Arsenal រងពិន័យជាង ៦សែនដុល្លារ ក្រោយបំពានច្បាប់លក់សំបុត្ររបស់ FA Cup

ក្លិប ​Arsenal រងការពិន័យទឹកប្រាក់ចំនួន ៥០០ ០០០ផោន(៦៦៤ ០០០ដុល្លារ) ក្រោយរកឃើញបំពានច្បាប់លក់សំបុត្រ អំឡុងការប្រកួត FA Cup ជុំទី៣ កាលពីដើមខែមករា ឆ្នាំ ២០២៥ ពេលដែលក្រុមប្រកួតស្មើ Manchester United។

បើតាមច្បាប់របស់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) ក្លិបម្ចាស់ផ្ទះមានភារកិច្ចប្រកួតក្នុងពានរង្វាន់ FA Cup នឹងត្រូវតែផ្តល់ចំនួនសំបុត្រ ១៥ភាគរយ ទៅកាន់ក្លិបគូប្រកួត ដើម្បីអនុញ្ញាតឱ្យមានអ្នកគាំទ្រក្លិបនោះអាចចូលរួមការប្រកួត។ 

តួយ៉ាង Arsenal ដែលបានប្រកួតចាញ់​ ក្រុម Man Utd ដោយការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៥-៣ ក្រោយការប្រកួត ៩០នាទីលទ្ធផលស្មើ​ ១-១ ក្នុងពានរង្វាន់ FA Cup ជុំទី៣ រដូវកាល ២០២៤-២៥ ក្លិបរហស្សនាមកាំភ្លើង មិនបានផ្តល់សំបុត្រសរុប ៩ ០០០សន្លឹក សម្រាប់អ្នកគាំទ្រក្លិប Man Utd ឡើយ។

បើតាមការប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Arsenal ផ្តល់សំបុត្រត្រឹមតែប្រមាណ ៨ ០០០សន្លឹក ប៉ុណ្ណោះ សម្រាប់អ្នកគាំទ្រក្រុមបិសាចក្រហម ដោយបានយកលេស បារម្ភពីបញ្ហាសុវត្ថិភាពក្នុងនឹងក្រៅកីឡដ្ឋាន។ ដោយឡែកបើតាមការះអាងរបស់ក្លិប Man Utd នៅក្នុងការប្រកួតនោះ ពួកគេទទួលបានសំបុត្រត្រឹមតែ ៧ ៩៥៦សន្លឹក ប៉ុណ្ណោះសម្រាប់អ្នកគាំទ្រពួកគេអំឡុងការប្រកួតនោះ។

ស្ថាប័ន FA បាននិយាយថាការពិន័យ​លើក្រុម Arsenal ត្រូវតែធ្វើ ព្រោះតែក្លិបបានបរាជ័យក្នុងការអនុវត្តតាមច្បាប់ស្តីពីការបែងចែកសំបុត្រទៅអ្នកគាំទ្រក្រុមភ្ញៀវ ក្នុងវគ្គជម្រុះនៃពានរង្វាន់ FA Cup។ តែទោះជាយ៉ាងណា ​FA នៅតែទុកពេលវេលាដល់ក្លិបកាំភ្លើងធំក្នុងការអនុវត្តតាមច្បាប់ត្រឹមត្រូវរបស់ FA Cup ត្រឡប់មកវិញក្នុងការប្រកួតវគ្គជម្រុះជុំទី៣ ក្នុងរដូវកាល ២០២៥-២៥ ដោយមិនចាំបាច់បង់ប្រាក់ពិន័យឡើយ។

«ការពិន័យនេះបានព្យួរ ដោយរង់ចាំឱ្យក្លិប Arsenal អាចសម្រេចអនុវត្តទៅតាមច្បាប់ដែលបានកំណត់ នៅក្នុងការប្រកួតជុំទី៣ សម្រាប់ពានរង្វាន់ FA Cup ក្នុងរដូវកាល ២០២៥-២៦ នេះ ព្រមទាំងការអនុវត្តនៅតាមវគ្គដទៃទៀតជាការសងត្រឡប់មកវិញ ដោយមិនចាំបាច់ត្រូវបង់ថ្លៃពិន័យអ្វីឡើយ។»។ នេះបើតាមការប្រកាសរបស់ FA៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top