ឆ្នាំ​មុន​ចាញ់ ព្រះខ័នរាជស្វាយរៀង ខណៈ​ឆ្នាំ​នេះ SP Falcons ប្លែក​ខ្លាំង មុនជួបគ្នាជាថ្មី

ក្រុម SP Falcons មកពីម៉ុងហ្គោលី ជាគូប្រជែងមួយរបស់ ព្រះខ័នរាជស្វាយរៀង មួយ ក្នុងចំណោមគូប្រជែង ២ ផ្សេងទៀតរួមមាន Mania Digger FC និង Ezra FC នៅក្នុងពូល D សម្រាប់ការប្រកួតវគ្គសន្សំក្នុងពូលពានក្លិបទ្វីប អាស៊ី កម្រិតទី ៣ AFC Challenge League រដូវកាល ២០២៥-២០២៦។

ក្រុម SP Falcons ត្រូវបានគេមើលឃើញ ថា ហាក់មានការប្រែប្រួលច្រើនសម្រាប់រដូវកាលនេះ បើធៀបនឹងរដូវកាលមុន ២០២៤-២០២៥។ កាលពីរដូវកាលមុន ក្រុម SP Falcons ធ្លាប់ជួបជាមួយក្រុម ព្រះខ័នរាជស្វាយរៀង រួចម្តងហើយ នៅក្នុងការប្រកួតវគ្គសន្សំក្នុងពូលពាន ACGL នេះ ដោយពេលនោះក្រុមរបស់ ម៉ុងហ្គោលី បានបរាជ័យក្រោមថ្វីជើងក្រុម ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២ ទល់នឹង ១។

នៅរដូវកាលនេះ ពួកគេនឹងត្រូវជួបគ្នាម្តងទៀត ដែលជាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពាន ACGL ដដែល។ មុនការប្រកួតមកដល់ បើក្រឡេកមកមើលអំពីសមាសភាពកីឡាករក្រុម SP Falcons ហាក់មានការប្រែប្រួលច្រើន ប៉ុន្តែសម្រាប់គ្រូបង្វឹក នៅរក្សាដដែលគឺលោក Arthur Paulino Ferreira សញ្ជាតិប្រេស៊ីល។

កាលពីរដូវកាលមុន ក្រុម SP Falcons មានកីឡាករបរទេសរហូតដល់ទៅ ៩ នាក់ ប៉ុន្តែនៅរដូវកាលនេះវិញ គឺមានត្រឹមតែ ៦ នាក់ប៉ុណ្ណោះ។ ពួកគេបានបញ្ចេញកីឡាករបរទេស ៥ នាក់ និងបាននាំចូលវិញចំនួន ២ នាក់ ដែលរួមមានខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយបេគីស្ថាន កីឡាករ Reza Ayvazov និង ខ្សែបម្រើសញ្ជាតិ ប្រេស៊ីល Marlon Santos។

សម្រាប់រដូវកាលនេះ ក្រុមជើងឯកលីគកំពូល ម៉ុងហ្គោលី នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន មិនខុសពីរដូវកាលមុនប៉ុន្មានឡើយ ដោយឆ្លងកាត់ការប្រកួត ៤ ប្រកួតក្នុងលីគ ពួកគេមិនទាន់ចាញ់ឡើយ ក្នុងនោះឈ្នះ ២ និងស្មើ ២ មាន ៨ ពិន្ទុកំពុងឈរនៅលើកំពូលតារាង ហើយក្នុងចំណោមការប្រកួតទាំង ៤ ប្រកួតនោះពួកគេស៊ុតចូលគូប្រកួត ១០ គ្រាប់ និងរបូតវិញ ១ គ្រាប់។

កីឡាករក្នុងក្រុម SP Falcons គឺមិនត្រូវបានបង្ហាញជាក់លាក់អំពីព័ត៌មានលម្អិតឡើយ ប៉ុន្តែតាមរយៈទិន្នន័យត្រួសៗ គឺពួកគេមានកីឡាករម្នាក់គួរឱ្យចាប់អារម្មណ៍បំផុត នោះគឺខ្សែប្រយុទ្ធចំណូលថ្មីសញ្ជាតិ អ៊ុយបេគីស្ថាន កីឡាករ Reza Ayvazov។ ថ្មីៗនេះរូបគេទើបស៊ុត ៣ គ្រាប់ (hat-trick) ជួយឱ្យ SP Falcons យកឈ្នះលើក្រុម Khoromkhon ៧-០។

ក្រៅអំពី Ayvazov មានកីឡាករ ២ នាក់ទៀត នោះគឺខ្សែបម្រើសញ្ជាតិ ម៉ុងហ្គោលី Batkhishig Mygmar និងខ្សែប្រយុទ្ធស្លាបសញ្ជាតិ ប្រេស៊ីល Andre Ferreira ក៏គួរឱ្យចាប់អារម្មណ៍ផងដែរ ដោយអ្នកទាំង ២ ជាអ្នកនាំលេងដ៏សំខាន់របស់ក្រុម។

គួរបញ្ជាក់ថា ការប្រកួតវគ្គសន្សំពិន្ទុពាន ACGL ប្រចាំពូល D គឺក្រុម ព្រះខ័នរាជស្វាយរៀង ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ដែលការប្រកួតនឹងធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិ មរតកតេជោ ពីថ្ងៃទី ២៦ ខែ តុលា ដល់ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៥៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top