គ្រូបង្វឹកក្រុមជម្រើសជាតិអៀរឡង់ លោក Heimir Hallgrimsson បង្ហាញជំហរទាមទារឱ្យសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដកក្រុមជម្រើសជាតិអ៊ីស្រាអែល ចេញពីការប្រកួត World Cup 2026 ដូចទៅនឹងរុស្ស៊ី និងបេឡារុស។ គ្រូអៀរឡង់ បារម្ភថា នៅពេលក្រុមធ្លាក់វគ្គចែកពូល តែត្រូវទៅប៉ះក្រុមអ៊ីស្រាអែល នៅវគ្គ Playoffs បន្ត។
សប្តាហ៍នេះ UEFA នឹងរៀបចំការបោះឆ្នោតសម្រេច លើការដក ឬទុកក្រុមអ៊ីស្រាអែល នៅក្នុងការប្រកួតអន្តរជាតិរបស់ខ្លួន ក្រោយគណៈកម្មាធិការប្រតិបត្តិអង្គការសហប្រជាជាតិ UN ចោទប្រកាន់អ៊ីស្រាអែល ថាបានប្រព្រឹត្តិអំពើប្រល័យពូជសាស្រ្ត នៅតំបន់កាហ្សា។
អ៊ីស្រាអែល បច្ចុប្បន្នជាក្រុមឈរលេខ ៣ ក្នុងពូល I ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោកតំបន់អឺរ៉ុប ឈរពីក្រោមក្រុមខ្លាំងៗ រួមមាន ន័រវែស ដែលឈរកំពូលតារាងមាន ១៥ពិន្ទុពីការប្រកួត៥លើក និងអ៊ីតាលី លេខ ២ ឆ្លងកាត់ ៤ប្រកួត មាន ៩ពិន្ទុ និងឈរលើក្រុមអេស្តូនី និងម៉ុលដាវី។
ក្រុមឈរតំណែងកំពូលតារាងវគ្គចែកពូលជម្រុះ World Cup 2026 ទ្វីបអឺរ៉ុប នឹងឈ្នះកៅអីស្វ័យប្រវត្តិ ទៅកាន់ការប្រកួតនៅលើទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក។ ក្រុមលេខ ២ តាមពូល ត្រូវបន្តឆ្លងទៅកាន់វគ្គ Playoffs ដណ្តើមកៅអីបន្ត។
ចំណែកក្រុមអៀរឡង់វិញ ជាក្រុមមិនសូវសមប្រកបឡើយ ដោយឈរបាតតារាងក្នុងពូល F ជាមួយក្រុមខ្លាំងដូចជាព័រទុយហ្កាល់ អាល់មេនី និងហុងគ្រី។
លោក Hallgrimsson គ្រូអៀរឡង់ ជឿជាក់យ៉ាងមុតមាំថា UEFA នឹងសម្រេចដកអ៊ីស្រាអែល ពីការប្រកួតអន្តរជាតិរបស់ខ្លួន ព្រមទាំង FIFA ក៏ដូចគ្នា។
សម្រាប់គ្រូបង្វឹកវ័យ ៥៨ឆ្នាំ មិនចង់ជួបតទល់នឹងក្រុមអ៊ីស្រាអែលឡើយ នៅវគ្គ Playoffs ករណីក្រុមធ្លាក់ត្រឹមវគ្គចែកពូល ហើយត្រូវបន្តដំណើរប្រកួតប្រជែងបន្តទៀតនោះ។ «ខ្ញុំមើលមិនឃើញពីភាពខុសគ្នា រវាង FIFA និង UEFA ដែលបានដាក់ទណ្ឌកម្មលើរុស្ស៊ី តែ វាមិនមែនជាអ៊ីស្រាអែល ពេលបច្ចុប្បន្ន ខ្ញុំពិតជាចង់ឃើញអ៊ីស្រាអែល ត្រូវបានដកចេញពីការប្រកួត។
តើខ្ញុំអាចនឹងជួបការលំបាកទេ ប្រសិនបើពួកគេចង់ឱ្យយើង ប្រកួតទល់នឹងអ៊ីស្រាអែល នៅវគ្គបន្ទាប់ ឬប្រសិនពួកគេ ក្នុងពូលជាមួយយើង។ ពិតណាស់ ខ្ញុំនឹងនិយាយថា គ្មានបញ្ហាទេ ប៉ុន្តែរឿងហេតុដ៏សោកសៅ នឹងកើតមានក្នុងការប្រកួតនោះ។ បើ FIFA និង UEFA ហាមឃាត់ប្រទេសមួយ លើបញ្ហាស្រដៀងគ្នា នោះវាគ្មានអ្វីចម្លែកនោះទេ។»។ នេះបើតាមការលើកឡើងរបស់លោក Hallgrimsson ប្រាប់កាសែត The Irish Times។
បើតាមក្រសួងសុខាភិបាលតំបន់កាហ្សា មនុស្សប្រមាណ ៦ម៉ឺននាក់បានស្លាប់ ហើយក្នុងចំណោមនោះ មានកុមារជាង ១៧ ០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្គ្រាមតំបន់កាហ្សា ដែលអ៊ីស្រាអែល អះអាងថា ជាការវាយប្រហារលើក្រុមជ្រុលនិយមហាម៉ាស់ តាំងពីឆ្នាំ ២០២៣ មក។
ទោះយ៉ាងណា តាមការចុះផ្សាយរបស់កាសែត The Guardian ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប (UEFA) ត្រូវបានគេដឹងថា កំពុងតែស្វែងរកឱកាស ក្នុងការបញ្ចៀសការហាមឃាត់អ៊ីស្រាអែល ចេញពីការប្រកួតជម្រុះ World Cup 2026 ឬបើទោះការព្យួរ ត្រូវបានសម្រេចក៏ ដោយក្នុងសប្តាហ៍នេះ៕
ប្រភព៖ THMEYTHMEY



