កំពូលអ្នកប្រដាល់ឃីកបុកស៊ីងចិន កីឡាករ Ouyang Feng នៅតែបន្តកាន់កាន់កាប់ខ្សែក្រវាត់ K-1 Super Welterweight ទម្ងន់ ៧០ គីឡូក្រាម បន្ទាប់ពីដណ្តើមបានតាំងពីឆ្នាំ ២០២៣។ រឿងដែលពិសេសមួយទៀត រូបគេមិនទាន់ស្គាល់បរាជ័យឡើយសម្រាប់ការប្រកួត ១៥ ប្រកួតចុងក្រោយ។
កីឡាករ Ouyang Feng ជាតារាប្រដាល់ឆ្នើមមួយរូបរបស់ចិន កំពុងគ្រងខ្សែក្រវាត់ជាច្រើន ប៉ុន្តែខ្សែក្រវាត់ធំបំផុតរបស់គេ មាន ៣ រួមមាន K-1 ទម្ងន់៧០គីឡូក្រាម, ខ្សែក្រវាត់ពិភពលោក Wu Lin Feng ទម្ងន់ ៧០ គីឡូក្រាម និងនៅឆ្នាំ ២០២៥ ទើបដណ្តើមខ្សែក្រវាត់ពិភពលោក Wu Lin Feng World MAX ទម្ងន់ ៧០ គីឡូក្រាម។ គិតត្រឹមខែ តុលា ឆ្នាំ ២០២៥ រូបគេធ្លាប់ប្រកួតបានចំនួន៤៨ លើក ឈ្នះ ៤៤ (ផ្តួលដៃគូឱ្យសន្លប់ ២១ លើក) ចាញ់៣ និងមិនប្រកាសលទ្ធផល១លើក។
រម្លឹកអំពីខ្សែក្រវាត់ K-1 Super Welterweight ដែលជាខ្សែក្រវាត់ទម្ងន់ ៧០ គីឡូក្រាមតែមួយគត់ប្រចាំស្ថាប័នកំពូលរបស់ ជប៉ុន K-1 គឺ Ouyang Feng បានគ្រប់គ្រងរយៈពេល ៣ ឆ្នាំមកហើយ បន្ទាប់ពីផ្តួលកីឡាករម្ចាស់ផ្ទះ ជប៉ុន Hiromi Wajima ឲ្យសន្លប់ក្នុងទឹកទី ២ កាលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣។ តាំងពីពេលនោះមក គឺមិនទាន់មានកីឡាករណាម្នាក់អាចមកដណ្តើមពីកីឡាករចិនរូបនេះបានទេ។ ជាក់ស្តែងកាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៥ ក៏មានកីឡាករ ហូល្លង់ Darryl Verdonk ម្នាក់ចូលមកដណ្តើមផងដែរ ប៉ុន្តែត្រូវបានចាញ់ដោយពិន្ទុ។
រឿងដ៏អស្ចារ្យ ក្នុងរយៈពេល ៧ ឆ្នាំមកនេះ ពោលរាប់ពីឆ្នាំ ២០១៨ មក កីឡាករ Ouyang Feng ចាប់អាជីពជាកីឡាករប្រដាល់ គឺរូបគេធ្លាប់ចាញ់តែ ៣ ដងគត់ ក្នុងនោះគឺចាញ់ក្រោមដៃកីឡាករ បេឡារុស Dzianis Zuev ដោយពិន្ទុនៅឆ្នាំ ២០១៩។ ឆ្នាំ ២០១៩ ដដែល បានចាញ់កីឡាករ ក្រូអាត Dragan Cimesa ដោយពិន្ទុ និងចុងក្រោយនៅឆ្នាំ ២០២២ បានចាញ់ពិន្ទុមិត្តរួមសញ្ជាតិ Luo Chao ដែលធ្លាប់ឈ្នះកីឡាករកម្ពុជា រឿង សុភ័ណ្ឌ និង ឡៅ ចន្ទ្រា។ ចាប់ពីការចាញ់លើកចុងក្រោយនេះមក Ouyang Feng មិនដែលចាញ់ទៀតឡើយ ដោយការប្រកួត ១៥ ប្រកួតចុងក្រោយគិតត្រឹមខែ តុលា ឆ្នាំ ២០២៥ គឺរូបគេឈ្នះទាំងអស់។
គួរឱ្យដឹងថា នៅឆ្នាំ ២០២៥ កីឡាករ Ouyang Feng កំពុងមានភារកិច្ចប្រកួតក្នុងកម្មវិធីរបស់ K-1 មួយកម្មវិធីទៀត គឺជាការប្រកួតដណ្តើមខ្សែក្រវាត់ K-1 World MAX 2025 ពិភពលោក។ រូបគេបានឈ្នះកីឡាករប៉ូឡូញ Kacper Muszyński ដោយពិន្ទុ ដើម្បីឡើងទៅកាន់វគ្គ ៨ រូបចុងក្រោយ ដោយត្រូវជួបកីឡាករប្រេស៊ីល Jonas Salsicha នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដើម្បីឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ប្រវត្តិកីឡាករធ្លាប់ឈ្នះខ្សែក្រវាត់ K-1 Super Welterweight Championship
- កីឡាករអាល់ម៉ានី Marat Grigorian ពីខែកក្កដា ឆ្នាំ ២០២១៥ – ខែធ្នូ ឆ្នាំ ២០១៦
- កីឡាករបេឡារុស្ស Chinqz Allazov ពីខែមិថុនា ឆ្នាំ ២០១៧ – ខែមីនា ឆ្នាំ ២០១៨
- កីឡាករប្រេស៊ីល Minoru Kimura ពីខែមីនា ឆ្នាំ ២០២០ – ខែធ្នូ ឆ្នាំ ២០២៣
- កីឡាករចិន Ouyang Feng ពីខែធ្នូ ឆ្នាំ ២០២៣ – បច្ចុប្បន្ន
ប្រភព៖ KAMPUCHEATHMEY



