កីឡាករ កីឡាការិនីមកពី ៤ប្រទេស រួមមាន អាមេរិក ចិន ម៉ាឡេស៊ី និងកម្ពុជា នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាព ដែលនឹងធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប នៅថ្ងៃទី១៣ និង១៤ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើយោងតាមសន្និសីទសារព័ត៌មានរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ នាថ្ងៃទី១២ ខែកញ្ញា នៅខាងមុខប្រាសាទអង្គរវត្ត។
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីការដឹងគុណចំពោះប្រទេសទាំង៣ ដែលបានជួយសម្របសម្រួលបទឈប់បាញ់ រហូតនាំមកនូវសន្តិភាពឡើងវិញដល់ប្រជាជន និងកងទ័ពកម្ពុជានៅតាមបណ្ដោយព្រំដែន។ ក្រៅពីនេះ ព្រឹត្តិការណ៍នេះក៏ជួយពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងជំរុញការអភិវឌ្ឍវិស័យកីឡាគុនខ្មែរឱ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្តរជាតិផងដែរ។
លោកបានបន្តថា ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុណខ្មែរ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសដល់កីឡាករកម្ពុជាបានផ្លាស់ប្ដូរបទពិសោធន៍ជាមួយកីឡាករ-កីឡាការិនីបរទេស ដែលសុទ្ធសឹងជាកីឡាករឆ្នើមប្រចាំប្រទេសរៀងៗខ្លួន។ ការប្រកួតនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យកីឡាប្រដាល់គុនខ្មែររបស់កម្ពុជាឱ្យកាន់តែរីកចម្រើន និងបង្ហាញពីសក្ដានុពលរបស់កីឡាគុនខ្មែរទៅកាន់ពិភពលោក៕
ប្រភព៖ KAMPUCHEATHMEY