ការប្រកួតគុនចម្រុះនៅសង្វៀន GMA ឯទីក្រុងហូជីមិញ ប្រទេសវៀតណាមនោះក្រុមកម្ពុជាឈ្នះ១ និងចាញ់១ ខណៈកីឡាករ ស៊ឹម ប៊ុនស្រ៊ន់ អរគុណចំពោះអ្នកគាំទ្រដែលបារម្ភដល់ខ្លួនអំឡុងពេលចាញ់ការប្រកួតមួយនេះ។
កីឡាករ រិន សារ័ត្ន ហាក់គ្រប់គ្រងការប្រកួតមួយនេះបានល្អពិសេសជំនាញលេងលើកម្រាលរបស់គេ។ ជំនួបជាមួយកីឡាករ មីយ៉ាន់ម៉ា នេះប្រើពេលត្រឹម ១ទឹកដំបូងប៉ុណ្ណោះ សារ័ត្ន បានឃ្លេដៃរហូតគូប្រកួតសុំចុះចាញ់តែម្ដង។
ចំណែកការប្រកួតរបស់កីឡាករកម្ពុជាមួយរូបទៀតគឺ ស៊ឹម ប៊ុនស្រ៊ន់ បញ្ចប់ទៅត្រឹមទឹកទី១ ផងដែរតាមរយៈការឃ្លេករបស់ម្ចាស់ផ្ទះវៀតណាម។ ការខានប្រកួតយូរធ្វើឲ្យ ប៊ុនស្រ៊ន់ មិនសូវធ្វើបានល្អនោះឡើយ ខណៈកម្លាំងកាយក៏មើលឃើញថាចាញ់ដៃគូផងដែរ។ មុនឈានដល់ការបញ្ចប់ការប្រកួតនោះគឺ ប៊ុនស្រ៊ន់ ត្រូវដៃគូវាយកែងរហូតមានឈាមទៀតផងទើបបន្ទាប់មកចូលស្នៀតឃ្លេករបស់ដៃគូរហូតសម្រេចគោះដៃបោះបង់ការប្រកួតក្នុងទឹកទី ១នោះតែម្ដង។
យ៉ាងណាក្នុងវីដេអូបង្ហោះនៅមុននេះ ស៊ឹម ប៊ុនស្រ៊ន់ បានបញ្ជាក់ពីស្ថានភាពរបួសរបស់ខ្លួនថា មិនមានបញ្ហាអ្វីធំដុំនោះទេនៅពេលនេះខ្លួនបានមកដល់ហាងកាហ្វេសកសិកម្ម និងកសិដ្ឋានលក់កូនឈើរបស់ខ្លួនឯខេត្តកំពង់ចាមវិញហើយ។ ជីវិតអ្នកប្រដាល់តែប៉ុណ្ណឹងឯងឡើងប្រកួតមានរបួសតិច ឬច្រើនជារឿងធម្មតាទៅហើយ។ ប៊ុនស្រ៊ន់ អរគុណចំពោះអ្នកគាំទ្រដែលបារម្ភអំពីសុខទុក្ខក្រោយចាញ់ការប្រកួតនៅឯប្រទេសវៀតណាមនេះ ពោលគឺមិនមានរបួសអ្វីធ្ងន់ធ្ងរនោះទេ។
បញ្ជាក់ដែរថា ការប្រកួតនៅឯប្រទេសវៀតណាមកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះលទ្ធផល រិន សារ័ត្ន ឈ្នះកីឡាករមីយ៉ាន់ម៉ា Soe Moe Zaw ក្នុងទឹកទី១ ។ ចំណែក ស៊ឹម ប៊ុនស្រ៊ន់ ម្ចាស់ផ្ទះវៀតណាម Nguyen Hoang Thach ក្នុងទឹកទី១ នៃកម្មវិធី God Of Martial Arts (GMA) ឯទីក្រុងហូជីមិញ ប្រទេសវៀតណាម៕
ប្រភព៖ KAMPUCHEATHMEY



