កំពូលខ្សែប្រយុទ្ធ Lionel Messi ផ្តើមបង្ហាញការគោរពចំពោះការសម្រេចចិត្តរបស់មិត្តរួមក្រុមខ្សែការពារ Jordi Alba មុនគេ ក្រោយការប្រកាសព្យួរស្បែកជើងនៅចុងបញ្ចប់រដូវកាលលីគកំពូលអាម៉េរិក (Major League Soccer) ឆ្នាំ ២០២៥។ Neymar Jr និង Luis Suarez ក្រោយមកក៏បានចូលរួមបង្ហាញការគោរព និងការលើកទឹកចិត្តដល់កីឡាករសញ្ជាតិអេស្ប៉ាញ។
ពេលថ្មីៗនេះ កីឡាករវ័យ ៣៦ឆ្នាំ អតីតខ្សែការពារប្រចាំក្លិប Barca បានបង្ហោះវីដេអូលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនរបស់គេ ប្រកាសពីការចូលនិវត្តន៍ពីអាជីពបាល់ទាត់។
បន្ទាប់ការបង្ហោះនោះភ្លាម កំពូលខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ចូលបញ្ចេញមតិ (Comment) ភ្លាមបង្ហាញអារម្មណ៍សោកស្តាយចំពោះការបន្តបាត់វត្តមានមិត្តរួមក្រុមដ៏ស្និទ្ធស្នាលច្រើនឆ្នាំពីវិស័យបាល់ទាត់ ហើយម្ចាស់ពាន World Cup 2022 ក៏បានបង្ហាញការគោរពដល់ការសម្រេចចិត្តនោះ។
«ខ្ញុំពិតជាអរគុណអ្នកខ្លាំងណាស់ ខ្ញុំប្រហែលនឹងត្រូវនឹកដល់អ្នកជានិច្ច បន្ទាប់ពីយើងបានសាងរឿងជាច្រើនរួមគ្នារួចមក។ វាប្រហែលជានឹងចម្លែកមួយ ពេលខ្ញុំសម្លឹងមើលខាងឆ្វេងដៃខ្ញុំមិនមានអ្នកនៅលើទីលានត្រង់កន្លែងនោះទៀត ហើយជារឿងដែលលីលាបំផុតពេលគិតអំពីការបញ្ជូនបាល់ល្អៗរបស់អ្នកមកខ្ញុំស៊ុតបញ្ចូលទីច្រើនឆ្នាំកន្លងមកនេះ។
តើអ្នកណានឹងអាចផ្តល់ការប៉ះបាល់ល្អដូចនេះទៀតមកកាន់ខ្ញុំ និងគាំទ្រខ្ញុំពីក្រោយដូចនេះទៀត?។»។ នេះជាការសរសេររបស់កីឡាករម្ចាស់ពាន Ballon d’Or ៨សម័យ។
ទាំង Alba និង Messi ផ្តើមអាជីពបាល់ទាត់ដំបូងនៅក្លិប Barcelona ដូចគ្នា មុនពេលពួកគេបានវិលត្រឡប់ចូលរួមលេងឱ្យក្លិប Inter Miami រួមគ្នាឡើងវិញ ក្នុងឆ្នាំ ២០២៣ លើទឹកដីអាម៉េរិក ក្រោយពីប្រកបអាជីពឈ្នះពានរង្វាន់ជាច្រើនលើទឹកដីអេស្ប៉ាញរួច។ កំពូលកីឡាករទាំង ២ រួមគ្នាលើកពាន La Liga ៥លើក, Champions League ១លើក និង Copa Del Rey ៥លើក ជាមួយគ្នា។
នៅក្លិប Inter Miami កីឡាករទាំង២ បន្តរួមគ្នាឈ្នះពានរង្វាន់ Leagues Cup ឆ្នាំ២០២៣ និង Supporters’ Shield ឆ្នាំ២០២៤ និងការបង្កើតកំណត់ត្រាថ្មីៗក្នុងលីគ MLS។ ទូទាំងអា ជីព បាល់ទាត់ខ្សែការពារ Alba បានបញ្ជូនបាល់ដល់ Messi បានត្រឹមតែ ៣៣លើកប៉ុណ្ណោះ ហើយគេជាកីឡាករទី៤ ដែលបញ្ជូនបាល់ច្រើនដល់កីឡាករអាហ្សង់ទីន បន្ទាប់ពី Luis Suarez ៦០លើក, Dani Alves ៤២លើក និង Andres Iniesta ចំនួន ៣៧លើក។ នៅរដូវ កាល២០២៦ Messi នឹងលេងការប្រកួតដោយគ្មានវត្តមានមិត្តរួមក្រុមដូចជា Sergio Busquets និង Alba ប្រកាសពីការចូលនិវត្តន៍ចុងបញ្ចប់រដូវកាល។
ចំណែកអ្នកគាំទ្រអេស្ប៉ាញ និងក្លិប Barcelona ជាច្រើននាក់បានចូលរួមបង្ហាញការគោរព និងអរគុណចំពោះពេលវេលារបស់ Alba បានចំណាយក្នុងវិស័យបាល់ទាត់។ អតីតមិត្តរួម ក្រុមនៅ Barca ខ្សែប្រយុទ្ធ Neymar Jr ក៏ដូចជា Luis Suarez ក៏បានចូលរួមបង្ហាញ ការ គោរពស្រលាញ់ដល់កីឡាករវ័យ៣៦ឆ្នាំ ចំពោះការសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់។
កីឡាករសញ្ជាតិអ៊ុយរូហ្គាយ វ័យ៣៨ឆ្នាំ បានសរសេរលើការបង្ហោះរបស់ Alba ដូច្នេះថា៖ «ប្អូនប្រុសខ្ញុំមិនដឹងត្រូវនិយាយអ្វីនោះទេ អ្នកជាមនុស្សពូកែមួយរូប សូមរីករាយចំពោះជីវិត របស់អ្នកក្រៅពីនេះ។»។
ចំណែក Neymar Jr បានលើកសរសើរពីសមត្ថភាពរបស់ខ្សែការពារសញ្ជាតិអេស្ប៉ាញ និងបានចាត់ទុកថាជាមនុស្សដ៏អស្ចារ្យមួយរូប កីឡាករប្រេស៊ីល ក៏បានបង្ហាញការគោរពខ្លាំងដល់អតីតមិត្តរួមក្រុមវ័យ ៣៦ឆ្នាំ៕
ប្រភព៖ THMEYTHMEY



