កីឡាករ រស្មី គុនខ្មែរ ថារូបគេពិតជាស្ដាយសមត្ថភាព ស្ដាយធនធានកីឡាករល្អដូចជា ឡុង ពិសិដ្ឋ ក្រោយទទួលដំណឹងមកថាមិត្តរួមអាជីពម្នាក់នេះសម្រេចចិត្តឈប់ពីវិស័យប្រដាល់គុនខ្មែរចាប់ពីពេលនេះតទៅហើយ។
ថ្លែងក្នុងកិច្ចសម្ភាស រស្មី គុនខ្មែរ បានលើកឡើងថា ឡុង ពិសិដ្ឋ ជាកីឡាករល្អលំដាប់ជួរមុខមួយរូបលើប្រភេទទម្ងន់ ៥១គីឡូក្រាមនៅកម្ពុជា។ កីឡាកររូបនេះជាដៃគូស្វិតស្វាញយូរណាស់មកហើយដែលមានប្រវត្តិជួបគ្នាម្ដងៗកក្រើកតគុនខ្មែរ។
សិស្សគុនមកពីក្លឹបគុនខ្មែរដួនតាខាងលើផ្ដាំផ្ញើទៅ ឡុង ពិសិដ្ឋ ថាបើខុសត្រូវយ៉ាងណាងាកមកនិយាយគ្នាវិញ ឬសុំទោសលោកគ្រូទៅរួចចូលមកប្រដាល់វិញមក។ ក្រៅតែពីប្រដាល់ក៏ពិបាកក្នុងការធ្វើការងារផ្សេងៗដែរ ព្រោះសម្លាញ់របស់ខ្លួនមិនសូវមានចំណេះដឹងអ្វីច្រើននោះឡើយ។
ចំណែកលោក រីកគី គ្រូបង្វឹករបស់ ឡុង ពិសិដ្ឋ បានលើកឡើងថា កូនសិស្សរបស់លោករូបគេធ្វើខុសច្រើនដងមកហើយ ប៉ុន្តែលោកតែងតែលើកលែងអត់អោនឲ្យជានិច្ច។ យ៉ាងណាមុនឈានដល់រឿងបែបនេះលោកបានព្យាយាមទាក់ទងទៅ ពិសិដ្ឋ ដែរតែទាក់ទងមិនបានជាច្រើនដង។ ទើបឃើញសារក្នុងគ្រុបរបស់ក្លឹបបញ្ជាក់ពី ឡុង ពិសិដ្ឋ ថាសម្រេចឈប់ពីប្រដាល់ចាប់ពីពេលនេះទៅហើយ។ លោកក៏យល់ព្រមទៅតាមការសម្រេចចិត្តរបស់សិស្សធ្វើម៉េចម្ចាស់ខ្លួនជ្រើសយកផ្លូវនេះទៅហើយមានតែជូនពរជោគជ័យការងារថ្មីប៉ុណ្ណោះ។
បញ្ជាក់ដែរថា ប្រមាណពីរថ្ងៃមកនេះតាមបណ្ដាញសង្គមក្នុងមជ្ឈដ្ឋានប្រដាល់បានឃើញលោក រីកគី បង្ហោះសារយល់ព្រមចំពោះការចាក់ចេញពីវិស័យប្រដាល់គុនខ្មែរចាប់ពីពេលនេះតទៅរបស់ ឡុង ពិសិដ្ឋ។ នេះមិនមែនជាបញ្ហាលើកទី១ទេរវាង ឡុង ពិសិដ្ឋ និងលោក រីកគី គ្រូបង្វឹកក្លឹបប្រដាល់ខ្លារខិនគុនខ្មែរកន្លងមកពាក់ព័ន្ធ និងវិស័យក្លឹប ការហ្វឹកហាត់កន្លងមក។ ថ្មីៗនេះលោក រីកគី បានបញ្ជាក់ថា ពិសិដ្ឋ គ្មានវិន័យមិនគោរពការហ្វឹកហាត់នោះឡើយ៕
ប្រភព៖ KAMPUCHEATHMEY