លោក Jose Mourinho អ្នកចាត់ការ SL Benfica គ្រាន់តែវិលត្រឡប់ជាន់ទឹកដីក្រុម FC Porto វិញភ្លាម បានបង្កឱ្យអ្នកគាំទ្រក្រុមសងខាងផ្ទុះហិង្សាដាក់គ្នា ក្នុងការប្រកួតដែលក្រុមទាំងពីរស្មើ ១-១ ក្នុងលីគកំពូលព័រទុយហ្កាល់ ថ្ងៃទី៦ ខែតុលា។ អ្នកគាំទ្រ Porto ខ្លះបានចោលសម្ភារៈផ្សេងៗចូលទីលានសំដៅរហស្សនាម Special One ទៀតផង។
ទោះត្រូវអ្នកគាំទ្រ Porto ចោលរបស់របរដាក់ខ្លួន តែបុរសវ័យ ៦២ឆ្នាំ រក្សាភាពស្ងៀមស្ងាត់ និងដើរត្រឡប់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ព្រមទាំងរើសសម្ភារៈមួយចំនួននោះ ដោយមិនតបតរទៅនឹងភាពខឹងសម្បារបស់អ្នកគាំទ្រវិញឡើយ។ លោក Mourinho ជាន់ដី FC Porto លើកដំបូង ក្រោយលោកចាកចេញក្នុងឆ្នាំ ២០០៤ ជាពេលដឹកនាំក្រុមនេះលើកពាន UEFA Champions League។
តែការវិលត្រឡប់ក្នុងនាមជាអ្នកចាត់ការក្រុមគូប្រជែង SL Benfica បានធ្វើឱ្យអ្នកគាំទ្រក្នុងកីឡដ្ឋាន Estadio do Dragao ផ្ទុះកំហឹង និងចាត់ទុកលោក Mourinho ជាជនក្បត់ក្លិបថែមទៀត។
ភាគច្រើនអ្នកគាំទ្រ Porto ខកចិត្តពេលឃើញអតីតកំពូលអ្នកចាត់ការខ្លួន កាន់កាប់តំណែងនៅក្លិបគូប្រជែង ហើយការប្រកួតនោះ អ្នកគាំទ្រនាំគ្នាស្រែកច្រៀងចំអកខ្លាំងៗលើ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់។ អ្នកគាំទ្រខ្លះទៀត លើកបដា ដោយនិយាយថា លោក Mourinho លែងមានអ្វីពិសេសសម្រាប់ពួកគេ ឬជាវីរបុរសពួកគេទៀតហើយ និងថែមទាំងដកងារ Special One ពីលោក Mourinho ថែមទៀត។
ដបទឹក កាំជ្រួចភ្លើងបានគប់ចូលទីលានពីកន្លែងអង្គុយទស្សនា រហូតបង្កការប៉ះទង្គិចប្រតាយប្រតប់គ្នារវាងអ្នកគាំទ្រក្រុមទាំងសងខាង និងឈានដល់មន្រ្តីការពារសន្តិសុខជាច្រើនអ្នកចូលទៅហាមឃាត់ និងឃាត់ខ្លួនជនបង្ក។
ចប់ការប្រកួតភ្លាមៗ អតីតអ្នកចាត់ការ Real Madrid, Inter Milanm Man Utd, Chelsea, Spurs ដើរចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ទាំងស្ងប់ស្ងាត់ និងមិនបាននិយាយឆ្លើយតបអ្វីទាក់ទងនឹងបញ្ហាបានកើតឡើងរវាងអ្នកគាំទ្រក្រុមសងខាងឡើយ។
អ្នកគាំទ្រម្នាក់ បង្ហោះលើបណ្តាញសង្គម X ដោយនិយាយថា ការប្រកួតរវាងក្លិប Benfica និង Porto មិនមែនជាការប្រកួតបាល់ទាត់ឡើយ នោះគឺជាការធ្វើសង្គ្រាមរវាងអ្នកគាំទ្រព្រោះតែលោក Mourinho ម្នាក់។
អាជ្ញាធររៀបចំការប្រកួត ក៏បានប្រកាសថាខ្លួននឹងស៊ើបអង្កេតករណីហិង្សា ខណៈក្លិបទាំងសងខាងប្រឈមមុខនឹងការដាក់ពិន័យ ចំពោះការមិនអាចគ្រប់គ្រងលើអាកប្បកិរិយាអ្នកគាំទ្របាន។
អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់បានចូលកាន់តំណែងនៅ Benfica កាលពីខែកញ្ញាកន្លងទៅ ក្រោយពីក្លិប Fenerbahce បញ្ចប់តំណែងរបស់លោក ហើយពេលចូលកាន់តំណែង លោក Mourinho សន្យានាំក្រុមឱ្យឈ្នះជើងឯកលីគកំពូលព័រទុយហ្កាល់ឡើងវិញ៕
ប្រភព៖ THMEYTHMEY



