ក្រុម Ezra FC កំពុងតែបង្ហាញសមត្ថភាពមិនធម្មតាក្នុងលីគកំពូល ឡាវ Lao League 1 រដូវកាលនេះ មុនហោះមកជួបក្រុម ព្រះខ័នរាជស្វាយរៀង នៅទឹកដី កម្ពុជា សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល D ពានរង្វាន់ក្លិបទ្វីបអាស៊ី កម្រិតទី ៣ AFC Challenge League។
ជាការពិត ក្រុម Ezra FC ត្រូវបានគេមើលឃើញ ថា មិនមែនជាឧបសគ្គធំប៉ុន្មានឡើយសម្រាប់ក្រុម ព្រះខ័នរាជស្វាយរៀង នៅក្នុងការប្រកួតពូល D បើប្រៀបធៀបជាមួយក្រុម ២ផ្សេងទៀត។ ពួកគេមានគុណភាព បទពិសោធ និងសមិទ្ធផលនៅមានកម្រិត។ ទោះបីជាយ៉ាងណា ក្រុមរបស់ ឡាវ មួយនេះ ក៏មិនអាចប្រហែសបាននោះដែរ ពីព្រោះនា ២ រដូវកាលចុងក្រោយ ពួកគេធ្វើបានល្អណាស់នៅក្នុងលីគ ជាពិសេសលីគរដូវកាលថ្មីនេះតែម្តង។
រឿងគួរឱ្យចាប់អារម្មណ៍របស់ Ezra FC នៅរដូវកាលមុន ២០២៤-២០២៥ គឺពួកគេមិនបានចាញ់ទាល់តែសោះក្នុងលីគ កំពូល ឡាវ ដោយឆ្លងកាត់ការប្រកួតសរុប ១៤ ប្រកួត ឈ្នះ ១២ និងស្មើ ២ ហើយចុងក្រោយក្លាយជាក្រុមជើងឯកលីគ Lao League 1 ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ។ នៅរដូវកាលនោះដដែល ក្រៅអំពីការឈ្នះពានលីគ ពួកគេបានឈ្នះពាន Lao Cup មួយទៀត ដែលពានទី ២ ប្រចាំប្រទេស ឡាវ។
នៅរដូវកាល ២០២៥-២០២៦ ពួកគេកំពុងតែបន្តភាពខ្លាំងរបស់ខ្លួនថែមទៀត ដោយឆ្លងកាត់ការប្រកួត ៧ ប្រកួតនៅក្នុងលីគកំពូល ឡាវ ពួកគេមិនទាន់ចាញ់សោះ ក្នុងនោះឈ្នះទាំង ៧ ប្រកួតតែម្តង ហើយក៏កំពុងកាន់កាប់តំណែងកំពូលតារាងផងដែរ។ ជាមួយគ្នានេះ ពួកគេបានស៊ុតបញ្ចូលទីដៃគូបានរហូតដល់ទៅ ២៥ គ្រាប់ឯណោះ និងរបូតវិញត្រឹមតែ ២ គ្រាប់ប៉ុណ្ណោះ។
កត្តាដែលនាំឱ្យ Ezra FC ឡើងជើងខ្លាំងនា ២ រដូវកាលចុងក្រោយនេះ ដោយសារពួកគេបាននាំចូលកីឡាករល្អៗមកជួយក្រុមច្រើន។ ជាពិសេស នៅរដូវកាលនេះពួកគេបាននាំចូលកីឡាករបរទេសមកពង្រឹងក្រុម លើសពីរដូវកាលមុនរហូតដល់ទៅ ៥ នាក់។ នៅរដូវកាលមុន Ezra មានកីឡាករបរទេសត្រឹម ២ នាក់ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីពួកគេទទួលបានកៅអីចូលលេងពាន ACGL ជាលើកដំបូង គឺពួកគេបានបន្ថែមសមាសភាពកីឡាករបរទេសជាច្រើននាក់ ដូច្នេះពួកគេមានកីឡាករបរទេស ៧ នាក់ គឺកីឡាករកូរ៉េខាងត្បូង ២ នាក់ ជប៉ុន ៤ នាក់ និងថៃ ១ នាក់។
Ezra FC មានខ្សែប្រយុទ្ធ ២ នាក់គួរឱ្យចាប់អារម្មណ៍ ដែលអាចបង្កហានិភ័យ ដល់ដៃគូ ក្នុងនោះមានខ្សែប្រយុទ្ធសញ្ជាតិ ឡាវ Peeter Phanthavong និងខ្សែប្រយុទ្ធសញ្ជាតិ ជប៉ុន Koki Narita។ ពួកគេទាំង ២ នាក់ ត្រូវគេចាត់ទុកជាម៉ាស៊ីនរកគ្រាប់បាល់ដ៏សំខាន់របស់ក្រុមជើងឯកលីគកំពូល ឡាវ ដោយនៅរដូវកាលនេះ ពួកគេកំពុងឈរលើគេជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុត ពោលគឺមាន ៧ គ្រាប់ដូចគ្នា។
សរុបមក ក្រុម Ezra FC ក៏រាប់ជាក្រុមមិនអាចមើលរំលងបាននៅក្នុងពូល D ពាន ACGL ។ លទ្ធផលយ៉ាងណា នឹងដឹងច្បាស់ បន្ទាប់ពីការប្រកួតនៅ ពហុកីឡដ្ឋានជាតិ មរតកតេជោ ពីថ្ងៃទី ២៦ ខែ តុលា ដល់ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៥៕
ប្រភព៖ KAMPUCHEATHMEY



