UEFA និង FIFPRO រួមគ្នាអំពាវនាវឱ្យក្រុមជម្រើសជាតិ និងក្លិប គិតគូរសុខុមាលភាពកីឡាករ

លោក Aleksander Ceferin ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) និងលោក David Terrier ប្រធានសហព័ន្ធកីឡាករបាល់ទាត់អាជីព (​FIFPRO) រួមគ្នាអំពាវនាវឱ្យក្រុមបាល់ទាត់ជម្រើសជាតិ និងក្លិបក្នុងតំបន់អឺរ៉ុប គិតគូរពីកត្តាសុខុមាលភាពកីឡាករ។ ស្ថាប័នទាំងពីរ ព្រមានថាកាលវិភាគប្រកួតមមាញឹកខ្លាំងពេក នឹងផ្តល់ហានិភ័យខ្ពស់ដល់កីឡាករ។

ជំនួបរវាងលោក Ceferin និង Terrier បានធ្វើឡើងកាលពីសប្តាហ៍មុន ក្នុងប្រទេសអាល់បានី ហើយមេស្ថាប័នទាំងពីរ ក៏បានរួមគ្នាអំពាវនាវដល់ស្ថាប័ន UEFA ផ្ទាល់ ស្ថាប័នលីគកំពូលនានា ជម្រើសជាតិ និងសហភាពដៃគូក្នុងបាល់ទាត់ រួមគ្នាធ្វើការងារក្នុងការការពារសុខុមាលភាពកីឡាករ។

សេចក្តីថ្លែងការណ៍រួមរបស់មេ UEFA និង ​FIFPRO ធ្វើឡើង​ ក្រោយពេលលោក Hansi Flick អ្នកចាត់ការក្រុម Barcelona រិះគន់ក្រុមជម្រើសជាតិអេស្ប៉ាញ ប្រើប្រាស់ Lamine Yamal ទាំងកំពុងមានរបួស។ បើតាមសម្តីរបស់លោក Flick កីឡាករវ័យ១៨ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យជម្រើសជាតិផ្តល់ថ្នាំបំបាត់ការឈឺចាប់ ហើយដាក់គេចូលលេងវគ្គជម្រុះ World Cup 2026 ទ្វីបអឺរ៉ុប។

ក្លិប Paris Saint Germain ក្នុងខែកញ្ញា ក៏បានរិះគន់ខ្លាំងទៅកាន់ក្រុមគ្រូពេទ្យរបស់ជម្រើសជាតិបារាំង ដែលមិនស្តាប់យោបល់របស់ក្លិប ចំពោះបញ្ហាប្រឈមនឹងរបួស លើខ្សែប្រយុទ្ធ Ousmane Dembele និង Desire Doue ពេលពួកគេចូលលេងវគ្គជម្រុះ World Cup 2026 ទ្វីបអឺរ៉ុប។ ខ្សែប្រយុទ្ធបារាំងទាំង ២ បានវិលត្រឡប់ចូលរួមក្លិប ​PSG វិញភ្លាម រួចក៏ជួបបញ្ហារបួស។ 

ស្ថាប័នកីឡាករអាជីពបារាំង (UNFP) បានស្តីបន្ទោសបញ្ហារបួសលើកីឡាករ ព្រោះតែកាលវិភាគការប្រកួតអន្តរជាតិច្រើនលើសលុប បង្កហានិភ័យដល់សុខភាពកីឡាករ។

លោក Ceferin បានលើកឡើងដូច្នេះថា៖«ការរួបរួមរបស់យើងជាមួយ FIFPRO ទ្វីបអឺរ៉ុប ឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរួមក្នុងការការពារសុខុមាលភាពកីឡាករ​ និងពង្រឹងមូលដ្ឋានគ្រឹះកម្រិតការប្រកួត។ ស្របពេលតម្រូវការកីឡាករមានការកើនឡើង វាពិតជាសំខាន់ខ្លាំង ទាមទារឱ្យយើងធ្វើការរួមគ្នា ជាមួយបាល់ទាត់ជាតិនីមួយៗ លីគបាល់ទាត់ ក្លិប និងកីឡាករ ដើម្បីស្វែងរកដំណោះស្រាយកណ្តាលណាមួយដើម្បីអនាគតនៃកីឡា។»។

ចំណែកមេ FIFPRO វិញ ទទួលស្គាល់ថាកាលវិភាគប្រកួតមានភាពមាមាញឹកខ្លាំង ឈានដល់កម្រិតហានិភ័យ ហើយស្ថាប័នគ្រប់គ្រងកីឡាករអាជីពអឺរ៉ុប នឹងសហការជាមួយស្ថាប័នលីគ ក្លិប ក្រុមជម្រើសជាតិ និង UEFA ដើម្បីការពារសុខុមាលភាពកីឡាករ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top