Mohamed Salah រិះគន់ តំណាងអ្នកគាំទ្រក្លិប Liverpool មួយ ដែលបង្ហោះរូបភាពលើបណ្តាញសង្គម ដោយចំអក និងមិនផ្តល់ការគោរពដល់ការលះបង់ របស់អតីតមិត្តរួមក្រុមខ្លួនកីឡាករ Luis Diaz និង Darwin Nunez ក្រោយពួកគេចាកចេញ។
Salah មិនអាចទប់ចិត្តខឹងបាន ពេលឃើញគេនិយាយចំអកលើអតីតមិត្តរួមក្រុម រួចបានចូលទៅឆ្លើយតបដោយរិះគន់ និងស្តីបន្ទោស ក្រុមអ្នកគាំទ្រក្លិប Liverpool ថាមិនផ្តល់ការគោរព។ រូបភាព ស ខ្មៅ ដាក់លើកីឡាករ Nunez និង Diaz ស្របពេលរូបភាពកីឡាករថ្មី Florian Wirtz និង Alexander Isak មានពណ៌ធម្មតា នៅលើគណនីបណ្តាញសង្គម X មួយឈ្មោះថា Anfield Edition Site ដែលបង្ហោះរូបភាពនោះ ភ្ជាប់ដោយពាក្យថា «នេះជាការធ្វើឱ្យល្អប្រសើរធំបំផុតប្រចាំប្រវត្តិសាស្ត្របាល់ទាត់»។
«តើយើងអាចអបអរការចុះកិច្ចសន្យាថ្មីដ៏អស្ចារ្យ ដោយមិនផ្តល់ការគោរពដល់កីឡាករធ្លាប់ជួយយើងឈ្នះ ជើងឯកពានរង្វាន់ Premier League ដែរទេ?» កីឡាករសញ្ជាតិអេហ្ស៊ីប តបទៅអ្នកគាំទ្រ Liverpool និងបង្ហាញបំណងការពារអតីតមិត្តរួមក្រុម Nunez និង Diaz។
គណនី Anfield Edition Site បានឆ្លើយតបវិញ ជាមួយការសុំទោសទៅកីឡាករវ័យ ៣៣ឆ្នាំ និងបញ្ជាក់ថា ការលើកឡើងគ្រាន់តែបញ្ជាក់ពីការចុះកិច្ចសន្យាថ្មីដ៏អស្ចារ្យរបស់ក្រុមតែប៉ុណ្ណោះ ដោយគ្មានបំណងមិនផ្តល់ការគោរពដល់ Nunez និង Diaz ឡើយ។
បច្ចុប្បន្ន Nunez បានផ្លាស់ទៅក្លិប Al Hilal តម្លៃជាង ៦០លានដុល្លារ ស្របពេល Diaz ផ្លាស់ទៅក្លិប Bayern Munich ក្នុងតម្លៃខ្លួនជាង ៨៧លានដុល្លារ។ ការលក់ចេញខ្សែប្រយុទ្ធទាំងពីរ បានបើកផ្លូវឱ្យក្លិបរហស្សនាមហង្សក្រហម មានឱកាសទិញចូលកីឡាករថ្មី Florian Wirtz តម្លៃជាង ១៥៦លានដុល្លារ និង Isak តម្លៃជាង ១៦០លានដុល្លារ។
រំលឹកកាលរដូវកាលមុន កីឡាករសញ្ជាតិកូឡុំប៊ី Diaz រួមចំណែកជួយក្រុមឈ្នះពាន Premier League ដោយគេរកបាន ១៣គ្រាប់ បញ្ជូនបាល់ ៧លើក ពីការប្រកួត ៣៦លើក។ រីឯកីឡាករអ៊ុយរូហ្គាយ Nunez វិញ ធ្លាក់ទម្រង់លេង ហើយរកបានត្រឹមតែ ៥គ្រាប់ ប៉ុណ្ណោះ ពីការបង្ហាញខ្លួនលេងបាន ៣០ប្រកួត៕
ប្រភព៖ THMEYTHMEY
