ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ ន័រវែស Erling Haaland បានបង្ហាញសមត្ថភាពនៃការស៊ុតបញ្ចូលទីសឹងមិនគួរឱ្យជឿ ដោយបច្ចុប្បន្នរូបគេបានវ៉ាកំពូលកីឡាករក្នុងពិភពលោកជាច្រើន ក្លាយជាកីឡាកររកបាន ៥០ គ្រាប់លឿនបំផុតឱ្យក្រុមជម្រើសជាតិ។
Erling Haaland រកគ្រាប់បាល់បានសរុបចំនួន ៥១ គ្រាប់ហើយសម្រាប់ក្រុមជម្រើសជាតិ បន្ទាប់ពីរូបគេរកបាន ៣ គ្រាប់ (hat-trick) ជួយឱ្យ ន័រវែស យកឈ្នះលើក្រុមជម្រើសជាតិ ក្រិច ក្នុងលទ្ធផល ៥-០ នៃការប្រកួតវគ្គជម្រុះបាល់ទាត់ជើងឯកពិភពលោក World Cup ២០២៦ កាលពីថ្ងៃ សៅរិ៍ ទី ១១ ខែ តុលា ឆ្នាំ ២០២៥។
ខ្សែប្រយុទ្ធរបស់ Manchester City វ័យ ២៥ ឆ្នាំបានចាយពេលប្រកួតចំនួន ៤៦ ប្រកួត ដើម្បីរកបានគ្រាប់បាល់ ៥០ គ្រាប់ ខណៈដែលស្ថិតិនេះបានធ្វើឱ្យគាត់វ៉ាកីឡាករលំដាប់កំពូលជាច្រើនរួមមាន Harry Kane, Neymar Jr., Kylian Mbappe, Robert Lewandowski, Lionel Messi និង Cristiano Ronaldo ជាប់ជាកីឡាកររកបាន ៥០ គ្រាប់លឿនបំផុតឱ្យក្រុមជម្រើសជាតិ។
ខាងក្រោមនេះ ជាកីឡាករលំដាប់កំពូលទាំង ៧ ជាប់ឈ្មោះជាកីឡាកររកបាន ៥០ គ្រាប់លឿនបំផុតឱ្យជម្រើសជាតិ៖
- Erling Haaland (ន័រវែស) – ៤៦ ប្រកួត
- Harry Kane (អង់គ្លេស) – ៧១ ប្រកួត
- Neymar (ប្រេស៊ីល) – ៧៤ ប្រកួត
- Kylian Mbappé (បារាំង) – ៩០ ប្រកួត
- Robert Lewandowski (ប៉ូឡូញ) – ៩០
- Lionel Messi (អាហ្សង់ទីន) – ១០៧ ប្រកួត
- Cristiano Ronaldo (ព័រទុយហ្គាល់) – ១១៤ ប្រកួត៕
ប្រភព៖ KAMPUCHEATHMEY



