ក្លិប Barcelona បានចេញមុខធានា ថាខ្លួនគ្មានផែនការបញ្ជូនកីឡាករ Marcus Rashford ឱ្យត្រឡប់ទៅកាន់ Manchester United វិញនោះទេ ស្របពេលក្លិបជើងខ្លាំងអេស្ប៉ាញ មានជំនឿចិត្តខ្ពស់ថា ខ្សែប្រយុទ្ធអង់គ្លេសនឹងអាចក្លាយជាកីឡាករកំពូលមួយរូប នៅ Nou Camp។
តារាបាល់ទាត់អង់គ្លេស បានចូលរួមក្លិប Barca ក្រោមលក្ខខណ្ឌខ្ចីជើងរយៈពេលវែង ពីក្លិបបិសាចក្រហម នៅ អំឡុងទីផ្សារដោះដូរកីឡាដើមរដូវកាល ២០២៥-២៦។
Rashford ចង់ឱ្យក្លិប Barca ទិញយកគេផ្តាច់នៅរដូវកាលក្រោយ ស្របពេលក្លិបយក្សអេស្ប៉ាញ មានជម្រើសទិញផ្តាច់ ក្នុងតម្លៃ ៣០លានអឺរ៉ូ (៤០លានដុល្លារ) បើកីឡាករវ័យ ២៧ឆ្នាំបង្ហាញទម្រង់លេងល្អនៅទឹកដីអេស្ប៉ាញ។
ចាប់តាំងពីផ្លាស់ចូលរួមក្លិបនៅតំបន់ Catalan កីឡាករអន្តរជាតិអង់គ្លេស នៅមិនទាន់រកបានគ្រាប់បាល់ ឬបញ្ជូនបាល់ដល់មិត្តរួមក្រុមថ្មីនៅឡើយ ដែលរឿងនេះធ្វើឱ្យ Barca ត្រូវគិតពិចារណាឡើងវិញ លើការទិញយករូបគេ នៅរដូវកាលបន្ទាប់។ ទោះបានមកលេងនៅក្រុមថ្មី ប៉ុន្តែ Rashford ភាគច្រើនអង្គុយនៅកៅអីបម្រុង ហើយបានផ្លាស់ប្តូរចូលលេងនៅចុងម៉ោង។
កាលពីពេលថ្មីៗនេះ ព័ត៌មានមួយចំនួនរបស់អេស្ប៉ាញ ចុះផ្សាយថាក្លិប Barca បានសម្រេចចិត្តចង់បញ្ជូនកីឡាករសញ្ជាតិអង់គ្លេស ឱ្យវិលត្រឡប់ទៅកាន់ក្លិបចាស់របស់គេវិញ ក្រោយពេលបង្ហាញខ្លួនមិនសូវល្អ។ តែយ៉ាងណា អ្នកជំនាញបាល់ទាត់អេស្ប៉ាញ លោក Guillem Balague បានចោទការចុះផ្សាយទាំងនោះ បីដូចសំរាមអ៊ីចឹងដែរ។
អ្នកជំនាញបាល់ទាត់ លោក Balague ក៏បានលើកពីផែនការរបស់ក្លិប Barca ថា ពួកគេកំពុងមានជំនឿចិត្តមុតមាំ លើឱកាសរបស់ Rashford ថាគេនឹងអាចវិលត្រឡប់ក្លាយជាកីឡាករកំពូលមួយរូប ដូចកាលពីមុនឡើងវិញ។
កើតចេញពីថ្នាលយុវជនក្លិប Man Utd ខ្សែប្រយុទ្ធ Rashford បានលេងឱ្យក្រុមបិសាចក្រហម សរុប ៤២៦លើក ហើយរួមចំណែករកគ្រាប់បាល់បញ្ចូលទីជាច្រើនសម្រាប់ក្រុមកាលនោះ។ រដូវកាល ២០២២-២៣ ជាពេលល្អបំផុតមួយសម្រាប់កីឡាករអង់គ្លេស ដោយគេរកបាន ៣០គ្រាប់ សម្រាប់ក្លិបរាល់ពានរង្វាន់ដែលគេចូលរួមប្រកួត។
Rashford ប្រែធ្លាក់ទម្រង់លេងខ្លាំង ២រដូវកាលជាមួយ Man Utd រហូតធ្វើឱ្យគេតែងត្រូវបាត់ឈ្មោះចេញពីក្រុម និងជាពិសេសរដូវកាលថ្មីនេះ លោក Ruben Amorim សម្រេចចិត្តដកឈ្មោះគេមិនឱ្យចូលហ្វឹកហាត់ជាមួយនឹងក្រុមរបស់លោកតទៀត រហូតគេផ្លាស់ទៅ Barcelona។ បន្ទាប់ពីចូលរួមក្លិបការពារជើងឯក La Liga រួចមក Rashford ក៏ត្រូវបានជម្រើសជាតិអង់គ្លេស ក្រោមការដឹកនាំរបស់លោក Thomas Tuchel កោះហៅគេឱ្យចូលរួមក្រុមជាថ្មីឡើងវិញផងដែរ៕
ប្រភព៖ THMEYTHMEY