បណ្តាញកីឡាប្រដាល់ឃីកបុកស៊ីងពិភពលោក (World Kickboxing Network) បានប្រកាសពីការរៀបចំព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរ WKN ពិភពលោក ជាលើកដំបូងដែលប្រហែលជាមានកីឡាករគុនខ្មែរលំដាប់កំពូល ២ រូបត្រូវដណ្តើមខ្សែក្រវាត់នាចុងឆ្នាំ ២០២៥។
ព្រឹត្តិការណ៍គុនខ្មែរ WKN ពិភពលោកជាប្រវត្តិសាស្ត្រដំបូងនេះនឹងរៀបចំនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈកិច្ចសហការរវាង ស្ថាប័នប្រដាល់ WKN និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ស្ថាប័នប្រដាល់ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង បានលើកឡើងថា ព្រឹត្តិការណ៍នេះគឺជាការទទួលស្គាល់ និងការអភិវឌ្ឍកីឡាគុនខ្មែរដែលជាក្បាច់គុនបុរាណខ្មែរទូទាំងពិភពលោក។ តាមការគ្រោងទុក លោក Stephane Cabrera ប្រធានស្ថាប័ន WKN នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ដើម្បីបើកព្រឹត្តិការណ៍ប្រកួតជាមួយថ្នាក់ដឹកនាំកីឡានៅកម្ពុជា ក្នុងនោះមានលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាដើម។
អ្វីដែលគួរឲ្យកត់សំគាល់ បណ្តាញឃីកបុកស៊ីងពិភពលោក បានឲ្យដឹងថា គិតត្រឹមពេលនេះបានកំពុងឯកភាពគ្នាលើកីឡាករគុនខ្មែរដ៏ឆ្នើម ២ រូបដែលត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ប៉ុន្តែមិនទាន់ប្រកាសជាផ្លូវការពីកីឡាកររូបណានោះទេ។ ការប្រកាសជាផ្លូវការអំពីសមាសភាពកីឡាករនឹងធ្វើជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខ។
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឲ្យ«កម្ពុជាថ្មី»ដឹងថា សហព័ន្ធបានកំពុងធ្វើការជាមួយស្ថាប័ន WKN ពិតមែន ដើម្បីរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរ WKN ពិភពពលោកនៅទីក្រុងភ្នំពេញ។
កាលពីខែឧសភា ឆ្នាំ ២០២៥ ស្ថាប័នប្រដាល់អន្តរជាតិមួយនេះបង្ហាញរូបរាងខ្សែក្រវាត់គុនខ្មែរពិភពលោករបស់ខ្លួនជាផ្លូវការ។ ខ្សែក្រវាត់នេះបានក្លាយជាមហាកិត្តិយសពិតប្រាកដចំពោះក្បាច់គុនបុរាណរបស់ខ្មែរ។ នេះជាសមិទ្ធផលល្អឯកប្រកបដោយមោទនភាពដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ WKN និងស្មារតីឧត្តភាពនៃកម្ពុជា។ ច្នែបង្កើតឡើងដោយស្បែក និងមាស ខ្សែក្រវាត់នេះយកលំនាំតាមការឌីហ្សាញដើមរបស់ខ្សែក្រវាត់ WKN ប៉ុន្តែបានរចនាបន្ថែមទង់ជាតិកម្ពុជា និងបង្ហាញរូបចម្លាក់នៃអ្នកចម្បាំងខ្មែរពីបុរាណ ដែលជានិម្មិតសញ្ញាដ៏មានឥទ្ធិពលនៃកេរដំណែល ថាមពល និងមោទនភាព។
ប្រភព៖ KAMPUCHEATHMEY