ការកើនឡើងកម្តៅនៅទ្វីបអាម៉េរិកខាងជើង កំពុងបង្កការគំរាមកំហែងខ្លាំង ដល់កីឡដ្ឋានត្រៀមរៀបចំព្រឹត្តិការណ៍ FIFA World Cup 2026 ខណៈប្រទេសម្ចាស់ផ្ទះ ពុំទាន់មានវិធីសាស្រ្តសម្របខ្លួនឱ្យទាន់ពេល សម្រាប់ក្រុមចូលរួម។ នេះបើតាមការសិក្សាថ្មីមួយ បង្ហាញអំពីផលប៉ះពាល់ដែលបណ្តាលមកពីអាកាសធាតុក្តៅនាពេលបច្ចុប្បន្ន។
បើតាមការសិក្សានោះ ទីលានប្រកួត World Cup 2026 កំពុងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ ដែលអាចបង្កការប៉ះពាល់ភ្លាមៗដល់កីឡាករ។ កីឡដ្ឋាន១០ ចំណោម១៦ រកឃើញថា នឹងបង្កហានិភ័យ អំពីការកើនឡើងកម្តៅខ្លាំង ដែលពុំអាចធ្វើឱ្យក្រុមកីឡាករអាចសម្របខ្លួនបាននៅពេលប្រកួត។
នៅឆ្នាំ២០៥០ កីឡដ្ឋាននៅក្នុងប្រទេសទ្វីបអាម៉េរិកខាងជើង យ៉ាងហោចចំនួន ៩០ភាគរយ អាចនឹងត្រូវកែតម្រូវប្រព័ន្ធបច្ចេកវិទ្យា ដើម្បីសម្របទៅនឹងបញ្ហាកើនឡើងកម្តៅ ខណៈកីឡដ្ឋានមួយចំនួន នឹងមានតម្រូវការខ្ពស់ ក្នុងការប្រើប្រាស់ទឹក ហើយលើសការផ្គត់ផ្គង់។ World Cup នៅឆ្នាំ ២០៣០ អាចនឹងប្រឈមការគំរាមកំហែងអំពីការបម្រែបម្រួលអាកាសធាតុ និងជាពិសេសការប៉ះបាល់ដល់ស្មៅលើទីលាន និងបង្កហានិភ័យខ្ពស់ដល់កីឡាករ។
លោក Juan Mata អតីតកីឡាករ Manchester United ដែលធ្លាប់ឈ្នះពាន World Cup ជាមួយជម្រើសជាតិអេស្ប៉ាញ បានលើកឡើងពីបញ្ហាអាកាសធាតុដូច្នេះថា៖«ក្នុងនាមខ្ញុំជាមនុស្សម្នាក់មកពីអេស្ប៉ាញ ខ្ញុំមិនអាចធ្វើព្រងើយកណ្តើយលើបញ្ហាអាកាសធាតុបានឡើយ។ បាល់ទាត់គឺតែងតែនាំមនុស្សឱ្យមកជួបជុំគ្នា ប៉ុន្តែនៅពេលនេះ វាក៏បានដាស់តឿនយើងផងដែរ អំពីអ្វីដែលយើងអាចនឹងបាត់បង់។»។
Mata ថែមទាំងលើកឧទាហរណ៍ទឹកជំនន់នៅទីក្រុង Valencia ប្រទេសអេស្ប៉ាញ កាលពីឆ្នាំ ២០២៤ ដែលបានរំខានដល់ដំណើរការប្រកួតបាល់ទាត់ផងដែរ។
ទឹកដីអាម៉េរិក មិនត្រឹមតែមានបញ្ហាកើនឡើងកម្តៅខ្លាំង អំឡុងចន្លោះខែមិថុនា និងកក្កដា ប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋមួយចំនួនថែមទាំងកើតមានបញ្ហាព្យុះ ផ្គរ រន្ទះ ហើយរដ្ឋផ្សេងទៀតមានភ្លៀងធ្លាក់ខ្លាំង ដែលនេះបានបង្ខំឱ្យសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ត្រូវរកវិធីសាស្ត្រដោះស្រាយឱ្យបានឆាប់រហ័ស។
កាលព្រឹត្តិការណ៍ FIFA Club World Cup 2025 លើទឹកដីអាម៉េរិក បញ្ហាអាកាសធាតុទាំងនេះបានកើតឡើង។ អំឡុងការប្រកួតនោះ FIFA បានបន្ថែមម៉ោងឈប់សម្រាក (Cooling Break) តាមវគ្គនីមួយៗ ហើយទីតាំងអង្គុយបម្រុងរបស់ក្រុមការងារគ្រូបង្វឹក និងកីឡាករ ក៏មានដាក់កង្ហារត្រជាក់ ជួយកាត់បន្ថយកម្តៅ។
របាយការណ៍ខាងលើ បានអះអាងទៀតថា កីឡដ្ឋាន ១៤ ចំណោម ១៦ ក្នុងទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក មិនមានកម្រិតសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងបញ្ហាអាកាសធាតុ ឬគ្រោះថ្នាក់ធំៗ រួមមានការកើនឡើងកម្តៅ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានឡើយ។ តាមទីក្រុង Atlanta, Dallas, Houston, Kansas City, Miami និង Monterrey នឹងអាចមានកម្តៅកើនឡើងជាប់ៗគ្នារយៈពេល ២ខែ ពេញអំឡុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចូលមកដល់៕
ប្រភព៖ THMEYTHMEY