ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល D ពានរង្វាន់ក្លិបអាស៊ី កម្រិតទី ៣ AFC Challenge League រដូវកាលនេះ នឹងតឹងតែងខ្លាំង ដោយក្រុមនីមួយៗ សុទ្ធតែកំពុងធ្វើបានល្អរៀងៗខ្លួននៅលីគកំពូលរបស់ពួកគេដោយសុទ្ធតែឈរលើកំពូលតារាងពិន្ទុដូចគ្នា។
ក្រុម SP Falcons កាលពីរដូវកាលមុន គឺជាម្ចាស់ជើងឯកលីគកំពូល ម៉ុងហ្គោលី បន្ទាប់ពីឆ្លងកាត់ការប្រកួតសរុប ២៧ ប្រកួត ឈ្នះ ២១ ស្មើ ២ និងចាញ់ ៤ មាន ៦៥ ពិន្ទុ ឈរនៅកំពូលតារាង។ ចំណែករដូវកាល ២០២៥-២០២៦ នេះ ពួកគេកំពុងបន្តឈរនៅកំពូលតារាងទៀត ដោយឆ្លងកាត់ ៤ ប្រកួតគឺ ឈ្នះ ៤ និងស្មើ ២ មាន ១២ ពិន្ទុពេញ ឈរលើកំពូលតារាង។
ងាកមកមើលក្រុម Manila Digger FC របស់ ហ្វីលីពីន នៅរដូវកាលនេះវិញក៏មិនធម្មតាផងដែរ។ ឥឡូវនេះពួកគេកំពុងកាន់កាប់តំណែងកំពូលតារាងក្នុងលីគកំពូលហ្វីលីពីន បន្ទាប់ពីឆ្លងកាត់ ៥ ប្រកួតគឺ ឈ្នះ ៤ និងស្មើ ១ មាន ១៣ ពិន្ទុ។ យ៉ាងណា ពួកគេនៅសល់ការប្រកួតមួយប្រកួតទៀត ទល់នឹងក្រុម Cebu មុនហោះមក កម្ពុជា នៅចុងខែ តុលា។
ដោយឡែកក្រុម Ezra FC របស់ ឡាវ វិញ កំពុងតែឡើងជើងខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ២ រដូវកាលចុងក្រោយ។ នៅរដូវកាលមុន ២០២៤-២០២៥ ពួកគេមិនបានចាញ់សោះសម្រាប់ការប្រកួតក្នុងលីគកំពូល ឡាវ ដោយឆ្លងកាត់ការប្រកួត ១៤ ប្រកួត ឈ្នះ ១២ និងស្មើ ២ មាន ៣៨ ពិន្ទុ ដើម្បីក្លាយជាម្ចាស់ជើងឯកលីគកំពូល ឡាវ ជាលើកដំបូង។ ចំណែករដូវកាលនេះ ពួកគេកំពុងតែបន្តភាពខ្លាំងដដែល ដោយឆ្លងកាត់ការប្រកួត ៧ ប្រកួត កន្លងមក ឈ្នះទាំង ៧ ប្រកួត និងកំពុងស្ថិតនៅកំពូលតារាង។
ក្រុម ព្រះខ័នរាជស្វាយរៀង ដែលត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល D ពាន ACGL នៅរដូវកាលនេះ ក៏កំពុងបង្ហាញភាពខ្លាំងរបស់ខ្លួនមិនធម្មតាដែរ។ នៅរដូវកាលមុន ២០២៤-២០២៥ ពួកគេគឺជាម្ចាស់ជើងឯកលីគកំពូល កម្ពុជា បន្ទាប់ពីឆ្លងកាត់ ៣០ ប្រកួតគឺ ឈ្នះ ២៥ ស្មើ ១ និងចាញ់ ៤ មាន ៧៦ ពិន្ទុ។ ចំណែករដូវកាលនេះវិញ ក្រុមមានមូលដ្ឋានក្នុងខេត្តស្វាយរៀង កំពុងបន្តស្ថិតនៅកំពូលតារាងក្នុងលីគ ដោយឆ្លងកាត់ការប្រកួត ៦ ប្រកួតគឺ ឈ្នះ ៥ និងចាញ់ ១ មាន ១៥ ពិន្ទុក្នុងដៃ។
តាមរយៈស្ថិតិរបស់ក្រុមនីមួយៗខាងលើ បានបង្ហាញ ថា ការប្រកួតក្នុងពូល D នៃពាន ACGL ពីថ្ងៃទី ២៦ ខែ តុលា ដល់ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នឹងក្លាយជាការប្រកួតដ៏តឹងតែង គួរឲ្យចាប់អារម្មណ៍ សម្រាប់ការប្រកួតនីមួយៗ ពីព្រោះក្រុមទាំងអស់សុទ្ធតែកំពុងឡើងជើងខ្លាំង ហើយសុទ្ធតែជាជើងខ្លាំងប្រចាំលីគរបស់ពួកគេរៀងៗខ្លួន៕
ប្រភព៖ KAMPUCHEATHMEY



