កីឡាការិនីហែលទឹក​​ឆ្នើម​របស់​កម្ពុជា​ កាំង​ មុយនីន​ ចូលរួម​ការ​ប្រកួត​នៅវៀតណាម​ពង្រឹង​សមត្ថភាព​

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​បញ្ជូន​គ្រូ​បង្វឹក​ កីឡាករ​ កីឡាការិនី​ សរុប​ ៣នាក់​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ឯ​ប្រទេស​វៀតណាម​ រយៈពេល​ ៣ថ្ងៃ​ចាប៉​ពី​ថ្ងៃ​ទី១០​ ដល់​ ១៣​ ខែ​តុលា​ ឆ្នាំ​២០២៥​ នៅ​ឯ​ទីក្រុង​ហាណូយ​។​

លោក ហែមថុន ពន្លឺ ដែលជាគ្រូបង្វឹក និងជាអ្នកដឹកនាំកីឡាករ កីឡាការិនីចេញទៅនេះបានឲ្យដឹងថា ឥលូវនេះគឺបានទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយ និងត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតនៅថ្ងៃស្អែកនេះ។

កីឡាការិនី កាំង មុយនីន លេងលើ ៤វិញ្ញាសា 50AP, 100BF, 200BF, 400BF ចំណែកកីឡាករ ទួន ទិត្យសត្យា គឺលេងលើ ៤វិញ្ញសាដូចគ្នាគឺ 50AP, 50SF, 100SF, 200SF។ ពួកគេនឹងចាប់ផ្ដើមប្រកួតពីថ្ងៃស្អែករហូតទៅហើយ។

គ្រូ​បង្វឹក​ខាង​លើ​បន្ត​ទៀត​ថា​ នេះ​ជា​ការ​ប្រកួត​ជា​ផ្លូវ​ការ​ថ្នាក់​ជាតិ​របស់​ប្រទេស​វៀតណាម​។​ ជា​មួយ​គ្នា​នេះ​ដែរ​ម្ចាស់​ផ្ទះ​វៀតណាម​បាន​អញ្ជើញ​ខាង​កម្ពុជា​ឲ្យ​ចូលរួម​ការ​ប្រកួត​នេះ​ផងដែរ​ ប៉ុន្តែ​មិន​មែន​ជា​ការ​ដណ្ដើម​មេដាយ​អ្វី​នោះ​ទេ។​ ការ​ប្រកួត​នេះ​គឺ​មាន​សារសំខាន់​ចំពោះ​អ្នក​ទាំង​ពីរ​បាន​វាស់ស្ទង់​សមត្ថភាព​ដែល​ខ្លួន​បាន​ហ្វឹកហាត់​កន្លង​ទៅ​ថា​មាន​ភាព​រីកចម្រើន​ដល់​កម្រិត​ណា។​ បន្ថែម​ពី​នេះ​ជា​ឱកាស​បានប្រៀបធៀប​សមត្ថភាព​របស់​ខ្លួន​ជា​មួយ​ខាង​វៀតណាម​ថា​មាន​កម្រិត​បច្ចេកទេស​ ខុសប្លែក​ ឬ​រីកចម្រើន​ជាង​គេ​យ៉ាងណា​ខ្លះ​ដែរ។​

នេះ​ជា​ការ​ប្រកួត​ដែល​អាច​ដក់​បទ​ពិសោធ​ផង​ និង​ជា​ត្រៀម​ខ្លួន​របស់​អ្នក​ទាំង​ពីរ​សម្រាប់​ឆ្ពោះ​ទៅ​ចូលរួម​ការ​ប្រកួតហែលទឹក​​ពាក់​ជើង​ទា​អាស៊ីអាគ្នេយ៍​ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ដែល​គេ​គ្រោង​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូណេស៊ីនៅ​ពេល​ខាង​មុខ​នេះ។ 

បញ្ជាក់​ដែរ​ថា​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ដែល​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ Vietnam National Swimming and Fin Swimming Championships នៅ​ឯ​ប្រទេស​វៀតណាម​នេះ​ដឹកនាំ​ដោយ​លោក​ ហែមថុន​ ពន្លឺ​ និង​មាន​កីឡាករ​ ទួន​ ទិត្យ​សត្យា​ កីឡាការិនី​ កាំង​ មុយនីន​។​ ការ​ប្រកួត​​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​​ ចាប់​ពី​ថ្ងៃទី១០​ ដល់​ ១៣​ ខែ​តុលា​ ២០២៥៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top