Mbappe រួមចំណែកជួយ Real យកឈ្នះ Marseille បើកឆាក UCL ទោះនៅសល់សមាជិក ១០នាក់ក៏ដោយ

(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានក្លាយជាតួអង្គសំខាន់ តាមរយៈរកបាន ២គ្រាប់ម្នាក់ឯង រួមចំណែកជួយ Real Madrid យកឈ្នះក្រុមភ្ញៀវ Marseille ២-១ យប់មិញបើកឆាកពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករវ័យ ២៥ឆ្នាំ ដែលលេងក្នុងរដូវកាលទី២ របស់លោកនៅ Real និងរកបាន ៧គ្រាប់នៅ UCL រដូវកាលមុនផងនោះ ចាប់ផ្តើមរកបានគ្រាប់ទី១ របស់ខ្លួននៅនាទី២៨ ដោយបាល់ពិន័យ ១១ម៉ែត្រ និងក៏ជាគ្រាប់បាល់តាមស្មើ ១-១ ទៀតផង ក្រោយពេល Mason Greenwood បានបញ្ជូនបាល់ឱ្យ Timothy Weah បញ្ចប់ទីបានសម្រេចនៅនាទី២២ ដើម្បីបើកផ្លូវឱ្យក្រុមមកពី Ligue 1 នាំមុខបានតែ ៦នាទីផងដែរ។

ទោះជាយ៉ាងណា Real Madrid ដែលស្ថិតក្រោមការដឹកនាំក្នុងរដូវកាលដំបូងរបស់គ្រូបង្វឹកថ្មី លោក Xabi Alonso នៅតែអាចរកបាន ៣ពិន្ទុនៅកីឡដ្ឋាន Santiago Bernabeu បើកឆាក UCL នៅពេល Mbappe ទទួលបានបាល់ប៉េណាល់ទីជាលើកទី២ នៅនាទី៨១ ក៏ព្រោះតែខ្សែការពារ Facundo Medina របស់ Marseille បានចាប់ទាញ Vinicius Jr ក្នុងប្រអប់គ្រោះថ្នាក់។

អធិរាជស Real Madrid ដែលកំពុងឈរទីកំពូលតារាងលីគអេស្ប៉ាញ La Liga ផងនោះ បានលេងតែសមាជិក ១០ នាក់ប៉ុណ្ណោះចាប់ពីនាទីទី៧២ មក ដ្បិត Dani Carvajal ដែលបានចូលលេងជំនួស Trent Alexander-Arnold ត្រូវបានពិន័យកាតក្រហម៕

ប្រភព៖ FRESNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top