ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឡុង ពិសិដ្ឋ តស៊ូ​ខ្លាំង​ក្នុង​អាជីព ពេល​​នេះ​អាច​ឈប់​ពី​ប្រដាល់

កីឡាករ​ប្រដាល់​គុន​ខ្មែរ​ទម្ងន់​ស្រាល ឡុង ពិសិដ្ឋ ហាក់​ដូច​ជាចង់​ដើរ​ចេញ​ពី​អាជីព​ប្រដាល់​ឈឺ​ខ្លួន​ដែល​រូប​គេ​ពុះ​ពារ​យ៉ាង​ខ្លាំង​​មុន​ពេល​ឈាន​ដល់​កម្រិត​ជោគជ័យ​នា​ពេល​បច្ចុប្បន្ន។

កាល​ពីថ្ងៃ​ទី​១៥​ ខែ​កញ្ញា ឆ្នាំ ២០២៥ លោក រិគី ដែល​ជា​គ្រូ​បង្វឹក​ក្លិប​ខ្លារខិន​មានឬទ្ធិ បាន​ប្រកាស​ស្វែង​រក​កីឡាករ ឡុង ពិសិដ្ឋ បន្ទាប់​ពី​មិន​អាច​ទាក់​ទង​បាន។ នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា គ្រូ​បង្វឹក​រូប​នេះ​បាន​សរសេរ​​​ហាក់​ដូច​ជា កូន​សិស្ស​របស់​លោក​ឈប់​ពី​ប្រដាល់​ថា ៖«មិន​អី​ទេ បាន​សុំ​បែប​នេះ គ្រូ​ជូន​ពរ​ការងារ​ថ្មី ក្រៅ​ពី​គុន​ខ្មែរ​ជោគជ័យ»។ ការសរសេរ​​បង្ហោះ​ជា​សាធារណៈ​របស់​លោក​គ្រូ រិគី បន្ទាប់​ពី​កីឡាករ ឡុង ពិសិដ្ឋ បាន​សរសេរ​ថា ៖«ខ្ញុំ ឡុង ពិសិដ្ឋ ឈប់​ហាត់​ហើយ»។

ខ្លឹមសារ​ខាង​លើ​ប៉ុណ្ណោះ​ក៏​មិន​ទាន់​អាច​សន្និដ្ឋាន​ថា កីឡាករ​រហស្សនាម«កណ្តុរ​ជ្រែក​ដី» ឡុង ពិសិដ្ឋ ឈប់​ពី​ប្រដាល់​គុន​ខ្មែរ​មែន​ទែន​ដែរ ពី​ព្រោះ​រូប​គេ​នៅ​ក្មេង ហើយ​​​ឈប់​មួយ​រយៈ​ពេល​ក៏​អាចវិល​ត្រឡប់​មក​ប្រដាល់​វិញ​បាន។ ម្យ៉ាង​វិញ​ទៀត រូប​គេ​បាន​ចាក​ចេញ​ពី​ក្លិប​របស់​លោក រិគី ហើយ​ក៏​អាច​ទៅ​ចូល​រួម​ជា​មួយ​​ក្លិប​ផ្សេង​បាន​ដែរ​ក្នុង​លក្ខណ​ដែល​ក្លិប​អនុញ្ញាត​ឲ្យ​​ចាក​ចេញ​ត្រឹម​ត្រូវ និង​មាន​ការ​សម្រប​សម្រួល​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ។

មុន​ពេល​មាន​អាជីព​ប្រដាល់ល្អ​ប្រសើរ ឡុង ពិសិដ្ឋ ត្រូវ​បាន​គេ​ដឹង​​ពី​​ការ​ខិត​ខំ​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​ទទួល​បាន​ឱកាស​ប្រកួត​ក្នុង​កម្មវិធី​ធំ។ កីឡាករ​ដែល​មានឈ្មោះ​ពិត ផុន ពិសិដ្ឋ ត្រូវ​បាន​បណ្តុះ​បណ្តាល​ដោយអ្នក​ស្រី ឡុង រ៉ាវី ម្ចាស់ក្លិប​ប្រដាល់​ខ្លារខិន​មាន​ឬទ្ធិ​តាំង​ពី​តូច។ នៅ​ឆ្នាំ ២០២៣ រូប​គេបាន​ឈ្នះ​មេដាយ​មាស​កីឡា​ស៊ីហ្គេម ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ដំបូង។ ក្រោយ​មក​អ្នក​ស្រី ឡុង រ៉ាវី បាន​ទទួល​មរណភាព​ដោយរោគាពាធ ហើយ​ក្លិប​បាន​ធ្លាក់​ទៅ​ប្អូន​ស្រី​របស់​គាត់​ និង​លោក​គ្រូ រិគី ជា​អ្នក​គ្រប់​គ្រង​បន្ត។

