សុបិនរបស់ឥណ្ឌូណេស៊ីទៅលេង World Cup 2026 ត្រូវបានរលាយក្រោយចាញ់ក្រុមអ៊ីរ៉ាក់ ១-០

ក្តីសុបិនរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ដែលចង់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ត្រូវបានបញ្ចប់ដោយការខកចិត្ត ក្រោយពួកគេប្រកួតចាញ់ក្រោមថ្វីជើងអីរ៉ាក់ លទ្ធផល​ ១-០​ ក្នុងការប្រកួតជម្រុះជុំទី៤ ទ្វីបអាស៊ី ពូល B កាលពីថ្ងៃទី១១ តុលា។

បរាជ័យប្រកួតនេះ បានធ្វើឱ្យក្រុមខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បាត់ឱកាសទៅបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ។ កីឡាករ Zidane Iqbal របស់ក្រុមអ៊ីរ៉ាក់ ជាអ្នកស៊ុតយកជ័យជម្នះ ៣ពិន្ទុ ពីដៃឥណ្ឌូណេស៊ី នៅនាទី៧៦។

ការប្រកួតជម្រុះជុំទី៤ ប្រៀបបានដូចជាការប្រកួតសំខាន់បំផុតមួយ ដោយក្រុមឈរកំពូលតារាង មកពីតាមពូលនីមួយៗនឹងមានឱកាសឈ្នះសំបុត្រទៅកាន់ការប្រកួតបាល់ទាត់ពិភពលោក លើទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក។ ចំណែកឯក្រុមលេខ ២ ពីជុំទី៤ នឹងឈ្នះកៅអីទៅកាន់ការប្រកួតអន្តរទ្វីប ដើម្បីបន្តដណ្តើមកន្លះកៅអី ទល់នឹងក្រុមឈ្នះកន្លះកៅអី មកពីទ្វីបដទៃផ្សេងទៀត ក្នុងការស្វែងរកឱកាសបង្ហាញវត្តមាននៅ World Cup 2026។

អំឡុងជំនួប អ៊ីរ៉ាក់ ប៉ះឥណ្ឌូណេស៊ី នេះ ពួកគេហាក់បីមិនខ្លាចរអាទៅនឹងក្រុមមកពីអាស៊ាននេះឡើយ ស្របពេលគ្រូបង្វឹកក្រុមអ៊ីរ៉ាក់មានទំនុកចិត្តខ្ពស់ ហើយភាគច្រើនដាក់ត្រឹមតែកីឡាករឈុតទី២ ឱ្យចូលលេង ។ ចំណែកកីឡាករសំខាន់ៗទៀត គ្រូបង្វឹកអ៊ីរ៉ាក់ បានទុកជើងសម្រាប់ការប្រកួតចុងក្រោយទល់អារ៉ាប៊ីសាអូឌីត។ ការជួបគ្នា ៥លើកចុងក្រោយនេះ អ៊ីរ៉ាក់ មិនដែលចាញ់ឥណ្ឌូណេស៊ីម្ដងឡើយ ហើយក៏ជាកំណត់ត្រាក្នុងរយៈពេល ៥២ឆ្នាំ គិតតាំងពីឆ្នាំ ១៩៧៣ មក។

សម្រាប់ការប្រកួតនេះ អាចនិយាយបានថា ជាការប្រកួតដ៏តឹងតែងមួយរវាងកីឡាករក្រុមទាំងពីរ ស្របពេលអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតជាជនជាតិចិន គឺលោក Ma Ning មិនស្ទាក់ស្ទើក្នុងការប្រគល់កាតពិន័យលើក្រុមកីឡាករ ដែលបង្កបញ្ហាលើទីលាននោះឡើយ។ ជាក់ស្តែងអាជ្ញាកណ្តាលចិនរូបនេះ បានផ្តល់កាតលឿងរហូត ៦សន្លឹក ដល់កីឡាករក្រុមទាំងសងខាង ជាពិសេសកម្តៅនៃការប៉ះទង្គិចគ្នាខ្លាំង គឺក្នុងការប្រកួតវគ្គទីពីរ ។ ក្នុងការប៉ះទង្គិចគ្នានេះ កីឡាករអ៊ីរ៉ាក់ម្នាក់ ក៏ឈានដល់ការទទួលបានកាតក្រហមផងដែរ។

ជាមួយក្តីសោកសៅ ក្នុងការបាត់បង់ឱកាសបង្ហាញវត្តមាននៅការប្រកួតបាល់ទាត់ពិភពលោកនេះ សមាជិកក្រុមជម្រើសជាតិឥណ្ឌូណេស៊ី មិនអាចលាក់អារម្មណ៍សោកស្តាយបាន ដោយភាគច្រើនពួកគេនាំគ្នាបង្ហូរទឹកភ្នែកដើរចេញពីទីលាន ក្នុងនោះក៏រួមមានលោក Patrick Kluivert ផង។

គូសបញ្ជាក់ថា អ៊ីរ៉ាក់ នឹងត្រូវបន្តដំណើរទៅជួបអារ៉ាប៊ីសាអូឌីត ការប្រកួតចុងក្រោយក្នុងពូល B នៅថ្ងៃទី១៤ តុលា ហើយក្រុមដែលឈ្នះតំណែងកំពូលតារាងនឹងឈ្នះសំបុត្រទៅ World Cup 2026 ខណៈក្រុមលេខ​ ២ មានឱកាសទៅប្រកួតជម្រុះអន្តរទ្វីប៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top