កម្ពុជា-រុស្ស៊ី ប្ដេជ្ញារឹតចំណងកិច្ចសហប្រតិបត្តិការលើចលនាអូឡាំពិក ព្រមទាំងសន្យាផ្ដល់អាហារូបករណ៍ដល់មន្ដ្រី និងកីឡាករកម្ពុជា

(ភ្នំពេញ)៖ កម្ពុជា និងរុស្ស៊ី នឹងរឹតចំណងលើកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការជាតិអូឡាំពិកប្រទេសទាំងពីរ ព្រមទាំងបានសន្យាផ្ដល់អាហារូបករណ៍បណ្ដុះបណ្ដាលជំនាញកម្រិតខ្ពស់ ដល់មន្ដ្រីកីឡា និងកីឡាករ-កីឡាការិនីកម្ពុជាទៀតផង។

នេះបើតាមប្រសាសន៍លោក វ៉ាត់ ចំរើន អគ្គលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) គ្រាដែលលោកបានដឹកនាប្រតិភូកីឡាកម្ពុជា ចូលរួមសន្និសីទសេដ្ឋកិច្ច ស្ដីពីការទូតកីឡា (Eastern Economic Forum- Sport diplomacy) នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី៣-៦ ខែកញ្ញា ឆ្នាំ២០២៥។

ឆ្លៀតឱកាសចូលរួមសន្និសីទខាងលើ លោក វ៉ាត់ ចំរើន ក៏បានជួបទ្វេរភាគី ជាមួយរដ្ឋមន្ដ្រីកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិករុស្ស៊ី ហើយបានពិភាក្សាលើការគាំទ្រគ្នាទៅវិញទៅមក លើចលនាអូឡាំពិក និងការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិអូឡាំពិក ក៏ដូចជាការសហការអភីវឌ្ឍលើប្រភេទកីឡាប្រពៃណី នៃប្រទេសទាំងពីរ ។ ទន្ទឹមនឹងនោះ ភាគីរុស្ស៊ី ក៏បានសន្យានឹងផ្ដល់់អាហារូបករណ៍ ជួយបណ្ដុះបណ្ដាលជំនាញកម្រិតខ្ពស់ ដល់មន្ដ្រីកីឡាករ និងកីឡាករ-កីឡាការិនីកម្ពុជាផងដែរ។

បន្ថែមលើនេះ លោក វ៉ាត់ ចំរើន ក៏បានចែករំលែកនូវបទពិសោធន៍ នៃការធ្វើទំនាក់ទំនងការទូតកីឡាក្នុងប្រទេសកម្ពុជា ដែលមានទាំងការទូតក្នុងផ្នែកចលនាអូឡាំពិក ត្រូវបានពង្រឹង និងធ្វើទំនាក់ទំនងជាមួយគ្រប់បណ្ដាប្រទេសសមាជិករបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ទាំងអស់។ NOCC គឺជាសមាជិកពេញសិទ្ធរបស់ IOC និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) ហើយក៏ជាសមាជិកដ៏សកម្មមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយបានធ្វើឲ្យអន្ដរជាតិ ទទួលស្គាល់ និងការរីកចម្រើនក្នុងចលនាអូឡាំពិកកម្ពុជា ជាពិសេសតាមរយៈការរៀបចំធ្វើម្ចាស់ផ្ទះដ៏ជោគជ័យ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅ។

សូមបញ្ជាក់ថា សន្និសីទ Eastern Economic Forum- Sport diplomacy នៅប្រទេសរុស្ស៊ីនេះ គឺមានប្រតិភូមកពី ៧០ប្រទេសចូលរួម រួមទាំងប្រតិភូអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីលោក Vladimir Putin ប្រធានធិបតីរុស្ស៊ីផងដែរ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top