កីឡាករ Maksym Pryadun សញ្ជាតិអ៊ុយក្រែនកំពុងទទួលបានការចាប់អារម្មណ៍នៅលីគបាល់ទាត់កំពូលកម្ពុជា បន្ទាប់ពីរូបគេរួមចំណែកដ៏សំខាន់ជួយឲ្យភ្នំពេញក្រោនមិនទាន់ស្គាល់បរាជ័យសោះ។
កីឡាករ Maksym Pryadun បានចូលរួមជាមួយក្លិបភ្នំពេញក្រោន កាលពីដើមរដូវកាលនេះដោយបង្ហាញខ្លូនជាផ្លូវការចំនួន ៧ ប្រកួតហើយ។ ការប្រកួតទី១ រូបគេបានបង្ហាញខ្លួនក្នុងពានបើករដូវកាលថ្មី ដោយភ្នំពេញក្រោន បានចាញ់ ព្រះខ័នរាជស្វាយរៀង តាមរយៈការទាត់កាត់សេចក្តី១១ម៉ែត្រ ៣-៥ បន្ទាប់ពីស្មើគ្នា ២-២។
ចំពោះការប្រកួត ៦ លើកដំបូងក្នុងលីគ កីឡាករ Maksym Pryadun ស៊ុតចូល ៥ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ៤ លើក ដើម្បីស្ថិតនៅលេខ ៣ ក្នុងចំណោមកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុត។ រូបគេស៊ុតចូល ក្រុមកងយោធពលខមេរភូមិន្ទ ១ គ្រាប់, ស៊ុតចូល ឡាយហ្វ ខេត្តព្រះសីហនុ ៣ គ្រាប់ និង ស៊ុតចូល គិរីវង់សុខសែនជ័យ ១ គ្រាប់។
ការរួមចំណែកដ៏សំខាន់ដល់ក្រុមនេះហើយបានផ្តល់ឲ្យរូបគេបានក្លាយជាកីឡាករល្អប្រចាំការប្រកួត ២ លើកគឺនៅពេល ភ្នំពេញក្រោន ឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ៤-៣ និងនៅពេលឈ្នះ គិរីវង់សុខសែនជ័យ ៤-១ ហើយក៏បានឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំខែសីហា។
នេះជាលើកទី ២ ក្នុងអាជីពបាល់ទាត់របស់ខ្លួនដែលកីឡាករ Maksym Pryadun បានឈ្នះពានរង្វាន់កីឡាករល្អប្រចាំខែ បន្ទាប់ពីលើកទី១ រូបគេបានឈ្នះពាននៅលីគបាល់ទាត់កំពូលអ៊ុយក្រែន។ ពេលនោះ រូបគេបានចូលរួមជាមួយក្លិប FC Zirka នាពាក់កណ្តាលរដូវកាល នៅខែឧសភា ឆ្នាំ ២០១៧ ហើយបានឈ្នះពានរង្វាន់កីឡាករល្អប្រចាំខែសីហា។
រហូតដល់ពេលនេះ កីឡាករ Maksym បានឆ្លងកាត់ក្លិបជាច្រើនគិតចាប់តាំងពីឆ្នាំ ២០១៤ រហូតដល់ ឆ្នាំ ២០២៥ ហើយក្លិប ភ្នំពេញក្រោន អាចចាត់ទុកជាផ្ទះដ៏ជោគជ័យមួយសម្រាប់ខ្លួនដោយទើបលេងបាន ៦ ប្រកួត រកបាន ៥ គ្រាប់ និងឈ្នះពានកីឡាករល្អប្រចាំខែ១លើក៕
ប្រភព៖ KAMPUCHEATHMEY



