នាយបេសកកម្ម NOCC ចូលរួម​កិច្ច​ប្រជុំ​ Asian Games Aichi-Nagoya 2026 នៅ​ជប៉ុន​ជា​មួយ​បណ្ដា​ប្រទេស​សរុប​ ៤៥

លោក​ ញ៉ាន​ សុខវិសាល​ នាយបេសកកម្មនៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​ចូលរួម​កិច្ចប្រជុំ​ជា​មួយ​បណ្ដា​ប្រទេស​សរុប​ ៤៥​ នៅ​ឯ​ប្រទេស​ជប៉ុន ​ដើម្បីត្រៀម​​ខ្លួន​ឆ្ពោះ​ទៅ​ការ​ប្រកួត​ Asian Games Aichi-Nagoya 2026។​

លោក​ បាន​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​នៅ​ Aichi-Nagoya ប្រទេស​ជប៉ុន​នេះ​គឺ​ដូច​តែ​ការ​ប្រជុំ​នាយ​បេសកកម្ម​រាល់​ដង​ដែរ​ស្ដាប់​ពី​វឌ្ឍនៈភាព​ការងារ​របស់​ម្ចាស់​ផ្ទះ​ពាក់ព័ន្ធ​ និង​ការស្នាក់នៅ​ហូបចុក ​ទីលាន​ប្រកួត ​ច្បាប់​ទម្លាប់​ នៃ​ការ​ចូលរួម​ប្រកួត​ សារធាតុ​មហាឃាត់​ និង​សន្តិសុខ​អំឡុង​ពេល​ព្រឹត្តិការណ៍​នេះ​មក​ដល់​ជា​ដើម។​

នាយបេសកកម្មខាង​លើ​បន្ត​ទៀត​ថា​ កម្ពុជា​ និង​បណ្ដា​ប្រទេស​ទាំង​៤៥​ បាន​ទៅ​ពិនិត្យ​នៅ​ទីលាន​ប្រកួត​ផ្សេងៗ​ និង​ទីតាំង​ប្រារព្ធ​ពិធីបើក-បិទ​ កីឡា​អាស៊ាន​ហ្គេម​ លើក​ទី២០​ ដែល​ម្ចាស់ផ្ទះ​ជប៉ុន​នឹង​ធ្វើ​ផង​ដែរ។​ ជា​មួយ​គ្នា​នេះ​កម្ពុជា​ រួម​ទាំង​ប្រទេស​ផ្សេងៗ​សរុប ​៦ប្រទេស​បានអញ្ជើញ​ឲ្យ​ឡើង​លើ​ឆាក​ទទួល​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ​ផងដែរ​ ខណៈមួយ​ទៀត​នោះ​​ដោយ​សារកម្ពុជា​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ (Asian Youth Games 2029) ផងទើប​ត្រូវ​បាន​ផ្ដល់​កិត្តិយសជា​ខ្លាំង​។​

បញ្ជាក់​ដែរ​ថា​ ​កិច្ចប្រជុំ​ Asian Games Aichi-Nagoya 2026 នៅ​ប្រទេស​ជប៉ុន​ នេះ​ធ្វើ​ឡើងចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥។​ តំណាងឲ្យ​​កម្ពុជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន​លោក ញ៉ាន​ សុខវិសាល​ និង​លោក​ អន​ ចិន្ត្រាសំរិត។​ ព្រឹត្តិការណ៍​កីឡា​អាស៊ី​ (Asian Games) លើក​ទី២០​ នឹង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ជប៉ុន​ ចាប់​ពី​ថ្ងៃទី១៩​ កញ្ញា​ ដល់​ ៤​ តុលា​ ឆ្នាំ​២០២៦​ ដែល​​នឹង​មាន​ ៤១​ប្រភេទ​កីឡា​ប្រកួត​ប្រជែង៕​

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top