ជើងខ្លាំងជប៉ុន Inoue ហាក់ខកចិត្ត ទោះបីផ្តួល Picasso ដោយពិន្ទុឯកច្ឆន្ទក្តី
(រីយ៉ាដ)៖ កីឡាករប្រដាល់សកលជប៉ុន Naoya Inoue ប្រៀបបីដូចមិនសូវសប្បាយចំពោះជ័យជម្នះដែលបានផ្តួលគូប្រជែង Alan Picasso Romero ដោយពិន្ទុឯកច្ឆន្ទក្តី នៅឯទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីរាត្រីថ្ងៃសៅរ៍។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Picasso វ័យ ២៥ឆ្នាំ ពុំអាចទប់ជាប់នូវល្បឿនលឿន និងរាងកាយដ៏រឹងមាំ របស់កីឡាករវ័យ ៣២ឆ្នាំ Inoue បានឡើយ ក្រោយពីតស៊ូអស់ចំនួន ១២ពេញក៏ដោយ ជាមួយនឹងពិន្ទុចាញ់ដាច់តែម្តងរួមមាន ១១៩-១០៩ ១២០-១០៨ និង ១១៧-១១១។ ទោះជាបែបនេះក្តី Inoue នៅតែមានអារម្មណ៍ខកចិត្តពីប្រកួតនេះដដែល ដោយលោកបានថ្លែងថា «ទម្រង់ប្រកួតរបស់ខ្ញុំនារាត្រីនេះ នៅមិនទាន់ល្អគ្រប់គ្រាន់នោះទេ។ មែនទែនទៅ ខ្ញុំគួរតែធ្វើបានល្អជាងនេះទៀត»។ ឆ្លងតាមជ័យជម្នះនេះដែរ បានញាំងឱ្យ Inoue ដែលមានរហស្សនាម «The Monster» បង្កើនកំណត់ត្រាឈ្នះដល់ទៅ ៣២លើក ដោយក្នុងនោះដែរធ្លាប់ផ្តួលដៃគូសន្លប់លើសង្វៀនបាន ២៧លើកទៀតផង។ សម្រាប់ឆ្នាំ២០២៦ ខាងមុខរូបគេមានឱកាសខ្ពស់ក្នុងការជួបប្រកួតទល់នឹង Junto Nakatani៕ ប្រភព៖ FRESHNEWS
ជើងខ្លាំងជប៉ុន Inoue ហាក់ខកចិត្ត ទោះបីផ្តួល Picasso ដោយពិន្ទុឯកច្ឆន្ទក្តី Read More »






