សូរិយ៉ា មេឃា មានមហិច្ឆតាជាមួយក្លឹបថ្មីចង់ល្បីចង់មានផ្ទះ មានឡាន ដូចរៀមច្បងៗ
កីឡាករ សូរិយ៉ា មេឃា ថាការមកកាន់ក្លឹបថ្មីនេះគឺខ្លួនចង់សាងកេរ្តិ៍ឈ្មោះឲ្យបានល្បីដូចរៀមច្បងៗក្នុងគុនខ្មែរ និងជោគជ័យមានឡាន មានផ្ទះ មានលុយ នៅថ្ងៃខាងមុខ។ សូរីយ៉ា មេឃា ឬហៅឈ្មោះថ្មីថា អេលីត មេឃា បានឲ្យដឹងថា ខ្លួនពិតជាមានចិត្តសប្បាយរីករាយដែលមកកាន់ក្លឹបថ្មី ស្របស្រឿយគុនខ្មែរ នៅពេលនេះ។ ក្លឹបថ្មីនេះស្អាតល្អ មានសម្ភារហ្វឹកហាត់សំបូរគ្រប់គ្រាន់ និងហ្វឹកហាត់ខ្លាំងជាងក្លឹបចាស់ទៀតផង។ អ្នកលេងគុនខ្មែររូបនេះបន្តទៀតថា មហិច្ឆតារបស់ខ្លួនជាមួយក្លឹបថ្មីនេះគឺនឹងខំប្រឹងហ្វឹកហាត់ និងឡើងប្រកួតឲ្យបានល្អសាងកេរ្តិ៍ឈ្មោះឲ្យបានល្បី។ មួយវិញទៀតគឺនឹងប្រឹងឲ្យក្លាយជាកីឡាករល្អមួយរូប និងទទួលបានភាពជោគជ័យដូចជាមានឡានជិះ មានផ្ទះនៅ មានលុយ ដូចរៀមច្បងផ្សេងៗដែលជោគជ័យកន្លងមក។ អេលីត មេឃា សូមឲ្យមហាជនជួយគាំទ្រខ្លួនផងនៅពេលឡើងប្រកួតថ្ងៃខាងមុខនេះ។ រូបគេនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព និងដឹងគុណចំពោះអ្នកគាំទ្រខ្លួនដែលស្រឡាញ់ចូលចិត្តផងដែរ។ បញ្ជាក់ដែរថា កីឡាករ អេលីត មេឃា បានផ្លាស់ប្ដូរក្លឹបថ្មីហើយគឺមកកាន់ក្លឹបស្របស្រឿយគុនខ្មែរ ដែលមានលោក ស៊ន អេលីត ជាអ្នកបង្ហាត់មើលការខុសត្រូវ។ កីឡាកររូបនេះកំពុងសម្រុកហ្វឹកហាត់ខ្លាំងដើម្បីត្រៀមចេញប្រកួតតាមកម្មវិធីផ្សេងៗនៅពេលខាងមុខ៕ ប្រភព៖ KAMPUCHEATHMEY






