៏អស្ចារ្យ ហើយខ្ញុំពិតជារំភើបក្នុងការចូលរួម និងតំណាងឱ្យប្រទេសរបស់ខ្ញុំ»

ឈឿន ដាវីន គឺជាកូនខ្មែរម្នាក់ ដែលបានរស់នៅប្រទេស កាណាដា។ បច្ចុប្បន្នរូបគេមានវ័យ ១៨ ឆ្នាំកំពុងតែហ្វឹកហាត់នៅសាលាបាល់ទាត់ថ្នាលរបស់ក្រុម York United FC។ រូប​គេ​លេងតួនាទីជាខ្សែប្រយុទ្ធ និងមានជំនាញជើងស្តាំ។

គួរឱ្យដឹងថា ការប្រកួតវគ្គជម្រុះពាន AFC U23 Asian Cup ២០២៦ គឺ កម្ពុជា ស្ថិតនៅពូល G ជាមួយក្រុម អ៉ីរ៉ាក់ អូម៉ង់ និង ប៉ាគីស្ថាន។ ការប្រកួតនឹងធ្វើឡើងនៅប្រទេស កម្ពុជា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៥៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top