កីឡាករថ្នាលគុនខ្មែរ រិទ្ធី គីងកុង និង រិទ្ធី លីហួ ប្រើរយៈពេលត្រឹម ២ឆ្នាំប៉ុណ្ណោះឈ្នះខ្សែក្រវាត់ ពានរង្វាន់ មេដាយ ជាច្រើនស្ទើរមិនជឿង ខណៈកេរ្តិ៍ឈ្មោះក៏ល្បីល្បាញមិនចាញ់កីឡាករធំៗនោះឡើយ។
នេះបើតាមការបង្ហោះនៅលើបណ្ដាញសង្គមកាលពីម្សិលមិញនេះបានបញ្ជាក់ថារយៈពេលប្រហែល ២ឆ្នាំមកនេះកីឡាករថ្នាលដែលជាបងប្អូនបង្កើត រិទ្ធី គីងកុង និង រិទ្ធី លីហួ ឈ្នះខ្សែក្រវាត់ ពាន ជាច្រើនដូចជា៖ រិទ្ធី គីងកុង ឈ្នះខ្សែក្រវាត់ ២គ្រឿង ពានរង្វាន់ ៣ និងមេដាយចំនួន ២គ្រឿង។
ចំណែកកីឡាករ រិទ្ធី លីហួ ២ឆ្នាំមកនេះឈ្នះខ្សែក្រវាត់ ១គ្រឿង មេដាយ ១គ្រឿង។ ជាមួយសមិទ្ធផលទាំងនេះ គីងកុង និង លីហួ សូមថ្លែងអំណរគុណដល់គ្រូបង្វឹកលោក ផាត សូដា និងលោកឪពុក អ្នកម្ដាយ ដែលបានអនុញ្ញាតឲ្យចូលហាត់គុនខ្មែរ និងគាំទ្រលោកទឹកចិត្តរហូតដល់ពេលនេះ។
បញ្ជាក់ដែរថា ថ្នាលគុនខ្មែរ រិទ្ធី គីងកុង និង រិទ្ធី លីហួ ចូលហាត់ប្រដាល់ប្រហែល ២ឆ្នាំមកហើយបច្ចុប្បន្ននេះជាសិស្សគុននៃក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃ បង្ហាត់ដោយលោក ផាត សូដា។ កីឡាករទាំងពីររួបនេះពិសេស រិទ្ធី គីងកុង គឺមានកេរ្តិ៍ឈ្មោះល្បីខ្លាំងដែលមហាជនស្រឡាញ់ចូលចិត្ត និងគាំទ្រជាច្រើនរាល់ពេលប្រកួតម្ដង់ៗ៕
ប្រភព៖ KAMPUCHEATHMEY