Barcelona ដណ្តើមបានតំណែងកំពូលតារាង La Liga ក្រោយវាយបកឈ្នះ Sociedad

(បាសេឡូណា)៖ ក្រុមការពារតំណែងជើងលីគអេស្ប៉ាញ La Liga គឺ FC Barcelona បានឡើងទៅកាន់ទីកំពូលតារាងវិញ ក្រោយវាយបកឈ្នះ Real Sociedad ២ទល់នឹង១ យប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះមានន័យថា ក្រុមរបស់លោក Hansi Flick នៅតែរក្សាកំណត់ត្រាលេងក្នុងលីគ ៧ប្រកួតមិនចាញ់ដដែល ក្រៅពីឈ្នះ ៦ដង និងស្មើ ១ដង មាន ១៩ពិន្ទុ នាំមុខក្រុមលេខ២ Real Madrid ១ពិន្ទុ ក្រោយពេលពួកគេចាញ់ម្ចាស់ផ្ទះ Atletico Madrid ៥-២ កាលពីរាត្រីថ្ងៃសៅរ៍។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ Alvaro Odriozola ជាអ្នករកបានគ្រាប់នាំមុខឱ្យក្រុមភ្ញៀវ Sociedad នៅនាទី៣១ មុនពេលសមាជិកថ្មី Marcus Rashford បានបញ្ជូនបាល់ឱ្យ Kounde បញ្ចប់ទីតាមស្មើ ១-១ នៅខ្វះ ២នាទីដល់ម៉ោងបញ្ចប់នៃវគ្គទី១ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់។

ការចាប់ផ្តើមលេងវគ្គទី២ បានដល់នាទី៥៩ ទើបខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski បានបំប៉ោងសំណាញ់ទីគ្រាប់ទី២ ឱ្យក្រុមអ្នកមានបុណ្យ ដែលជាការបញ្ជូនរបស់មិត្តរួមក្រុម Lamine Yamal និងបន្តដល់ចប់ការប្រកួតតែម្តង៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top