ក្រុមបាល់ទាត់ជម្រើសជាតិ ឥណ្ឌូណេស៊ី អាចនឹងបង្កើតប្រវត្តិសាស្ត្រជាក្រុមក្នុងតំបន់ អាស៊ាន ដំបូងគេឡើងទៅកាន់ជុំចុងក្រោយនៃពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក World Cup ឆ្នាំ ២០២៦ ប្រសិនបើពួកគេឈ្នះការប្រកួតទាំង ២ ប្រកួតនៅក្នុងជុំទី ៤ នៃវគ្គជម្រុះ World Cup ប្រចាំទ្វីបអាស៊ី។
នៅតំបន់ អាស៊ី បានរកឃើញក្រុមជម្រើសជាតិចំនួន ៦ ហើយ ដែលបានឡើងទៅជុំចុងក្រោយពានបាល់ទាត់ជើងឯកពិភពលោក ឆ្នាំ ២០២៦ បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងជុំទី ៣ ក្នុងនោះមាន អ៉ីរ៉ង់ អ៊ុយបេគីស្ថាន កូរ៉េខាងត្បូង ហ្ស៊កដានី ជប៉ុន និង អូស្ត្រាលី។
ដោយឡែក ឥណ្ឌូណេស៊ី វិញ គឺជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ក្នុងពូល C ទទួលបានកៅអីឡើងមកជម្រុះជុំទី ៤ បន្ត ដើម្បីស្វែងរកកៅអី ២ ក្រុមទៀតក្នុងការឡើងទៅជុំចុងក្រោយពានបាល់ទាត់ជើងឯកពិភពលោក ឆ្នាំ ២០២៦។ ក្នុងជុំទី ៤ នេះ ឥណ្ឌូណេស៊ី ស្ថិតនៅក្នុងពូល B ជាមួយក្រុម អារ៉ាប៊ីសាអ៊ូឌីត និង អ៉ីរ៉ាក់។ ចំណែកពូល A មាន កាតា អារ៉ាប់រួម និង អូម៉ង់។
ពេលនេះ ឥណ្ឌូណេស៊ី បានក្លាយជាក្តីសង្ឃឹមតែ ១ គត់ សម្រាប់ជម្រើសជាតិក្នុងតំបន់ អាស៊ាន ក្នុងការឡើងទៅកាន់ជុំចុងក្រោយពានបាល់ទាត់ជើងឯក ២០២៦ ជាលើកដំបូង។ លក្ខខណ្ឌ ដែលអាចឱ្យពួកគេឡើងទៅជុំចុងក្រោយបាន គឺទាល់តែឈ្នះការប្រកួតទាំងអស់ក្នុងពូល B ពោលគឺត្រូវឈ្នះ អារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី ៨ ខែ តុលា និងមួយប្រកួតទៀតទល់នឹងក្រុម អ៉ីរ៉ាក់ នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៥។
គួរបញ្ជាក់ជាថ្មីថា ការប្រកួតជុំទី ៤ នេះ គឺមាន ២ ពូល។ ក្រុមលេខ ១ ក្នុងពូលនីមួយៗ នឹងទទួលបានកៅអីឡើងទៅជុំចុងក្រោយតែម្តង។ ចំណែកក្រុមលេខ ២ ក្នុងពូលនីមួយៗ នឹងត្រូវឡើងមកជុំទី ៥ ដែលជាជុំចុងក្រោយ ដើម្បីធ្វើការជម្រុះ Playoff ។ ក្រុមណាទទួលបានជ័យជម្នះ នឹងទទួលបានកៅអីឡើងទៅប្រកួតជម្រុះ Playoff ជាមួយក្រុមមកពីទ្វីបផ្សេង ដើម្បីស្វែងរក ១ ក្រុមគត់ ឡើងទៅជុំចុងក្រោយ៕
ប្រភព៖ KAMPUCHERTHMEY



