ទី​បំផុត! Ronaldo ត្រូវបាន​ទទួលស្គាល់ ជាមហាសេដ្ឋីបាល់ទាត់ដំបូងគេបង្អស់ក្នុងលោក

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេបង្អស់នៅក្នុងពិភពលោក។ នេះបើយោងតាមក្រុមហ៊ុនព័ត៌មានហិរញ្ញវត្ថុ និង ប្រព័ន្ធផ្សព្វផ្សាយ Bloomberg។

The Bloomberg Billionaires Index ដែលជាក្រុមហ៊ុនតាមដានអ្នកមានកំពូលៗក្នុងពិភពលោក ដោយផ្អែកលើទ្រព្យសម្បត្តិជាក់ស្តែង បានធ្វើការវាយតម្លៃអំពីទ្រព្យសម្បត្តិរបស់ខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំ របស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ និង Al-Nassr ជាលើកដំបូង។

តាមរយៈការវាយតម្លៃ ដោយផ្អែកលើចំណូលក្នុងអាជីពជាកីឡាករបាល់ទាត់ បូកជាមួយការវិនិយោគផ្សេងៗ គឺ Ronaldo ត្រូវបានគេអះអាង ថា បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបខ្ទង់ ១.៤ ពាន់លានដុល្លារអាមេរិក។

Ronaldo ត្រូវបានគេនិយាយ ថា រកបានតម្លៃពលកម្មសរុបបានចំនួន ៥៥០ លានដុល្លារអាមេរិក រាប់ចាប់ពីការចាប់អាជីពជាកីឡាករ​ដំបូងក្នុងឆ្នាំ ២០០២ ដល់ឆ្នាំ ២០២៣។ ជាមួយគ្នានេះ រូប​គេ​រកបានចំណូលបន្ថែមទៀតពីការផ្សព្វផ្សាយផលិតផលផ្សេងៗ បូកជាមួយកិច្ចសន្យារយៈពេលវែងជាមួយ Nike បានចំនួន ១៨ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ដោយឡែកនៅឆ្នាំ ២០២២ នៅពេលចូលរួមជាមួយ Al-Nassr រូប​គេ​បានបំបែកកំណត់ត្រាក្លាយជាកីឡាករបាល់ទាត់រកបានតម្លៃពលកម្មច្រើនជាងគេបំផុត ដោយ​ទទួលបាន ២៣៦.៥ លានដុល្លារអាមេរិក​ក្នុង​មួយ​ឆ្នាំ។ ចំណែកកិច្ចសន្យាថ្មី​ដែលទើបបន្តជាមួយក្រុម Al-Nassr កាលពីខែ មិថុនា ឆ្នាំ ២០២៥ កីឡាករ​ទទួលបានចំនួន ៤០០ លានដុល្លារអាមេរិក ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំ។

តាមការវាយតម្លៃរបស់ Bloomberg បានបញ្ជាកយ៉ាងច្បាស់ ថា Ronaldo ពេលនេះ គឺជាមហាសេដ្ឋីម្នាក់ក្នុងពិភពលោក។ យ៉ាងណា នេះពិតជារឿងភ្ញាក់ផ្អើលមែនទែន ដែល​រូប​គេ​ជាកីឡាករបាល់ទាត់ម្នាក់ មិនត្រឹមតែមានសមត្ថភាពកំពូលនោះទេ ប៉ុន្តែថែមទាំងបានប្រើសមត្ថភាព និងភាពល្បីល្បាញរបស់ខ្លួន រហូតរកចំណូលបានខ្ទង់ពាន់លានដុល្លារអាមេរិក និងបានក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេបង្អស់ទៀតផង៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top