ព្រឿង​ សុជាតិ​ ឆ្លៀតមក​មើល​ម្ដាយ​កំពុង​ឈឺ​ក្រោយស្ថានការណ៍​ព្រំដែន​ធូរស្រាល​បន្តិច​​​

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ ព្រឿង​ សុជាតិ​ បន្ទាប់​ពី​ឈរ​ជើង​នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យទប់ទល់​ជា​មួយ​ការ​ឈ្លានពាន​របស់​សៀម​​អស់ជា​ច្រើន​សប្ដាហ៍​កន្ល​ងទៅ​នេះ​ ឥលូវ​ឆ្លៀតពេលមក​មើល​ម្ដាយ​កំពុង​ឈឺ​នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ​​ក្រោយស្ថានការណ៍​ធូរស្រាលបន្តិច​​។​

ព្រឿង​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ ម្ដាយ​របស់​ខ្លួន​កំពុង​ឈឺ​ជំងឺ​លើសឈាម​ និង​ត្រូវ​បញ្ចូនមក​ពេទ្យ​ដើម្បី​សម្រាក​ព្យាបាល​នៅ​ឯ​ខេត្ត​កំពង់ចាម។​ ស្ថានភាព​ជំងឺ​នៅ​មិនទាន់ធូរស្រាល​នៅ​ឡើយ​ទេ ពោល​គ្រូ​ពេទ្យ​កំពុងតាមដាន​ជំងឺ​នៅ​ពេល​នេះ។​

សិស្ស​គុន​ក្លឹប​លោក​ សេន​ ប៊ុនថេន​ លើក​ឡើងទៀត​​ថា​ ក្រុម​គ្រួសារ​របស់​ខ្លួន​ជា​អ្នក​ធ្វើ​ចំការ​ និង​ឪពុក​ម្ដាយ​មាន​ជីវភាព​ក្រលំបាក​បាន​ចំណូល​តែ​ពី​ការងារ​នេះ​ និង​ការ​ឧបត្ថម្ភខ្លះៗ​ពី​កូន​ប៉ុណ្ណោះ។​ ដោយ​មួយ​រយៈពេល​នេះ​មាន​បញ្ហា​ព្រំដែន​​ត្រូវ​ទៅ​ឈរ​ជើង​ច្បាំង​ជា​មួយ​សៀម​ផង​នោះ​ទើប​ធ្វើ​ឲ្យ​ខ្លួន​មិនមាន​ពេល​មក​មើលថែ​ ឬ​ជូន​ថវិកា​ដល់ឪពុក​ម្ដាយ​នោះ​ឡើយ​។​ ​ពេល​នេះស្ថានការណ៍​ធូរស្រាល​បន្តិច ​ដូច្នេះទើប​រូប​គេ​ឆ្លៀត​មកមើល​ម្ដាយ​ដែល​កំពុង​ឈឺ​សម្រាក​ព្យាបាល។​

អតីត​អ្នក​ប្រដាល់​រូប​គេ​ក៏​បាន​លើក​ពី​ទុក្ខកង្វល់​របស់​ខ្លួន​ដែរ​ថា​ ឥលូវ​នេះ​កំពុ​ង​ខ្វះខា​ត​ខ្លាំង​ ពោល​ខ្លួន​ឯង​ឈឺ​ផង​ និង​មួយ​ទៀត​ម្ដាយ​ក៏​ត្រូវ​សម្រាក​ព្យាបាល​ជំងឺទៀត។​ ដូច្នេះ​កំពុង​ជួប​ទុក្ខលំបាក​មិន​សូវ​មាន​ថវិកា​សម្រាប់​ដោះស្រាយ​បញ្ហា​នេះឡើយ។​

សុជាតិ​ ប្រាប់​ទៀត​ថា​ ខ្លួន​នឹង​វិល​ត្រឡប់​​ទៅ​បន្ទាយ​នៅ​ឯ​ខេត្ត​ឧត្តរមានជ័យ​វិញ​ឆាប់​ៗនេះ​ ព្រោះ​មិន​អាច​នៅ​បាន​យូរ​នោះ​ឡើយ។​ បញ្ជាក់​ដែរ​ថា​ ព្រឿង​ សុជាតិ​ ជា​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ដោយ​សារ​តែ​រវល់​ក៏​អាក់ខាន​ឡើង​ប្រកួត​មួយរយៈពេល​ធំ។​ រូប​គេ​ជាទាហាន​នៅ​កងពលតូច​លេខ៦​ ចំណុះ​ឲ្យ​កងពល​ធំ​អន្តរាគមន៍លេខ២ ខេត្ត​ឧត្តរមានជ័យ។​ នេះ​លេខទំនាក់ទំនង និង​តេឡេក្រាម​​របស់​ ព្រឿង​ សុជាតិ​ 087 210 991៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top