ម៉ារ៉ុក ក្លាយជាក្រុមដំបូងគេតំណាងទ្វីបអាហ្រ្វិក ឈ្នះកៅអីទៅលេង World Cup 2026

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក បានក្លាយក្រុមដំបូងចេញពីទ្វីបអាហ្រ្វិក (CAF) ដែលដណ្តើមបានកៅអី លេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដែលមានអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមខ្លាំងប្រចាំតំបន់អាហ្រ្វិក ម៉ារ៉ុកបានបំបាក់ក្រុមភ្ញៀវនីហ្សេ ដែលនៅសល់សមាជិកតែ ១០នាក់ ដោយលទ្ធផល ៥ទល់នឹង០ មិនឱ្យតដៃរួច នៅពីមុខអ្នកទស្សនាផ្ទាល់ ៦៣,០០០នាក់ ក្នុងកីឡដ្ឋានជាតិ Stade Prince Moulay Abdallah ស្ថិតក្នុងទីក្រុង Rabat នៃវគ្គជម្រុះប្រចាំតំបន់ ដើម្បីធានាកៅអីឡើងទៅជុំចុងក្រោយវគ្គ ៤៨ក្រុមតែម្តង។

៣ពិន្ទុដ៏សំខាន់នេះដែរ បានញាំងឱ្យពួកគេបន្តឈរទីកំពូលតារាងប្រចាំពូល E ដ្បិតនៅសល់ ២ប្រកួតទៀត មុនពេលបិទបញ្ចប់ នៅពេលតង់ហ្សានី បានត្រឹមស្មើ ១-១ ទល់នឹងកុងហ្គោកាលពីរាត្រីថ្ងៃសុក្រ។

ម៉ារ៉ុក ប្រទេសសហម្ចាស់ផ្ទះ World Cup 2030 ក៏ជាក្រុមនៃទ្វីបអាហ្វ្រិកដំបូងគេផងដែរ ដែលធ្វើបានល្អបំផុតកាលឆ្នាំ២០២២ នៅកាតា តាមរយៈឆ្លងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្រ្ត។

គួរបញ្ជាក់ផងថា ស្ថិតក្រោមទម្រង់ថ្មីដែល FIFA បានសម្រេចបន្ថែមក្រុមពី ៣២កើនដល់ ៤៨ក្រុម ទ្វីបអាហ្វ្រិកទទួលបានកៅអីលេង World Cup ឆ្នាំក្រោយនេះ ៨កៅអីកន្លះ ពោលគឺក្រុមឈរកំពូលតារាងនៃពូលនីមួយៗ នឹងធានាបានកៅអីស្វ័យប្រវត្តិ គ្រាដែលក្រុមលេខ២ ល្អជាងគេ ៤ក្រុមត្រូវលេងជម្រុះបន្ត មុនឈានដល់ការប្រកួតអន្តរទ្វីប ដើម្បីប្រជែងយកកៅអី១ ចុងក្រោយ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top