ខ្សែប្រយុទ្ធសញ្ជាតិ បារាំង កីឡាករ Kylian Mbappe កំពុងបង្ហាញភាពលេចធ្លោខ្លាំង ក្នុងពានរង្វាន់ក្លិបកំពូលទ្វីបអឺរ៉ុប UEFA Champions League ដោយបច្ចុប្បន្នរូបគេមានវ័យទើប ២៦ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានឈានចូលចំណាត់ថ្នាក់លំដាប់កំពូលទាំង ៦ ជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុត។
Mbappe រកបានគ្រាប់បាល់ បានចំនួន ៦០ គ្រាប់ហើយក្នុងពាន UCL ខណៈគ្រាប់បាល់ទី ៦០ នេះ គឺរូបគេរកបានអំឡុងការប្រកួត ដែល Real Madrid យកឈ្នះលើក្រុម Kairat ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃទី ៣០ ខែ កញ្ញា កន្លងទៅ ដោយពេលនោះរូបគេបានស៊ុតបញ្ចូលទីចំនួន ៣ គ្រាប់ (hat-trick)។
ខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះ បច្ចុប្បន្នស្ថិតនៅក្រោមអតីតកីឡាករ និងកីឡាករ ៥ នាក់ប៉ុណ្ណោះ រួមមានលោក Raul ស្ថិតនៅលេខ ៥ រកបាន ៧១ គ្រាប់។ Karim Benzema ស្ថិតនៅលេខ ៤ រកបាន ៩០ គ្រាប់។ Robert Lewandowski ស្ថិតនៅលេខ ៣ រកបាន ១០៥ គ្រាប់។ Lionel Messi ស្ថិតនៅលេខ ២ រកបាន ១២៩ គ្រាប់ និង Cristiano Ronaldo ស្ថិតនៅលេខ ១ រកបាន ១៤០ គ្រាប់។
Mbappe កំពុងស្ថិតនៅលើផ្លូវវែងឆ្ងាយទៀត ដើម្បីវ៉ាស្ថិតិរបស់កីឡាករ និងអតីតកីឡាករខាងលើ ស្របពេលអ្នកខ្លះបានចូលនិវត្តន៍ទៅហើយ ហើយអ្នកខ្លះក៏មានវ័យជ្រែខ្លាំង ខណៈអ្នកខ្លះទៀតបានចាកចេញពីបាល់ទាត់ អឺរ៉ុប រួចហើយ៕
ប្រភព៖ KAMPUCHEATHMEY



