លោក Zidane ត្រូវបានគេទទួលស្គាល់ ជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់ក្នុងប្រវត្តិសាស្ត្រ Real Madrid។ លោកបានឈ្នះពាន Champions League ៣ លើក, La Liga ២ លើក និងពានមួយចំនួនទៀត ក្នុងការដឹកនាំ Real Madrid ២ លើក ដោយលើកទី ១ ពីឆ្នាំ ២០១៦ ដល់ ២០១៨ និងលើកទី ២ ពីឆ្នាំ ២០១៩ ដល់ ២០២១។
ទោះបីជាយ៉ាងណា ចាប់តាំងពីលោកចាកចេញពី Real Madrid នៅឆ្នាំ ២០២១ ក៏ធ្លាប់មានក្លិបធំៗមួយចំនួនចង់បានលោកទៅដឹកនាំផងដែរ ក្នុងនោះមាន Manchester United ជាដើម ប៉ុន្តែលោកមិនបានទទួលយកសំណើទាំងអស់នោះទេ។ ដោយឡែកថ្មីៗនេះ លោកស្រាប់តែបានបង្ហើប ថា នៅពេលអនាគតលោកមានបំណងចង់ដឹកនាំក្រុម Juventus ឬ ក្រុមជម្រើសជាតិ បារាំង។
ទាក់ទងនឹងរឿងខាងលើ លោក Zidane បានមានប្រសាសន៍ ថា៖ «ខ្ញុំប្រាកដជានឹងវិលត្រឡប់ទៅធ្វើជាគ្រូបង្វឹកវិញ។ ខ្ញុំទៅ Juventus? ខ្ញុំមិនដឹងថា ហេតុអ្វីទេ បានជាវាមិនកើតឡើង។ ខ្ញុំតែងតែមានគាត់ (Juventus) នៅក្នុងបេះដូងរបស់ខ្ញុំ ពីព្រោះគាត់បានផ្តល់ឱ្យខ្ញុំជាច្រើន។ នៅពេលអនាគត ខ្ញុំមិនដឹងទេ។ គោលដៅមួយរបស់ខ្ញុំ គឺទៅដឹកនាំក្រុមជម្រើសជាតិបារាំង… ពួកយើងនឹងរង់ចាំមើល»។
តាមរយៈការលើកឡើងខាងលើ បានបង្ហាញ ថា លោក Zidane កំពុងមានបំណងចង់វិលមកកាន់ការងារជាគ្រូបង្វឹកឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេល ៤ ឆ្នាំ។ លោកក៏មិនលាក់បាំង អំពីក្រុមដែលលោកចង់ដឹកនាំ ក្នុងនោះមានក្រុមសេះបង្កង់ Juventus ដែលលោកធ្លាប់លេងពីឆ្នាំ ១៩៩៦ ដល់ ២០២១ និងក្រុមជម្រើសជាតិ បារាំង៕
ប្រភព៖ KAMPUCHEATHMEY



