AFC U23៖ កម្ពុជា ក្លាយជាឆ្អឹងទទឹងករបស់ U23 អ៊ីរ៉ាក់ ក្រោយយកឈ្នះប៉ាគីស្ថាន លទ្ធផល១-០

ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងក្លាយជាឆ្អឹងទទឹងករបស់អ៊ីរ៉ាក់ ក្នុងការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ១ ក្នុងពូល G នៃពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 Qualifier។ ការប្រកួតរវាងក្រុម U23 កម្ពុជា និង U23 អ៊ីរ៉ាក់​ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ កញ្ញា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ អ៊ីរ៉ាក់ បានឈ្នះអូម៉ង់ លទ្ធផល១-០ កាលពីថ្ងៃទី៦ កញ្ញា ក្នុងការប្រកួតពូល G នៃពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 Qualifier នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ចំណែកក្រុមអាយុក្រោម២៣ឆ្នាំកម្ពុជា បានបញ្ចប់ក្ដីសង្ឃឹមទៅវគ្គបន្ទាប់របស់ U23ប៉ាគីស្ថាន។ U23 កម្ពុជា បានឈ្នះ ប៉ាគីស្ថាន លទ្ធផល១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងពូលនេះ អ៊ីរ៉ាក់ កំពុងឈរនៅចំណាត់ថ្នាក់លេខ១ ដោយមាន ៦ពិន្ទុ ខណៈកម្ពុជា លេខ២ មាន៤ពិន្ទុ។ រីឯក្រុមហាលអាវ អូម៉ង់ មាន១ពិន្ទុ ចំណាត់ថ្នាក់លេខ៣ និងប៉ាគីស្ថាន នៅលេខ៤ មិនមានពិន្ទុ។ កម្ពុជា មានគ្រាប់បាល់ចំណេញតែ ១គ្រាប់ប៉ុណ្ណោះ បន្ទាប់ពីឈ្នះប៉ាគីស្ថាន។

U23 កម្ពុជា ត្រូវការឈ្នះដាច់ខាត ដើម្បីឡើងទៅវគ្គបន្ទាប់។ ក្នុងករណីស្មើ ឬចាញ់ក្រុមអ៊ីរ៉ាក់ U23កម្ពុជា នឹងអស់ឱកាសទៅវគ្គបន្ទាប់ ព្រោះក្រុមចំណាត់ថ្នាក់លេខ២ល្អ ដែលមកពីពូលផ្សេងទៀត មានដូចជាចិន អ៊ីរ៉ង់ តូមិននីស្ថាន និងយេម៉ែន សុទ្ធតែមាន ៦ពិន្ទុ។

លោក Koji Gyotoku គ្រូបង្វឹកជម្រើសជាតិបាល់ទាត់អាយុក្រោម ២៣ឆ្នាំកម្ពុជា យល់ថាកូនក្រុម មានចំណុចខ្វះខាត ដែលរូបលោក មិនពេញចិត្តទាល់តែសោះ បើទោះជា U23 កម្ពុជា បានឈ្នះប៉ាគីស្ថាន ក៏ដោយ។ គ្រូបង្វឹករូបនេះ ខកចិត្តចំពោះកីឡាករមួយចំនួន ដែលខ្លួនបានរើសយកមកប្រកួត ហើយមិនមានកម្លាំងគ្រប់គ្រាន់អាចលេងបាន ៩០នាទី។ លោក Koji យល់ថាបើនៅតែមានចំណុចខ្វះខាតបែបនេះទៀត ក្នុងជំនួបជាមួយអ៊ីរ៉ាក់ ក្រុមកម្ពុជា នឹងពិបាកយកឈ្នះ។

លោក Koji បាននិយាយថា៖«ចំណុចមួយចំនួន ដែលខ្ញុំមិនពេញចិត្ត គឺកីឡាករមួយចំនួន មិនអាចលេងបានច្រើន។ កីឡាករ ដែលគ្រូជ្រើសមក ត្រូវតែអាចលេងឲ្យគ្រប់ ៩០នាទី។ កីឡាករ មិនអាចធ្វើការបាន ៩០ នាទី។ នេះ ជាអ្វី ដែលខ្ញុំ មិនពេញចិត្តសម្រាប់ប្រកួតមួយនេះ។»។

ជាមួយគ្នានេះ កីឡាករ យ៉ែម ដេវីត ដែលជាម្ចាស់គ្រាប់បាល់ នាំឲ្យកម្ពុជាឈ្នះ ប៉ាគីស្ថាន ១-០ ក៏​បានលើកឡើងថា ការប្រកួតតង់ទី១ រូបគេ ព្រមជាមួយសមាជិកក្រុម បានប្រឹងលេងអស់ពីសមត្ថភាព និងប្រឹងធ្វើការច្រើនក្នុងការប្រកួត។ ប៉ុន្ដែចូលតង់ទី២ កីឡាករកម្ពុជា ចាប់ផ្ដើមធ្លាក់កម្លាំង ហើយធ្វើឲ្យទម្រង់លេងមិនបានល្អ។

កីឡាករកម្ពុជារូបនេះ បាននិយាយថា៖«សម្រាប់ការប្រកួតថ្ងៃនេះ ពួកយើង ធ្វើបានល្អ។ ប៉ុន្ដែសម្រាប់តង់ទី២ ពួកយើង រៀងអស់កម្លាំង។ យើង ធ្វើមិនសូវបានល្អ នៅតង់ទី២។ នៅតង់ទី១ ពួកយើង បានប្រឹងខ្លាំង។»។

ការប្រកួតចុងក្រោយនៃពូល G ពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 Qualifiers ក្រុម U23 កម្ពុជា ត្រូវស្វាគមន៍ អ៊ីរ៉ាក់​នៅថ្ងៃទី៩ កញ្ញា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧:០០ យប់។ ចំណែក ប៉ាគីស្ថាន ត្រូវប៉ះជាមួយ អូម៉ង់៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top