ទោះ​បី​ជា​បាន​ឈ្នះ​មេដាយ​មាស កីឡា​ស៊ីហ្គេម កីឡាករ​រូប​នេះ​មិន​សូវ​ទទួល​បាន​ឱកាស​ប្រកួត​ក្នុង​កម្មវិធី​សំខាន់​ៗ​ឡើយ​ដូច​ជា​ការ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់ ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់ ឬ​ប្រាក់​លាន​ជា​ដើម។ ​ចូល​ដល់​ខែ​សីហា ឆ្នាំ ២០២៣ ទើប​រូប​គេ​ទទួល​បាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជា​លើក​ដំបូងក្នុង​អាជីព​របស់​ខ្លួន​ដោយ​មានបេក្ខភាព ៤ នាក់។

ទី​បំផុត ឡុង ពិសិដ្ឋ បានឈ្នះ​ខ្សែ​ក្រវាត់​​​​ទម្ងន់​៥១​គីឡូក្រាម​ជា​លើក​ដំបូង​ក្នុង​អាជីព​ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​កីឡាករ អេលីត រស្មី (រស្មី គុន​ខ្មែរ) ដោយ​ពិន្ទុ បន្ទាប់​ពី​តស៊ូ​គ្នា​ ៣ ​ទឹក​ពេញ​ក្នុង​​កម្មវិធី​គុន​ខ្មែរអល​ស្តារ វគ្គ​៨ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សារព័ត៌មាន​«កម្ពុជា​ថ្មី»​បាន​សម្ភាស​​ក្រោយ​ឈ្នះ​ខ្សែ​ក្រវាត់ កីឡាករ ​ឡុង ពិសិដ្ឋ បាន​បង្ហាញ​អារម្មណ៍​ថា ៖«ខ្ញុំ​ពិត​ជា​​រំភើប​ខ្លាំង​​​ដែល​បាន​ឈ្នះ​ខ្សែ​ក្រវាត់​លើក​ដំបូង​ក្នុងជីវិត​។ មួយ​​ឆាក​ជីវិត​នេះ​ ខ្ញុំ​មិន​ធ្លាប់​ឈ្នះ​ទេ តែ​​ការ​​ឈ្នះ​នៅ​ពេល​នេះ ខ្ញុំ​ទប់​ទឹក​ភ្នែក​មិន​ជាប់​ ខ្ញុំ​​នឹក​​ដល់​គាត់ (អ្នក​ស្រី ឡុង រ៉ាវី)។ គាត់ជួយ​ខ្ញុំ​តាំង​ពី​តូច គាត់​មិន​ដែល​បាន​សប្បាយ​រីក​រាយ​នឹង​សមិទ្ធផល​របស់​ខ្ញុំ​ទេ តែ​ដល់​ពេល​ខ្ញុំ​ទទួល​បាន​ជោគជ័យ​នៅ​ពេល​នេះ គាត់​បានឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ…»។

ចាប់​តាំង​ពី​ពេល​នោះ​មក កីឡាករ ឡុង ពិសិដ្ឋ ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​លំដាប់​ជួរ​មុខ​ម្នាក់​ក្នុង​ទម្ងន់ ៥១​គីឡូក្រាម។ រូប​គេ​​ក៏​ទទួល​បាន​ឱកាស​ប្រកួត​ក្នុង​កម្មវិធី​ធំ​ៗ​ជា​បន្ត​បន្ទាប់ ហើយ​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ខ្លាំង។ ទោះ​បី​ជា​យ៉ាង​ណា នៅ​ខែ​កញ្ញា ឆ្នាំ​២០២៥​ រូប​គេបាន​​សុំ​ឈប់​ហាត់​ប្រដាល់​ហើយ​ហាក់​ដូច​ជា​ចង់​ធ្វើ​ការងារ​អ្វី​ផ្សេង​ក្រៅ​ពី​ប្រដាល់៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top