Mbappe បន្តរកបានគ្រាប់បាល់ជួយ Real ឈ្នះ Espanyol ដើម្បីឈរកំពូលតារាង La Liga យ៉ាងរឹងមាំ

(បរទេស)៖ អតីតប្រធានក្រុមមាន់គកបារាំង Kylian Mbappe បន្តរកបាន ១គ្រាប់បន្ថែមទៀត ក្នុងជ័យជម្នះ ២ទល់នឹង០ របស់ Real Madrid ទៅលើក្រុមភ្ញៀវ Espanyol នារាត្រីថ្ងៃសៅរ៍ ដើម្បីបន្តក្តោបក្តាប់តំណែងកំពូលតារាងលីគ La Liga ដ៏រឹងមាំផងដែរ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធ Mbappe រកបាន ៦គ្រាប់ហើយក្នុងលីគអេស្ប៉ាញរដូវកាលថ្មី ២០២៥-២៦ ដែលជាការចាប់ផ្តើមបានយ៉ាងល្អសម្រាប់កីឡាករវ័យ ២៥ឆ្នាំ នៃរដូវកាលទី២ របស់លោកនៅកីឡដ្ឋាន Santiago Bernebeu។

តាមរយៈលទ្ធផលនេះ Real អតីតរងជើងឯកលីគរដូវកាលមុន បន្តឈរទីកំពូលតារាងយ៉ាងរឹងមាំ ជាមួយនឹង ១៥ពិន្ទុ ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះទាំងអស់ តាមពីក្រោយដោយក្រុមការពារតំណែងជើងឯក FC Barcelona ដែលមានតែ ១០ពិន្ទុ ដ្បិតនៅសល់ ១ប្រកួតក្នុងដៃក្តី។

១គ្រាប់របស់ខ្សែប្រយុទ្ធដែលផ្ទេរពីក្លឹប Paris St. Germain គឺបានកើតឡើងនៅនាទី៤៧ ដើមវគ្គទី២ ក្រោយពេលខ្សែការពារប្រេស៊ីល Eder Militao ជាអ្នករកបានគ្រាប់បែកពងមាន់តាំងពីនាទី២២ មក។

ជារួម វាជាគ្រាប់បាល់ទី៧ របស់ Mbappe នារដូវកាលថ្មីនេះ គ្រប់កម្មវិធីរបស់ប្រកួតទាំងអស់នៃ Real Madrid ដែលបានយកឈ្នះក្រុមបារាំង Marseille នៅថ្ងៃបើកឆាកពានអឺរ៉ុប UEFA Champions League ក្នុងសប្តាហ៍នេះមកដែរ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top