កីឡាការិនី យាន សុខឿន និង ជិន ស្រីឡូយ ថាកក្តាដែលធ្វើឲ្យអ្នកទាំងពីរអាចឈ្នះមេដាយមាសរហូតដល់ ២គ្រឿងនៃព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នេះដោយសារការលេងយល់ចិត្តគ្នា និងសហការគ្នាបានល្អទើបអាចយកឈ្នះដៃគូដែលជាជើងខ្លាំង។
ថ្លែងក្នុងកិច្ចសម្ភាស កីឡាការិនី យាន សុខឿន និង ជិន ស្រីឡូយ មានចិត្តសប្បាយរីករាយជាខ្លាំងដែលបានឈ្នះមេដាយមាសទាំងនេះ ព្រោះប៉ះដៃគូដែលមានសមត្ថភាពខ្លាំងៗ និងមានបទពិសោធច្រើន។ ការប្រកួតប្រជែងគឺតានតឹងខ្លាំងទម្រាំអាចយកឈ្នះបាន ដូច្នេះមេដាយដែលទទួលបាននេះពិតជារំភើប។
កីឡាការិនីទាំងពីរបន្តទៀតថា ជ័យជម្នះលើកនេះគឺដោយសារតែការសហការគ្នាបានល្អ យល់ចិត្តគ្នា និងមានអ្នកបច្ចេកទេសឈរចាំផ្ដាច់ខាងមុខទៀតនោះទើបអាចឈ្នះដៃគូបាននៅវគ្គផ្ដាច់ព្រ័ត្រនេះ។
បញ្ជាក់ដែរថា សហព័ន្ធកីឡាសូហ្វតិន្នីសបានបិទបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ប្រចាំឆ្នាំ២០២៥ របស់ខ្លួនហើយកាលពីថ្ងៃទី១០ ខែតុលា នៅពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះធ្វើឡើងរយៈពេល ៥ថ្ងៃគឺចាប់ពីថ្ងៃទី៦ ដល់ ១០ តុលា ២០២៥។ ចំណាត់ថ្នាក់លេខ១ ៖សមាគមកីឡា ក្រសួងមហាផ្ទៃ (មាស ៥, ប្រាក់ ២, សំរឹទ្ធិ ១) ចំណាត់ថ្នាក់លេខ២ ៖ សមាគមកីឡា ក្រសួងការពារជាតិ (មាស ២, ប្រាក់ ៥, សំរឹទ្ធិ ៣) ចំណាត់ថ្នាក់លេខ៣ ៖ សមាគមកីឡា ខេត្តកំពង់ឆ្នាំង (មាស ២, ប្រាក់ ១, សំរឹទ្ធិ ៥) ចំណាត់ថ្នាក់លេខ៤ ៖ សមាគមកីឡា ខេត្តកណ្តាល (ប្រាក់ ១, សំរឹទ្ធិ៧) ចំណាត់ថ្នាក់លេខ៥ ៖ សមាគមកីឡា ខេត្តកំពង់ស្ពឺ (សំរឹទ្ធិ ៦)៕
ប្រភព៖ KAMPUCHEATHMEY



