អ្នកដឹកនាំកីឡាករ ស្នើឱ្យពលរដ្ឋរិះគន់គុនខ្មែរ ក្នុងន័យស្ថាបនា ហើយចៀសវាងប្រើពាក្យជេរប្រមាថ

លោក ស្រ៊ឺ ស្រេង ហៅ  សំណព្វ បានចាត់ទុកពាក្យរិះគន់បែបជេរប្រមាថកីឡាករ គឺជាការបំបាក់ទឹកចិត្ត ដ៏ធំមុនពេលប្រកួត។ អ្នកផ្សព្វផ្សាយ ឬPromoter គុនខ្មែររូបនេះ បានសំណូមពរឲ្យអ្នកគាំទ្រគុនខ្មែរ បន្ដការរិះគន់ក្នុងន័យស្ថាបនា ដើម្បីផ្ដល់កម្លាំងចិត្តដល់កីឡាករកម្ពុជា។

លោក ស្រ៊ឺ ស្រេង ទើបតែបានដឹកនាំកីឡាករ សូត្រ ខេវិន ទៅប្រកួតឈ្នះខ្សែក្រវ៉ាត់ I-One Supreme Champion នៅហុងកុង កាលពីថ្ងៃទី៤ កញ្ញា ។ ក្រោយទទួលបានលទ្ធផលល្អនេះ លោក ស្រេង បានចេញវីដេអូបកស្រាយថា រូបលោក និងកីឡាករ សូត្រ ខេវិត រងសម្ពាធយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ មុនពេលចេញទៅប្រកួត។ អ្នកគាំទ្រមិនពេញចំពោះលោក សំណព្វ ដែលបានដឹកនាំកីឡាករគុនខ្មែរ ទៅប្រកួតជាមួយកីឡាករថៃ នៅហុងកុង ។

អ្នកគាំទ្រ មិនជឿជាក់លើសមត្ថភាពកីឡាករ សូត្រ ខេវិន ដោយពួកគេរិះគន់ថា ​លោក ស្រ៊ឺ ស្រេង មិនចេះរើសកីឡាករ ដោយនាំយកកីឡាករខ្មែរ ទៅឲ្យបរទេសវាយ ដែលនាំឲ្យបាក់មុខមាត់គុនខ្មែរ នៅឆាកអន្ដរជាតិ។
ផ្ទុយស្រឡះពីការរិះគន់នេះ កីឡាករ សូត្រ ខេវិន បានឈ្នះ កីឡាករថៃ Johnny លើប្រភេទទម្ងន់ ៦៥គីឡូក្រាម ព្រមទាំងបានលើកទង់ជាតិកម្ពុជា និងស្លៀកខោប្រដាល់គុនខ្មែរ ដែលបង្ហាញពីអត្ដសញ្ញាណជាតិ និងលើកមុខមាត់គុនខ្មែរ នៅសង្វៀន I-One Supreme ផងដែរ។

យោងតាមការផ្សាយរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លោក ស្រ៊ឺ ស្រេង នាថ្ងៃទី៦ កញ្ញា បានបញ្ជាក់ថា រូបលោក ពិតជាខឹងចំពោះពាក្យរិះគន់ ដោយប្រើពាក្យជេរប្រមាថ និងពាក្យមើលងាយ មើលថោកមកលើកីឡាករ។ អ្នកផ្សព្វផ្សាយគុនខ្មែររូបនេះ ចាត់ទុកថាពាក្យរិះគន់ ដែលពោរពេញទៅដោយពាក្យអសុរោះទាំងនោះ គឺបំបាក់ទឹកចិត្តកីឡាករ មុនពេលប្រកួត។

ក៏ប៉ុន្ដែ អ្នកដឹកនាំកីឡាកររូបនេះ ក៏យល់ថាការរិះគន់ ក៏ជាកម្លាំងចិត្តមួយសម្រាប់កីឡាករ ផងដែរ ប្រសិនជាអ្នកគាំទ្រទាំងនោះ ប្រើពាក្យពេចន៍ដោយមានសីលធម៌ ក្នុងការរិះគន់ ដើម្បីស្ថាបនា។ 

លោក ស្រ៊ឺ​ ស្រេង បាននិយាយថា៖«បើសួរខ្ញុំ ថាខឹងគេទេ ពេលគេបញ្ចេញមតិរិះគន់ ពេលខ្លះខ្ញុំខឹង ហើយខ្ញុំគុំទេ ខ្ញុំ នឹងមិនគុំគេទេ។ ខ្ញុំ ចង់ឲ្យគេរិះគន់ទៀត។ ប៉ុន្ដែខ្ញុំ សូមឲ្យមានការប្រើប្រាស់ពាក្យពេចន៍ ដែលធ្វើឲ្យកីឡាករគាត់បាក់ទឹកចិត្ត ហើយមិនត្រូវប្រើប្រាស់ពាក្យពេចន៍មើលងាយ មើលថោកទៅលើកីឡាករ។ យើង គួរតែប្ដូរចេញទៅពាក្យសម្ដីនេះ ហើយបន្ដរិះគន់ទៀតចុះ។ ការរិះគន់ទាំងប៉ុន្មានរបស់អ្នកគាំទ្រ ជាកម្លាំងចិត្ត និងជាកម្លាំងចលករមួយ ដែលធ្វើឲ្យកីឡាករយើង ប្រែពីមានសភាពទន់ខ្សោយ ទៅជាខ្លាំងបាន។ ការរិះគន់របស់អ្នកគាំទ្រ មិនមែនអវិជ្ជមានទាំងអស់ទេ»។

បើតាមអ្នកផ្សព្វផ្សាយគុនខ្មែររូបនេះ ការរិះគន់គឺជាការដាស់អារម្មណ៍មួយ សម្រាប់កែប្រែភាពខ្វះចន្លោះ ។ «ដ្បិតតែពេលខ្លះ គាត់ប្រើពាក្យពេចន៍មិនល្អមែន ប៉ុន្ដែក៏ជាការដាស់សតិឲ្យយើង ដឹងខ្លួន ឬក៏ជាការក្រើនរំលឹកយើងដែរ។ ខ្ញុំ សូមបន្ដឲ្យអ្នករិះគន់ ដើម្បីស្ថាបនាគុនខ្មែរ បន្ដទៀតទៀត។ ខ្ញុំ ព្រមទទួលយកបន្ដទៀត។ ប៉ុន្ដែសូមប្រើពាក្យពេចន៍ឲ្យបានសមគួរ។»។ លោក ស្រ៊ឺ ស្រេង បន្ថែម៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top