រដូវកាលនេះ ព្រះខ័នរាជស្វាយរៀង ជាក្រុមមានសក្តានុពលខ្លាំង តាំងពីតំបន់ការពារ ដល់ប្រយុទ្ធ

នៅរដូវកាល ២០២៥-២០២៦ នេះ ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កំពុងតែបង្ហាញសក្តានុពលដ៏ខ្លាំងក្លា អំពីប្រព័ន្ធលេងរបស់ខ្លួន ពោលតាំងពីតំបន់អ្នកចាំទី ការពារ រហូតដល់តំបន់ប្រយុទ្ធ។

ការប្រកួតក្នុងលីគកំពូល កម្ពុជា Cambodian Premier League រដូវកាលនេះ ក្រុម ព្រះខ័នរាជស្វាយរៀង មិនទាន់ស្គាល់រស់ជាតិបរាជ័យនៅឡើយទេ ដោយឆ្លងកាត់ ៥ ប្រកួត ឈ្នះទាំង ៥ ប្រកួត និងកំពុងកាន់កាប់តំណែងកំពូលតារាងក្នុងលីគ។ ខណៈការប្រកួតចុងក្រោយកាលពីល្ងាចថ្ងៃ សុក្រ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ ពួកគេទើបតែបន្តទទួលជ័យជម្នះលើក្រុម ឡាយហ្វ ព្រះសីហនុ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ក្នុងលទ្ធផល ៦ ទល់នឹង ១។

ដោយឡែកការប្រកួតផ្សេងៗទៀត ដូចជាពានបើករដូវកាល Cambodian Super Cup និងការប្រកួតពានក្លិបតំបន់ អាស៊ាន ASEAN Club Championship Shopee Cup រដូវកាលនេះ ក៏ក្រុមមានមូលដ្ឋាននៅខេត្ត ស្វាយរៀង មួយនេះ មិនទាន់ចាញ់នៅឡើយដែរ។

យ៉ាងណា បើក្រឡេកមកមើលអំពីការលេងរបស់ក្រុម គឺកាន់តែអស្ចារ្យថែមទៀត ដោយឆ្លងកាត់ការប្រកួត ៥ ប្រកួតក្នុងលីគកំពូល កម្ពុជា ពួកគេបានស៊ុតបញ្ចូលទីដៃគូដល់ទៅ ១៧ គ្រាប់ ខណៈរបូតគ្រាប់បាល់វិញត្រឹមតែ ១ គ្រាប់ប៉ុណ្ណោះ។ ប្រការនេះ បានបង្ហាញឱ្យឃើញ ថា ប្រព័ន្ធលេងរបស់ ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Matthew McConkey គឺល្អទាំងព្រមតែម្តង។ ជាពិសេស គឺតំបន់ការពារ និងតំបន់ប្រយុទ្ធ។

រឿងគួរឱ្យចាប់អារម្មណ៍បន្ថែមទៀត គឺកីឡាករបរទេស ២ រូប ដែលព្រះខ័នរាជស្វាយរៀង បាននាំចូលនៅរដូវកាលនេះ រួមមាន Patrick Robson និង Kwame Peprah កំពុងតែបង្ហាញសមត្ថភាពល្អខ្លាំង គួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន Patrick កំពុងឈរជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេក្នុងលីគ ពោលគឺចំនួន ៦ គ្រាប់ ដោយឈរនៅលើកីឡាករ Eduardo Junior របស់ អង្គរថាយហ្គើរ និង Kwame ដែលរកបាន ៥ គ្រាប់ដូចគ្នា។

គួរឱ្យដឹងថា ការប្រកួតបន្ទាប់ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបជាមួយក្រុមខ្លាំង វៀតណាម Nam Dinh FC ក្នុងពាន Shopee Cup នៅថ្ងៃទី ២៥ ខែ កញ្ញា។ លុះរំលងតែ ៣ ថ្ងៃ ពួកគេនឹងត្រូវបន្តបេកកម្មក្នុងលីគកំពូល កម្ពុជា បន្តទៀត ដោយត្រូវជួបជាមួយក្រុម ភ្នំពេញក្រោន នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៥៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top